ខេត្តត្បូងឃ្មុំ ៖ កាស៊ីណូKING ROOSTER ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក បានបើកលេងល្បែងបញ្ជល់មាន់និងយូគីយ៉ាងគគ្រឹកគគ្រេង ហើយថ្ងៃដែលគេណាត់លេងធំជាងគេ គឺនៅថ្ងៃពុធនិងថ្ងៃសៅរ៍ ។
គេសង្កេតឃើញមានមនុស្សមកពីគ្រប់ទិសទី ច្រើនកុះករ ហើយសឹងតែ១០០ភាគរយជាខ្មែរតែម្តង ដែលបើផ្អែកតាមច្បាប់គឺអនុញ្ញាតឲ្យតែជនបរទេសចូលលេងប៉ុណ្ណោះ ។ បញ្ហាអាចនិយាយថា បានកើតឡើងដដែលៗហើយច្បាប់ហាមខ្មែរចូលលេងនោះ ហាក់ដូចជាគ្រាន់តែឱ្យល្អមើលប៉ុណ្ណោះ ព្រោះកាស៊ីណូលើដីខ្មែរមានតែខ្មែរចូលលេង ។
អ្នកញៀនល្បែងបញ្ជល់មាន់ប្រាប់ថា នៅថ្ងៃសៅរ៍ទី២៧ ខែតុលា ដែលជាថ្ងៃណាត់បញ្ជល់ធំ អ្នកលេងមាន់មានមកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងតាមបណ្តាខេត្តមួយចំនួនទៀត ។នៅបរិវេណខាងក្រៅវិញ មានសុទ្ធសឹងជាប្រភេទរថយន្តទំនើបៗ រហូតដល់ប្រភេទឡិចសុីស៥៧០ថ្មីសន្លាង ។ ម្ចាស់កាស៊ីណូនេះត្រូវបានគេស្គាលថាឈ្មោះស្រ៊ុន ត្រូវជាក្មួយរបស់លោកធំម្នាក់នៅភ្នំពេញ ។
តាមប្រភពពីអ្នកលេងល្បែងបានធ្លោយមាត់ថា មានពេលខ្លះអ្នកញៀនល្បែងបញ្ជល់មាន់ចាញ់លុយអស់រហូតដល់ម៉ឺនដុល្លារ តែមើលទៅហាក់ដូចជាគេមិនខ្ចីឈឺក្បាលឡើយ ដោយសារគេសម្បូរលុយ ដែលមិនដឹងជាអ្នករកស៊ីឬបានមកពីណាទេ ។ អ្វីដែលចាប់អារម្មណ៍នោះ គឺកាលពីព្រឹកថ្ងៃទី២៧ ខែតុលា នៅក្នុងកាស៊ីណូគេឃើញវត្តមានលោកប្រធានមន្ទីរមួយរូប នៅខេត្តត្បូងឃ្មុំ បានអង្គុយសំកុករង់ចាំលេងល្បែងបញ្ជល់មាន់ដោយទឹកមុខស្រស់ស្រាយ ដែលមិនដឹងថាចាញ់ឬឈ្នះនោះទេ ។
ប្រជាពលរដ្ឋនិយាយថា នៅក្នុងទឹកដីស្រុកពញាក្រែកនេះ កន្លងមករស់នៅដោយសុខសាន្តមិនដែលមានបាត់មាន់ទា គោក្របីទេ តែចាប់តាំងពីមានកកើតកាស៊ីណូចំនួន២កន្លែងនៅអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃមក មាន់ទាគឺបាត់ហូរហែ ។ ជាក់ស្តែងកន្លងមកនេះ សត្វពាហនៈបានបាត់ទាំងក្រោល តែដោយរថយន្តចោរជាប់ផុងទៅមុខមិនរួចក៏នាំគ្នារត់ប្រាសអាយុបាត់អស់ ដែលសង្ស័យក្រុមចោរចាញ់ល្បែងនៅកាស៊ីណូនេះទេដឹង?រហូតមកដល់ពេលនេះ អត្តសញ្ញាណម្ចាស់រថយន្តធុនធំដែលម្ចាស់រត់ចោលក៏បែរជាស្ងាត់សូន្យហាក់ដូចជារកម្ចាស់មិនឃើញ មិនដឹងថា ម្ចាស់រថយន្តដែលសន្មតថាជាចោរនោះចេះបំបាំងកាយដោយវិធីណាទេ ។
សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានសំណូមពរទៅដល់ថ្នាក់ដឹកនាំខេត្ត ឲ្យមានវិធានការជួយទប់ស្កាត់ធ្វើយ៉ាងណាមិនឲ្យខ្មែរចូលលេងល្បែង្នុងកាស៊ីណូ ព្រោះពួកគាត់ព្រួយបារម្ភខ្លាចមានអំពើហិង្សាក្នុងគ្រួសារឬអំពើចោរកម្មកើតឡើង ។ នៅល្ងាចថ្ងៃទី២៨ ខែតុលា ភ្នាក់ងារកោះសន្តិភាពមិនអាចសុំការបំភ្លឺណាមួយពីលោក ស្រ៊ុនម្ចាស់កាស៊ីណូខាងលើបានទេ ៕
ចែករំលែកព័តមាននេះ