ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ក្រលំបាក​និង​និស្ស័យ​ជំរុញ​ឱ្យ​លោក​សូ លីដូ​ក្លាយ​ជា​តារា​ចម្រៀង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​សូ លី​ដូ​គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​គួរសម​ ជា​ពិសេស​បទ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​គេ​ ខណៈ​ពេល​លោក​បោះ​ជំហាន​ចូល​សិល្បៈ​ដំបូង​នោះ​គឺ​បទ​ «មនុស្ស​ពិបាក​ចិត្ដ​ជាង​គេ​ក្នុង​លោក​នេះ​»​ ។​ តើ​តារា​ចម្រៀង​រូប​នេះ​មាន​ប្រវត្ដិ​ជីវិត​បែប​ណា​​ មាន​ប្រភព​​កំណើត​នៅទី​ណា​​?​

រាជធានីភ្នំពេញ​ ៖ លោក​សូ លី​ដូ​គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​គួរសម​ ជា​ពិសេស​បទ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​គេ​ ខណៈ​ពេល​លោក​បោះ​ជំហាន​ចូល​សិល្បៈ​ដំបូង​នោះ​គឺ​បទ​ «មនុស្ស​ពិបាក​ចិត្ដ​ជាង​គេ​ក្នុង​លោក​នេះ​»​ ។​ តើ​តារា​ចម្រៀង​រូប​នេះ​មាន​ប្រវត្ដិ​ជីវិត​បែប​ណា​​  មាន​ប្រភព​​កំណើត​នៅទី​ណា​​?​

លោក​​សូ លីដូ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​តាកឹម​ ឃុំ​តា​ភេម​ ស្រុក​ត្រាំ​កក់​ ខេត្ដ​តាកែវ​ ​កើត​ថ្ងៃ​ទី​៥​ តុលា​ ឆ្នាំ​១៩៧៩​ ។​ ឪពុក​របស់​លោក​ឈ្មោះ​ ហូ​ សំអុន​ ជា​មន្ដ្រី​យោធា​នៅ​ក្រសួង​ការពារ​ជាតិ​ ម្ដាយ​ឈ្មោះ​ ចែវ​ រ៉ានី​ និង​មាន​បងប្អូន​៤​នាក់​​ ប្រុស​ទាំងអស់​ ចំណែករូប​លោក​គឺ​ជា​កូន​ច្បង​ ។​

លោក​សូ លីដូ​ រៀប​រាប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ពេល​លោក​កើត​មក​មិន​ដែល​បាន​ឃើញ​មុខ​ឪពុក​ទេ​ ឃើញ​តែ​ម្ដាយ​ដែល​នៅ​មើល​ថែ​​ ព្រោះ​ឪពុក​លោក​ជា​ទាហាន​បាន​ទៅ​ឆ្ងាយ​ពី​រូប​លោក​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ​ ហើយ​មិនដឹង​ថា​គាត់​បាត់​បង់​ជីវិត​ ឬ​ក៏​នៅ​មាន​ជីវិត​ទេ​ ព្រោះ​បាត់​ដំណឹង​សូន្យ​ឈឹង​ ។​ ម្ដាយ​របស់​លោក​ និង​រូប​លោក​មិន​សង្ឃឹម​ថា​នឹង​បាន​ជួប​មុខ​ឪពុក​របស់​លោក​វិញ​ទេ​ ព្រោះ​តែ​គាត់​ជា​ទាហាន​ ហើយ​ពេល​បែក​គ្នា​គឺ​បែក​ដោយ​សារ​តែ​សង្គ្រាម​ ។​ ជីវិត​រស់​នៅ​គ្មាន​ឪពុក​ពិត​ជា​ពិបាក​ណាស់​​ ស្គាល់​តែ​ភាព​ក្រ​អត់​ឃ្លាន​ រកព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​ ​។​ ទោះ​បី​ជា​ក្រ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ម្ដាយ​លោក​នៅតែ​តស៊ូ​បញ្ជូន​រូប​លោក​ឱ្យ​ទៅ​រៀន​នៅ​សាលា​បឋមសិក្សា​តា​កឹម​ ។​ ក្រោយ​មក​ប្រទេស​ជាតិ​មាន​សន្ដិភាព​ ឪពុក​លោក​បាន​វិល​មក​នៅ​ជុំ​គ្រួសារ​វិញ​ ។​ ថ្វី​ដ្បិត​តែ​ឪពុក​លោក​មក​វិញ​ តែ​ជីវ​ភាព​នៅ​តែ​មិន​លើស​ពី​មុន​ទេ​ ។​ ក្រោយ​មក​លោក​បាន​ចូល​រៀន​នៅ​អនុវិទ្យា​ល័យ​អង្គរកា​ និង​បន្ទាប់​មក​ចូល​វិទ្យា​ល័យ​ ១​ ឧសភា​​ ស្ថិត​ក្នុង​ស្រុក​ត្រាំ​កក់​ ខេត្ដ​តាកែវ​ ។​

បន្ទាប់​ពី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ លោក​លីដូ​មិន​បាន​បន្ដ​ការ​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​ទេ​​ ព្រោះ​តែ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក​ខ្លាំង​ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​រស់​នៅ​ភ្នំពេញ​ជា​មួយ​ម្ដាយ​មីង​ ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​គ្រួសារ​នៅ​ឆ្នាំ​១៩៩៩​ ។​

នៅ​ពេល​ចាក​ចេញ​ពី​ស្រុកកំណើត​លោក​ សូ​លីដូ​ មាន​បំណង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ ព្រោះ​វិស័យ​នេះ​លោក​ស្រឡាញ់​តាំង​ពី​នៅ​កុមារ​ម៉្លេះ​ ។​ ដូច្នេះ​ហើយ​លោក​បាន​ចូល​ហាត់​ច្រៀង​នៅ​ក្នុង​ក្លឹប​ប្រជា​នុភាព​ ។​ ដោយ​សារ​​តែ​លោក​មាន​និស្ស័យ​ពីកំណើត​ ហាត់​រៀន​បាន​តែ​៣​ខែ​ប៉ុណ្ណោះ​ ក៏​មាន​លទ្ធផល​ល្អ​ ហើយ​បាន​ដាក់​ពាក្យ​ចូល​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ និង​បៀរ​ហ្គាឌិន​នានា​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​លោក​ធូរ​ស្រាល​មួយ​កម្រិត​ ។​

ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​ចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ និង​បៀរ​ហ្គាឌិន​បាន​៥​ឆ្នាំ​ បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា​ចាប់​អារម្មណ៍​អញ្ជើញ​លោក​សូ លីដូ​ ឡើង​ច្រៀង​ជា​រឿយ​ៗ​ មិន​តែ​ប៉ុណ្ណោះ​ផលិត​កម្ម​សាន់​ដេ​ទាក់​ទង​លោក​ឱ្យ​ចូល​ច្រៀង​ដោយ​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​កាល​ពី​ឆ្នាំ​២០០៦​ ។​ នៅ​ផលិត​កម្ម​សាន់​ដេ​ លោក​ច្រៀង​បាន​ជិត​៥០​បទ​ ។​ បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ផលិត​កម្ម​សាន់​ដេមក​ លោក​លីដូ​បាន​ចូល​ច្រៀង​ឱ្យ​ផលិត​កម្ម​ប៊ីកមែន​វិញ​ ចាប់​ពី​ឆ្នាំ​២០០៩​ ដល់​ចុង​ឆ្នាំ​២០១១​ ។​ នៅ​ចុង​ឆ្នាំ​២០១១​ លោក​បាន​ឈប​់​ពី​ផលិត​កម្ម​ប៊ីកមែន​​ ហើយ​ចូល​ផលិតកម្ម​ Diamond Music វិញ​ ។​ នៅ​ក្នុង​ផលិតកម្ម​ក្រោយ​នេះ​បទ​ចម្រៀង​ដែល​កំពុង​ពេញ​និយម​មាន​ដូច​ជា​បទ​ «​ម្ដេច​ក៏​ពិបាក​ម៉្លេះ​គ្រាន់​តែ​ត្រឹម​ពាក្យ​ថា​ស្រឡាញ់​»​ ​«​ឈឺ​ចាប់​ថ្ងៃ​១៤​​ កុម្ភៈ​»​ និង​បទ​ «​មាន​ជម្រើស​ផ្សេង​ឱ្យ​បង​ទេ​»​ ជាដើម​ ។​

ក្រៅ​ពី​ច្រៀង​នៅ​ក្នុង​ផលិត​កម្ម​ Diamond Music លោក​សូ លីដូ​ឆ្លៀត​ពេល​ទៅ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ «រាត្រី​សប្បាយ​ សប្បាយ»​​ ជារៀង​រាល់​​ថ្ងៃ​ដើម្បី​រក​ចំណូល​បន្ថែម​ទៀត​ ។​ លើស​ពី​នេះ​ទៀត​ លោក​កំពុង​តែ​សន្សំប្រាក់​ដើម្បី​ចូល​ភាគ​ហ៊ុន​ជា​មួយ​មិត្ដ​ស្រី​របស់​លោក​បើក​មុខ​របរ​ផ្ទាល់​ខ្លួន​ ។​ រវាង​រូប​លោក​ និង​នារី​រូប​នោះ​បាន​ស្គាល់​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​មិន​ទាន់​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​ទេ​ គឺ​នៅ​ស្វែងយល់​ចិត្ដ​គ្នា​សិន​ ។​

លោក​សូ លីដូ​ប្រាប់​ថា​ ជីវិត​នៅ​​ក្នុង​សង្គម​សិល្បៈ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ មាន​ពេល​ខ្លះ​លោក​សឹង​តែ​បោះ​បង់​ចោល​ម្ដង​ៗ​ទៅ​ហើយ​ តែ​ចិត្ដ​ស្រឡាញ់​ ទើប​ខំតស៊ូ​គ្រប់​បែប​យ៉ាង​ជម្នះ​ឧបសគ្គ​រាប់​មិន​អស់​ រហូត​មក​ដល់​ថ្ងៃ​នេះ​ ។​ ការ​ខំប្រឹង​ប្រែង​របស់​លោក​សូ លីដូ​ គឺ​បាន​ក្លាយ​ជា​តារា​ចម្រៀង​មួយ​រូប​ ប៉ុន្ដែ​លោក​មិន​ស្កប់​ស្កល់​ត្រឹម​នេះ​ទេ​​ គឺ​នឹង​ខិតខំ​កសាង​ជីវិត​ឱ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ជាង​នេះ​ទៀត​ ៕​