ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​ៗ! បន្តរុះរើសំយាបផ្ទះ ទោះបី​មាន​ប្លង់​កម្ម​សិទ្ធ​ក៏​ដោយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​ដាក់​វិធានការ​ក្តៅ និង​បន្ត​រុះរើ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ណា​ដែល​សាងសង់​នៅ​លើ​ចំណី​ផ្លូវ​មិន​ថា ផ្លូវលំ ឬ​ផ្លូវជាតិ​នោះ​ឡើយ ។…

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​បាន​ដាក់​វិធានការ​ក្តៅ និង​បន្ត​រុះរើ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ណា​ដែល​សាងសង់​នៅ​លើ​ចំណី​ផ្លូវ​មិន​ថា ផ្លូវលំ ឬ​ផ្លូវជាតិ​នោះ​ឡើយ ។ បើ​ទោះបីជា​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ជា​យូរ​មក​ហើយ​ក៏​ដោយ​ក៏​អាជ្ញា​ធរមាន​សិទ្ធិ​កាត់ និង​រុះរើ​សំយាបផ្ទះ​បាន​ដែរ ខណៈ​ប្លង់​ខ្លះ​សង្ស័យ​មានការ​ឃុបឃិត​រវាង​ម្ចាស់​ដី និង​មន្ត្រី​ជំនាញ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​ដូចនេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ដែល​មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​សងខាង​ផ្លូវ​ខាងលើ​មានការ​អាក់អន់ស្រពន់ចិត្ត ដោយសារ​ការ​ធ្វើ​ផ្លូវ​នេះ​ប៉ះពាល់​ដល់​ដី​ផ្ទះ​របស់​គាត់​ព្រោះ​ពួក​គាត់​មាន​ប្លង់​កម្មសិទ្ធិ​រួច​ហើយ​ក៏​ដោយ ។ តែ​ការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​ខាងលើ​នេះ​មិន​មាន​បញ្ហា​ចម្រូង​ច​ម្រះ​ឱ្យ​ធំដុំ​នោះ​ទេ ដោយ​ពួក​គាត់​មិន​ហ៊ាន​នាំ​គ្នា​តវ៉ា ។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ផ្លូវ​ដោយ​កាត់​ដី​ចំណី​ផ្លូវ​នេះ គឺ​ធ្វើ​តាម​ច្បាប់ បើសិនជា​ប្រជាពលរដ្ឋ​ណា​មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​មន្ត្រី​ជំនាញ ហើយ​មានការ​រុះរើ​ប៉ះ​លោក​នឹង​បន្ត​សើរើ​ប្លង់​កម្មសិទ្ធិ​នោះ​សារ​ជា​ថ្មី​ឡើង​វិញ ប្រហែលជា​កាលពីមុន​ប្រជាពលរដ្ឋ​សូក​លុយកាក់​ឱ្យ​គេ​ទើប​ខាង​ជំនាញ​ធ្វើ​ឱ្យ តែ​ពេល​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ការ​សាងសង់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ការ​លំអ​សោភ័ណ​ភាព​ទីក្រុង​ប៉ៃលិន​ធ្វើ​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​ខេត្ត​ប៉ៃលិន​កាន់តែ​ច្រើន​កុះករ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហើប​ឱ្យ​ដឹង​ទាំង​ការ​ភ័យ​ខ្លាច​ថា ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់ ទន់ខ្សោយ មិនដឹង​ច្បាប់ទម្លាប់​អ្វី​នោះ​ទេ ដោយ​ពឹងផ្អែក​តែ​ទៅ​លើ​អាជ្ញាធរ​ជា​ពិសេស​ភូមិ​ឃុំ និង​ខាង​សុរិយោដី ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​ការ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​។ តែបើ​អាជ្ញាធរ​ត្រូវការ​អភិវឌ្ឍ​ផ្លូវ​ហើយ រួច​នាំ​គ្នា​មក​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ដីធ្លី​របស់​ពួក​គាត់ តើ​ពួក​គាត់​មាន​លុយ​ឯណា ដើម្បី​ជួសជុល​ការ​ខូចខាត​ទាំងនេះ​សារ​ជា​ថ្មី​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ