ខេត្តព្រៃវែង ៖ ក្រុមអាជីវករជាច្រើននាក់នៅក្នុងផ្សារកអណ្តើកបាននិយាយថា សព្វថ្ងៃនេះពួកគាត់មានការពិបាកខ្លាំងណាស់ ដោយសារតែគ្មានអ្នកគ្រប់គ្រងផ្សារអោយបានច្បាស់លាស់ ធ្វើអោយចោទជាបញ្ហាជាច្រើន ជាពិសេសបញ្ហាសណ្តាប់ធ្នាប់ អនាម័យ និងសន្តិសុខសុវត្ថិភាព ។
ក្រុមអាជីវករទាំងនោះបានបញ្ជាក់ថា ផ្សារកអណ្តើកនេះត្រូវបានធ្វើឡើងទៅតាមស្តង់ដារត្រឹមត្រូវ និងមានមាត់ច្រកចេញចូលធំទូលាយល្អ ប៉ុន្តែបែរជាគ្មានទ្វាបិទបើកត្រឹមត្រូវ ធ្វើអោយពួកគាត់មានការព្រួយបារម្មណ៌ជាងខ្លាំងអំពីសុវត្ថិភាពទ្រព្យសម្បត្តិរបស់ពួកគាត់ ដែលទុកនៅក្នុងផ្សារ ។ ចំណែកផ្លូវដើរក្នុងផ្សារមានអាជីវករមួយចំនួនតូចបានយករបស់ផ្សេងៗមកបិទបាំងតាមតែទំនើងចិត្តរបស់ខ្លួន ធ្វើអោយប្រជាពលរដ្ឋមិនអាចដើរឆ្លងកាត់បាន ។
លើសពីនេះទៅទៀតគឺបញ្ហាអនាម័យក្នុងផ្សារមានបន្ទប់ទឹក២ ប៉ុន្តែតាំងពីធ្វើផ្សាររួចបន្ទប់ទឹកទាំង២នោះ ត្រូវបានគេបិទចោលមិនអោយប្រើប្រាស់ ជាហេតុធ្វើអោយអ្នកផ្សារទាំងអស់ ត្រូវរត់ទៅសុំផ្ទះអ្នកស្រុកបន្ទោបង់ អ្នកខ្លះរត់ទៅមិនទាន់នាំគ្នាចូលពួនគៀនៗតូប ធ្វើអោយមានក្លិនឆ្អេះឆ្អាប ប៉ះពាល់ដល់សុខភាពជាខ្លាំង ។
ជុំវិញបញ្ហានេះលោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែកបានអោយដឹងនៅព្រឹកថ្ងៃទី២៣ តុលា ថាបញ្ហាទាំងនេះលោកទទួលស្គាល់ថា វាពិតជាកើតមានដូចក្រុមអាជីវករលើកឡើងមែន ព្រោះផ្សារកអណ្តើកនេះមិនទាន់មានគណៈកម្មការគ្រប់គ្រងផ្សារនោះទេ ហើយខាងអាជ្ញាធរឃុំស្រុកក៏មានគំរោងបង្កើតគណៈកម្មការ សម្រាប់គ្រប់គ្រងនិងដោះស្រាយបញ្ហាទាំងនោះដែរ ។
ប៉ុន្តែអំឡុងពេលនេះស្រុកកំពុងតែរៀបចំគណៈកម្មការផ្សារកំពង់ត្របែកសិន ហើយនៅឆាប់ៗខាងមុខនេះ និងបន្តទៅរៀបចំគណៈកម្មការគ្រប់គ្រងផ្សារកអណ្តើកទៀត ប៉ុន្តែចំពោះមុខ បើអាជីវករត្រូវការបែបនេះ លោកនិងចាត់អោយមន្ត្រីសាលាស្រុក និងអាជ្ញាធរឃុំចុះទៅពិនិត្យមើលសិនដើម្បីរកដំណោះស្រាយជូនអាជីវករ ៕
ចែករំលែកព័តមាននេះ