តារាសម្តែងខារ៉ាអូខេ ភាពយន្ត និងចម្រៀងជាច្រើននាក់បានសម្តែងនូវបីតិសោមនស្សរីករាយរំភើបឥតឧបមានៅក្នុងរាត្រីសមោសរជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី២៥ ឧសភា ២០១៣ កន្លងទៅនេះ ក្នុងន័យប្រមូលថវិកាជួសជុលអគារសិក្សាដែលជាគំនិតផ្តួចផ្តើមពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយពួកគេបានរំលឹកពីអនុស្សាវរីយ៍ ខណៈដែលពិធីសមោសរទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ។
តារាដែលបានចូលរួមក្នុងឱកាសជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីប្រមូលថវិកាជួសជុលអគារសិក្សាមានលោកខេមរៈ សិរីមន្ត, នាងមាស សុខសោភា, នាងអីុវ៉ា, អ្នកស្រី ហ៊ឹម ស៊ីវន, លោកសួស សងវាចា, លោកចា រិទ្ធី, លោកអិុត សេដ្ឋា, លោកអឹុង រដ្ឋា ហៅទុយ, នាងឆៃ លីដាឡែន, ស៊ុន ស្រីពេជ្រ, រិន សាវ៉េត, ទេព បូព្រឹក្ស, កាឆយ, លី អីុវ៉ាធីណា និងក្រុមកំប្លែង CTN នាយពែរមី, ករុណា ពេជ្រ, នាងអូ រស្មី, នាងក្អយ, សុខ ជំនោរ, សុគន្ធ និសា, សាន ផានិត, ពេជ្រ ចន្ទបូណ៌មី, អ្នកស្រី សុខា សុធានី, អេនីហ្សាម, សំ បូលីដា…។
អ្នកនាង ខៀវ សានសាណា ពិធីការិនីល្បីឈ្មោះប្រចាំទូរទស្សន៍ CTN និង My TV បានសម្តែងនូវអារម្មណ៍ផ្ទាល់ខ្លួនថា អ្នកនាងពិតជារំភើបណាស់ និងមិនដែលគិតថា ខ្លួនឯងមានឱកាសបានមកជួបជុំមិត្តភក្តិចាស់ៗដែលធ្លាប់រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិសាជាថ្មីទៀតឡើយ ។ ឱកាសលើកនេះពិតជាកម្ររកបាន ព្រោះក្រៅពីជួបជុំមិត្តចាស់ក៏បានឃើញលោកគ្រូ អ្នកគ្រូចាស់ៗដែលជាអ្នកបង្រៀននៅមានជីវិត និងនៅតែជួយផ្តល់ចំណេះដឹងដល់អ្នកជំនាន់ក្រោយ… អ្ហា៎… ក្តីរំភើបពិតជារំជួលចិត្តខ្លាំងណាស់។
ដូច្នេះហើយ ទើបនាងខ្ញុំមិនរុញរាក្នុងការផ្តល់ថវិកាជួយកសាងសាលារៀននេះទុកដល់អ្នកជំនាន់ក្រោយឡើយ ដើម្បីបានកន្លែងអង្គុយរៀនសមរម្យ ហើយក៏សូមផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយត្រូវខំរៀនស្តាប់គ្រូ យកចំណេះដឹងចូលរួមកសាងសង្គមជាតិរបស់យើងឱ្យមានភាពរីកចម្រើនបន្តទៀត ។
កញ្ញា ឌួង ហ្សូរីដា ពិធីការិនី និងតារាម៉ូដែល សម្តែងទឹកចិត្តរបស់នាងថា នាងបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ក្នុងអំឡុងឆ្នាំ២០០០ ជំនាន់ការគ្រប់គ្រងសាលាដោយលោកគ្រូ ទេព សុគន្ធ ល្បីខាងកាច… នឹកឃើញរឿងដើមគួរឱ្យចង់សើច ប៉ុន្តែនាពេលនេះលោកនាយករបស់នាងមិនដូចមុនទេ… គាត់មានជំងឺផ្ទាល់ខ្លួនធ្វើឱ្យនាងភ្ញាក់ផ្អើលខ្លាំងណាស់ ពេលឃើញគាត់នៅរស់រានមានជីវិត។ តាមរយៈកម្មវិធីពិសេសនេះនាងពិតជារីករាយក្នុងការចូលរួម ជាថវិកាស្ថាបនាវិទ្យាល័យព្រះស៊ីសុវត្ថិឡើងវិញ ឱ្យមានអគារថ្មីស្រស់ស្អាតដល់ប្អូនៗជំនាន់ក្រោយទៀត ព្រោះពួកយើងជារៀមច្បងឆ្លងទៅផុតហើយ មានតែរលកក្រោយទេ ដែលជាទំពាំងស្នងឫស្សី សូមឱ្យប្អូនជំនាន់ក្រោយជួយថែរទាំអគារសិក្សាឱ្យបានល្អ និងខំរៀនគោរពគ្រូ និងគោរពវិន័យជានិច្ច។
ម្ចាស់បទល្បីល្បាញ «និយមន័យស្នេហ៍» លោកសាពូន មីដាដា ដែលធ្លាប់សិក្សានៅទីនេះក្នុងឆ្នាំ១៩៩៨ បាននិយាយថា លោកមិនដែលគិតថាមានឱកាសបានមកជួបជុំគ្នាច្រើនសន្ធឹកសន្ធាប់គ្រប់សិស្សតាមជំនាន់នៅសាលាស៊ីសុវត្ថិនេះសោះ លោករំភើបណាស់។ នេះពិតជាកម្មវិធីពិសេសដែលក្រៅពីដឹងគុណគ្រូ យើងនៅបានរួមគ្នាថែរក្សាអគារសិក្សាបន្តទៀតដល់អ្នកក្រោយ ។ លោកសូមជូនពរដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូដែលកំពុងតែបង្រៀននៅទីនេះមានសុខភាពល្អ អាយុវែង ដូចគ្នាចំពោះប្អូនជំនាន់ក្រោយវិញក៏ត្រូវគោរពគ្រូ ខំរៀន ដើម្បីអនាគតចូលរួមអភិវឌ្ឍប្រទេស។
អ្នកនាង យុគ ចិន្តា ដែលបានចូលរួមក្នុងកម្មវិធីពិសេសនេះ បានលើកឡើងថា អ្នកនាងមិនមែនជាសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះទេ គឺជាអតីតសិស្សនៅវិទ្យាល័យបាក់ទូកឯណោះ ។ អ្វីដែលសំខាន់ការចូលរួមនេះក្នុងគោលបំណងមកធ្វើបុណ្យកសាងសាលាជូនប្អូនៗជំនាន់ក្រោយតាមទឹកចិត្ត ដោយអ្នកនាងមិនប្រកាន់ថា ទាល់តែសាលាខ្លួនឯងទើបបានមកនោះទេ ។ អ្នកនាងសប្បាយចិត្តណាស់ដែលឃើញបងប្អូនខ្មែរយើងទាំងអស់ជួយគ្នាដោយចិត្តស្មោះ នេះជាប្រពៃណីមួយល្អណាស់ ហើយអ្នកនាងរំពឹងថា សាលាផ្សេងៗទៀតពិតជាមានកម្មវិធីបែបនេះដូចគ្នាក្នុងន័យលើកកម្ពស់វិស័យសិក្សាអប់រំ ។ ជាចុងក្រោយអ្នកនាង សូមជូនពរឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ជួបតែសំណាងល្អ សុខភាពល្អគ្រប់គ្នា ឯប្អូនៗត្រូវខំរៀនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយជួយថែទាំសាលាឱ្យគង់វង្សបន្តទៀត ។
កំពូលតារាចម្រៀងអ្នកស្រី ម៉េង កែវពេជ្ជតា បានអះអាងដែរថា នាងសូមសម្តែងការនឹករំលឹកដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយផ្តល់ចំណេះដឹងដល់នាង និងមិត្តភក្តិ ទោះជាដល់ទីណា កន្លែងណា អ្នកនាងនៅតែចងចាំជានិច្ច ពិសេសអ្នកគ្រូខាងផ្នែកសិល្បៈ ។ តាមរយៈកម្មវិធីដ៏ល្អនេះ អ្នកនាងសូមឱ្យមានបន្តទៀតជួយកសាងអគារចាស់របស់វិទ្យាល័យ ហើយពិតជាអរគុណជាពន្លឹកណាស់ដែលបងប្អូនទាំងអស់រួមគ្នាមានសន្តានចិត្តជួយគាំទ្រការជួសជុលអគារសិក្សានេះជាប្រពៃណីមួយដ៏ល្អរបស់កូនខ្មែរ និងសូមជូនពរដល់អ្នករៀបចំកម្មវិធីជួបតែសំណាងល្អ និងលោកគ្រូ អ្នកគ្រូ ទាំងអស់ឱ្យជួបប្រទះតែក្តីសុខ និងមានសុខភាពល្អដើម្បីជួយបណ្តុះបណ្តាលប្អូនៗស្រករក្រោយ៕
ចែករំលែកព័តមាននេះ