រាជធានីភ្នំពេញ ៖ យុវជនជាជាងជួសជុលរថយន្តម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារតែ គាត់ធ្វើការខុសជំនាញ។ តាមពិតយុវជននោះគាត់មានជំនាញផ្នែកប្រព័ន្ធភ្លើងរថយន្តទេ ប៉ុន្តែត្រូវបានមេការ ក្រុមហ៊ុនផែស្ងួតគ្មានស្លាកយីហោមួយកន្លែងប្រើឲ្យឡើងទៅធ្វើការជួសជុលភ្លើងហ្វា នៅក្នុងក្រុមហ៊ុននោះ ដែលខូច។ ពេលនោះជាអកុសលស្រាប់តែត្រូវចរន្តអគ្គីសនីឆក់បណ្ដាល ឲ្យធ្លាក់ពីកម្ពស់ប្រហែលជាង៥ម៉ែត្រ ស្លាប់ភ្លាមៗបែបនេះតែម្ដង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនផែស្ងួតខាងលើ ដែលមានទីតាំងស្ថិតនៅតាមផ្លូវអូរដឹមកប់ស្រូវ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនរងគ្រោះ ឈ្មោះ គួយ មនោ អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ផ្នែកខាងប្រព័ន្ធភ្លើង ប្រចាំនៅក្រុមហ៊ុនខាងលើ មានស្រុកកំណើតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកទីលំនៅអចិន្ត្រៃយ៍ផ្ទះលេខ៥៧ ភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើត្រូវមេការប្រើ ឲ្យធ្វើការខុសជំនាញដោយគាត់មិនមែនជាជាងអគ្គីសនីនោះទេ គាត់គ្មានជំនាញខាងអគ្គីសនីនោះឡើយ។ គាត់គ្រាន់តែជាងជួសជុលផ្នែកប្រព័ន្ធភ្លើងរថយន្តតែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ ភ្លើងហ្វានៅក្នុង ក្រុមហ៊ុននោះបានដាច់រលត់គាត់បានឡើងទៅធ្វើការជួសជុលឲ្យភ្លឺឡើងវិញ។ ប៉ុន្តែជាអកុសល ដោយសារតែគ្មានជំនាញ ក៏ត្រូវបានចរន្តអគ្គីសនីឆក់ បណ្ដាលឲ្យធ្លាក់ពីកម្ពស់ប្រហែលជាង៥ម៉ែត្រ បណ្ដាលឲ្យស្លាប់តែម្ដង។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះដោយមិនអស់ចិត្តថាជនរងគ្រោះស្លាប់ ខាងបុគ្គលិកក្រុមហ៊ុន រួមជាមួយជាងជួសជុលរថយន្តជាមួយគ្នា បាននាំគ្នាដឹកជនរងគ្រោះតាមរថយន្ត ទ្រុង មួយគ្រឿងទៅសង្គ្រោះបន្ទាន់។ ប៉ុន្តែជាការឥតប្រយោជន៍នោះឡើយ ដោយគ្រូពេទ្យនៅគ្លីនិកមួយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ទើបនាំគ្នាដឹកសពត្រឡប់ទៅក្រុមហ៊ុនវិញ និងរាយការណ៍ជូននគរបាល ប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យមើល។
ហើយក៏បាន រាយការណ៍បន្ត ទៅនគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ។ ក្រោយមកបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ចែករំលែកព័តមាននេះ