ខេត្តព្រះសីហនុ ៖ ការចាត់អ៊ុតកៅស៊ូនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចទីប្រជុំជនផ្សារវាលរេញស្រុកព្រៃនប់បានដំណើរការហើយ ចាប់ពីព្រឹកថ្ងៃទី១៩ តុលា ២០១៨នេះ ។
ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុដែលអញ្ជើញពិនិត្យផ្ទាល់មានប្រសាសន៍ថា គម្រោងជួសជុលស្ថាបនាផ្លូវខូច ក្នុងខេត្តព្រះសីហនុនឹងផ្តើមធ្វើជាបន្តបន្ទាប់ ក្រោយពេលធាតុអាកាសស្បើយទឹកភ្លៀង ។ ក្រៅពីការចាក់អ៊ុតកៅស៊ូនៅផ្លូវជាតិលេខ៤ ត្រង់ទីប្រជុំផ្សារវាលរេញកំណាត់ផ្លូវមួយចំនួនទៀតក្នុងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ដែលបានឈូសឆាយកន្លងមកក៏នឹងធ្វើជាបន្តបន្ទាប់ដែរ ។
ជាមួយគ្នានេះបើតាមលោកណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្លែងថា ផ្លូវឯករាជ្យក្នុងក្រុងព្រះសីហនុក៏នឹងចាក់អ៊ុតកៅស៊ូឆាប់ៗនេះដែរ ក្រោយផ្នែកបច្ចេកទេសរៀបសម្រួលបាតផ្លូវ និងប្រព័ន្ធលូរួចរាល់ ។ ទោះជាយ៉ាងនេះក្តីពលរដ្ឋមហាជនដែលជាញឹកញាប់លើកឡើងជាមតិយោបល់តាមបណ្តាញសង្គម Facebook បានស្នើឲ្យរដ្ឋបាលខេត្ត និងផ្នែកពាក់ព័ន្ធជួយពន្លឿនតាមដែលអាចធ្វើទៅបានក្នុងការចាក់ក្រាលបេតុងផ្លូវអូរ១,អូរ៥ តាមការប្រកាសរបស់ឯឧត្តមអភិបាលខេត្ត ដើម្បីឆាប់បានពលរដ្ឋប្រើប្រាស់ដោយងាយស្រួលឡើងវិញ ស្របពេលដែលបច្ចុប្បន្នស្ថានភាពតាមផ្លូវនេះហុយធូលីដី និងពិបាកធ្វើដំណើរដោយសារតែការជួសជុលប្រើពេលយូរពេក ។
ក្រៅពីនេះពលរដ្ឋដែលកំពុងប្រើប្រាស់ផ្លូវខូចមួយចំនួនទៀត ក្នុងក្រុងព្រះសីហនុក៏បានស្នើសុំឲ្យរដ្ឋបាលខេត្តពិនិត្យលទ្ធភាពក្នុងការសម្រួល ឬជួសជុលឡើងវិញផងដែរនារដូវប្រាំងឆ្នាំនេះ ។
ជុំវិញសំណូមពររបស់ប្រជាពលរដ្ឋអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រដ្ឋបាលខេត្តទទួលយក និងខិតខំរិះរកគ្រប់វិធីក្នុងការស្តារជួសជុលឡើងវិញជាបន្តបន្ទាប់ ហើយបន្ទាប់ពីជុសជុលចំណុចនេះ និងទៅបន្តជុសជុលផ្លូវក្នុងក្រុងបន្តទៀត និងផ្លូវសម្តេចសង្ឈពីផ្លូវបំបែកវាលរេញទៅស្ទឹងហាវ ហើយបន្តពីស្ទឹងហាវទៅរហូតដល់ទំនប់រលកតែម្តងឯកឧត្តមអភិបាលបានបតទៀតថា ចំពោះមុខប្រជុំជនវាលរេញនេះបន្ទាប់ពីជុសជុលមួយតំណាក់កាលនេះ និងមានគម្រោងចាក់អ៊ុតបេតុងកៅស៊ូពង្រីងទទឹងសង្ខាងផ្លូវម្ខាង៣ម៉ែត្របន្តទៀត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ស្របពេលដែលកំណើតរថយន្តឆ្លងកាត់មានចំនួនកើនឡើង ៕

ចែករំលែកព័តមាននេះ