ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​បូកគោ​ជា​មេដែក​ទាក់ទាញ​ទេសចរ​បំផុត​នៅ​ខេត្តកំពត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ខេត្តកំពត​មាន​តំបន់​រមណីយដ្ឋាន​ចំនួន​១៧​កន្លែង ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​នោះ តំបន់​រមណីយដ្ឋាន​បូកគោ ឬ​ឋានសួគ៌​បូកគោ គឺជា​តំបន់​មេដែក​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍ ។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ខេត្តកំពត​មាន​តំបន់​រមណីយដ្ឋាន​ចំនួន​១៧​កន្លែង ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​នោះ តំបន់​រមណីយដ្ឋាន​បូកគោ ឬ​ឋានសួគ៌​បូកគោ គឺជា​តំបន់​មេដែក​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍ ។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ។

ថ្លែងប្រាប់​កោះសន្ដិភាព កាលពី​ពេល​ថ្មី​ៗ​នេះ លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​មក​ទស្សនា​កម្សាន្ដ​នៅ​ទឹកដី​ខេត្តកំពត​កើនឡើង​យ៉ាង​គំហុក ពិសេស​បន្ទាប់​ពី​បើក​ឲ្យ​ដំណើរការ​រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​នេះ ។ លោក​បញ្ជាក់​ថា ៖« កាលពី​៦​ឆ្នាំ​មុន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ប្រមាណ​ពី​៥​ម៉ឺន​ទៅ​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​កាន់​ទឹកដី​ខេត្តកំពត ប៉ុន្តែ​ចាប់ពី​បើក​ឲ្យ​ដំណើរការ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ក្នុង​អំឡុង​ឆ្នាំ​២០១២ និង​២០១៣​មក ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ ឬ​អាច​និយាយ​ថា ឡើង​យ៉ាង​គំហុក​តែ​ម្តង »​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​បន្ថែម​ថា ៖« រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ដែល​យើង​ហ៊ាន​ថា​ជា​តំបន់​មេដែក​នោះ ដោយសារ​មាន​ចំណុច​ពិសេស​ចំនួន​៥ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្នុង​នោះ​រួម​មាន ទី​១/ សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង និង​ប្រកបដោយ​ខ្យល់អាកាស​បរិសុទ្ធ ។ ទី​២/ សំណង់​បេ​តិក​ភ័​ណ្ឌ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​នៅ​ទីនោះ ទាំង​សម្រាប់​ការ​ទស្សនា​ផង និង​ស្រាវជ្រាវ​ផង ។ ទី​៣/ ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​ដ៏​ពេញ​និយម ។ ទី​៤/​ការ​រៀបចំ​សេវា​កម្សាន្ត​ថ្មី​ៗ ដូច​ជា ស្បា​, ម៉ាស្សា​, ខារ៉ាអូខេ​ជាដើម និង​ទី​៥/​ផលិតផល​ទេសចរណ៍​បែប​សាសនា ខណៈ​ដែល​ទីនោះ​បាន​នាំ​មក​នូវ​ជំនឿ​ខ្ពស់​សម្រាប់​សាសនិកជន »​។
យោង​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុង​ឆ្នាំ​២០១៧ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​១,៥​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១០% ។ ដោយឡែក​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​បាន​កើន​ក្នុង​រង្វង់​ប្រមាណ​២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

ទន្ទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ដ កើន​ឡើងជា​បន្ដបន្ទាប់​នេះ តាម​គម្រោង ខេត្តកំពត​នឹង​រៀបចំ​ឲ្យ​មាន​តំបន់ឆ្នេរ​ខ្សាច់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន បើ​ទោះជា​ខេត្ត​មាន​ឆ្នេរសមុទ្រ​ក៏​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពុំ​មាន​ឆ្នេរ​ខ្សាច់​សម្រាប់​កម្សាន្ត​នោះ​ទេ ។

បើ​តាម​លោក សយ ស៊ី​ណុ​ល បាន​បញ្ជាក់​ថា ៖« ការ​បង្កើត​ឲ្យ​មាន​តំបន់ឆ្នេរ​ខ្សាច់​ដែល​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្ត គួប​ផ្សំ​នឹង​ការ​បង្កើត​កំពង់​ផែ​ខ្នាត​អន្តរជាតិ​ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ឆ្នាំ​២០២០​នោះ គឺ​អាច​និយាយ​ថា ផលិតផល​ទេសចរណ៍​ថ្មី​ទាំង​ពីរ​នេះ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តកំពត​កាន់តែ​ច្រើន​ជាង​នេះ​ថែម​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ