រាជធានីភ្នំពេញ៖អ្នកនាងម៉ៅ សុចាន់ធី ដែលរស់នៅអាមេរិក បានមកកម្ពុជា ហើយបានរៀបការរួចកាលពីពេល ថ្មីៗកន្លងមក ។ មង្គលការអ្នកនាងសុចាន់ធី មិនបានត្រៀមទុកជាមុនទេ គឺរៀបចំឡើងយ៉ាងប្រថុចញ៉ុច ។
អ្នកនាងម៉ៅ សុចាន់ធី បានជួបគូព្រេងជាបុរសរស់នៅក្នុងស្រុកមានអាយុប្អូនជាងនាងដល់ទៅជាង១០ឆ្នាំឯណោះ ។ ពីដំបូងនាងស្កាត់ពីអាមេរិកត្រឹមតែមកមើលចិត្តបុរសម្នាក់នោះប៉ុណ្ណោះ ។ ទីបំផុតលើសពីការរំពឹងទុក គឺបានព្រមព្រៀងគ្នាចូលរោងការតែម្តង ។ អ្នកនាងម៉ៅ សុចាន់ធី ហាក់មិនស្ទាក់ស្ទើរចំពោះការរៀបអាពាហ៍ពិពាហ៍នេះទេដ្បិតកន្លងមកជីវិតស្នេហារបស់អ្នកនាងមិនសមប្រកបទេ គឺជួបតែការបែកបាក់ ។
ប្រមាណជា២ឆ្នាំមុននេះអ្នកនាងម៉ៅ សុចាន់ធី បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ តែក្រោយមកបានប្រកាសថាបែកគ្នាវិញ ។
ចុងក្រោយនេះបុរសវ័យក្មេងម្នាក់រស់នៅស្រុកសំឡូតខេត្តបាត់ដំបងជាអ្នកចម្ការ និងអ្នកនាងម៉ៅ សុចន្ធី បានលង់ស្រឡាញ់គ្នា ។ ចំណងស្នេហ៍ឆ្លងវេហាស៍នេះ អ្នកនាងម៉ៅ សុចាន់ធី បានស្កាត់ពីអាមេរិកមកស្រុកខ្មែរដើម្បីជួបផ្ទាល់ និងមើលចិត្តបុរសនោះ ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមក អ្នកនាងម៉ៅ សុចាន់ធី អតីតតារាភាពយន្តឲ្យដឹងថា៖ «នៅពេលនេះខ្ញុំបានសម្រេចចិត្តរៀបការតែម្តងនៅឯខេត្តបាត់ដំបងជាមួយគូស្នេហ៍វ័យប្អូនជាងដល់ទៅ១ជួរជាង ។ ស្វាមីខ្ញុំអាយុ៣០តិចតួច ដំបូងថាភ្ជាប់ពាក្យទ តែចាស់ទុំថាកុំឲ្យច្រើនដងអស់តែលុយ ការតែម្តងទៅឆាប់ចប់បើយល់ចិត្តគ្នាហើយនោះ ។
ស្តាយអត់បានហៅអ្នកសិល្បៈ បងប្អូនសារព័ត៌មាន និងមិត្តភក្តិនៅភ្នំពេញចូលរួមដោយខ្ញុំគ្រោងរៀបចំពិធីជប់លៀងខែកុម្ភៈឆ្នាំក្រោយដោយចុះមកខ្មែរម្តងទៀតរត់ការយកប្តីទៅនៅជាមួយ ។
អ្នកណាយល់បែបណាក៏មិនខ្វល់ ។ ស្នេហានាងខ្ញុំស្គាល់តាមហ្វេសប៊ុកមែន តែចិត្តថ្លើមយល់គ្នាច្រើន ។ ប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំ សារភាពត្រង់ៗទាំងដឹងថានាងខ្ញុំមានជំងឺប្រចាំកាយ នៅតែទទួលនាងខ្ញុំ ហើយថាចង់មើលថែ និងអាណិតនាងខ្ញុំ ។ លើសពីនេះគាត់អត់ដែលចេះសម្លឹងមើលឃើញអ្នកអាមេរិកជាផ្ទាំងស៊ីបសម្រាប់ប្រមាញ់លុយប្រមាញ់ទ្រព្យលោភលន់របស់គេចំណុចហ្នឹងហើយទើបនាងខ្ញុំយល់ព្រមការ…។ ម្យ៉ាងទៀតនាងខ្ញុំក៏ចាស់ ពិតណាស់ត្រូវតែមានអ្នកមើលថែ ហើយគាត់ក៏ពេញចិត្តទើបនាងខ្ញុំរៀបការ ហើយរត់ការធានាគាត់ទៅនៅអាមេរិករកការងារធ្វើជាមួយគ្នាសន្សំលុយទុកដាក់ដើម្បីដំណើរជីវិតថ្មី »។
អ្នកនាងម៉ៅ សុចាន់ធី មានក្តីស្រមៃមួយចំពោះសិល្បៈដែលនាងធ្លាប់ប្រឡូកកាលពីច្រើនឆ្នាំមុន គឺប្រសិនបើមានពេលនាងចង់ចូលរួមសម្តែងភាពយន្តទុកជាស្នាដៃចុងក្រោយ ៕

ចែករំលែកព័តមាននេះ