ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! សំណុំរឿងស្ត្រី​ខ្មែ​រប្តី​អា​ល្លឺ​ម៉​ង់​ជាប់ចោទលួច​លក់​ដី​១១០០​ហិ​កតា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា បាន​លើកយក​សំណុំរឿង​អតីត​ប្រពន្ធ​ជនជាតិ​ខ្មែរ​ជាប់ចោទ​លួច​លក់​ដី​ក្រុមហ៊ុន​របស់​អតីត​ប្តី​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់​ចំនួន​១.១០០​ហិ​កតា នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា បាន​លើកយក​សំណុំរឿង​អតីត​ប្រពន្ធ​ជនជាតិ​ខ្មែរ​ជាប់ចោទ​លួច​លក់​ដី​ក្រុមហ៊ុន​របស់​អតីត​ប្តី​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់​ចំនួន​១.១០០​ហិ​កតា នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​ឈ្មោះ នួន ច័ន្ទ​មក​រា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​នៅ​ក្រៅ​ឃុំ​) ចំណែក​ដើមបណ្តឹង​ឈ្មោះ រ៉ៃ​ន័​រ ម៉ា​រី​យ៉ា វ៉ូ​ល​នី (Rainer Maria Wollny) ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ និង ជានា​យក​ក្រុមហ៊ុន​«​ដែល​តា ដាប់​ប៊ែ​ល​យូ ត្រេ​ឌី​ង​» (Delta W Trading Co., Ltd) ។ សវនាការ​ដឹកនាំ​ដោយ​លោក សេង លាង ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​លោកស្រី សុឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ឯកសារ និង​ភស្តុតាង​ថ្មី ក្នុង​ឆ្នាំ​២០១៨ ដែល​ជន​ត្រូវ​ចោទ​បាន​លួច​លក់​ដី​របស់​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ចំនួន​១.១០០​ហិ​កតា ស្ថិត​នៅ​ភូមិ​ទឹកល្អក់ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំ​ពង​ស្ពឺ ។

សំណុំរឿង​នេះ​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សម្រេច​ទទួលយក និង​បញ្ចូល​ទៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​បាន​បើក​សវនាការ​ជា​ច្រើន​លើក និង​មិន​ទាន់​បញ្ចប់​នៅឡើយ ។ អង្គ​សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​គូភាគី​ដើមចោទ និង​ចុង​ចម្លើយ រួម​ទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ទាំង​សងខាង និង​ក្រោម​ការ​ស្តាប់​ពី​សាធារណជន​ផង​ដែរ ។

សវនាការ​បាន​សាកសួរ​ដេញដោល​ទៅ​លើ​ដើមចោទ និង​ចុង​ចម្លើយ ដែល​មាន​មេធាវី​ការពារ​ក្តី​ចុងចោទ​គឺ​អ្នកស្រី នួន ច័ន្ទ​មក​រា បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​កន្លង​មក​នោះ និង​ការ​បង្ហាញ​ភស្តុតាង​បន្ថែម​ថ្មី​ៗ​ទៀត និង​មិន​ទទួលស្គាល់​នូវ​លទ្ធផល​កោសល្យវិច័យ ចុង​ក្រោយ​ដោយ​ក្រសួងមហាផ្ទៃ ទៅ​លើ​ទម្រង់​បែបបទ​ឃ្លោងឃ្លា និង​ខ្លឹមសារ​ទាំងមូល​នៃ​ឯកសារ​ដែល​អតីត​ប្តី​អា​ល្លឺ​ម៉​ង់​បាន​ចោទប្រកាន់​ថា ជា​ឯកសារ​ក្លែង​នោះ​ទៀត​ផង ។

ចុង​ចម្លើយ​គឺ​អ្នកស្រី នួន ច័ន្ទ​មក​រា បាន​ព្យាយាម​ពន្យល់ ​និង​លើក​ឡើង​ថា រឿង​នេះ​គឺជា​រឿង​ប្តី​ប្រពន្ធ​គាត់ មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ ដូច្នេះ​គ្មាន​មូលហេតុ​ណាមួយ​ត្រូវ​ចោទប្រកាន់ និង​ចាប់​គាត់​ដាក់​ពន្ធនាគារ​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ​នោះ​ទេ​ ។ ចុង​ចម្លើយ​ដែល​ក្លាយទៅជា​ជនជាប់ចោទ បាន​ទទូច​ស្នើ​សុំ​ម្តង​ហើយ​ម្តងទៀត ឲ្យ​លោក​ចៅក្រម​ធ្វើការ​ជំនុំជម្រះ​ឲ្យ​បាន​ឆាប់ ដែល​មិន​ត្រូវ​អូស​បន្លាយ​ពេលវេលា​នោះ​ឡើយ ។

ចំពោះ​សំណួរ​ដែល​បាន​ចោទសួរ​មួយ​ចំនួន ជនជាប់ចោទ​បាន​រក្សា​សិ​ទិ្ធ​សុំ​មិន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​បាន​សួរ​ហើយ​នោះ ដូច​ជា​ឯកសារ​ថ្មី​ដែល​ទើប​លួច​លក់​ដី​១.១០០​ហិ​កតា​ក្នុង​ឆ្នាំ​២០១៨ ក្រោយ​ពេល​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ និង​ឯកសារ​មោឃភាព​របស់​មេឃុំ​ជាដើម ។

ភាគី​ដើមចោទ លោក រ៉ៃ​ន័​រ ម៉ា​រី​យ៉ា វ៉ូ​លនី​(Rainer Maria Wollny) បាន​ដាក់​ចូល​នូវ​ភស្តុតាង​ថ្មី​មួយ​ចំនួន​ទៀត ជា​ពិសេស​គឺ​ភស្តុតាង​ជា​ឯកសារ​ដែល​ដើមចោទ​ចាត់​ទុក​ថា​ ជា​ឯកសារ​ប្រភព​ដើម ឬ​ជា​ឯកសារ​ច្បាប់​ដើម​ដែល​ជនជាប់ចោទ​បាន​យក​ទៅ​ក្លែង​ធ្វើ​ជា​កំណត់ហេតុ​ប្រជុំ (​ចុះ​ថ្ងៃ​ទី​១ មក​រា ២០១៤) និង​ជា​លិខិត​ប្រគល់​សិ​ទិ្ធ​(​ចុះ​ថ្ងៃ​ទី​៣ មក​រា ២០១៤) ឲ្យ​នាង​មាន​សិ​ទិ្ធ​ក្នុង​ការ​ចាត់ចែង​លក់​ដី​ទាំងមូល​របស់​ក្រុមហ៊ុន ហើយ​យក​លុយ​ទាំង​អស់នោះ​ទៅ​ដាក់​ក្នុង​ហោប៉ៅ​ម្នាក់ឯង ។

ភាគី​ដើមចោទ​បាន​បង្ហាញ​ភស្តុតាង​ជា​ឯកសារ​ពីរ​ផ្សេង​ទៀត ដែល​បញ្ជាក់​ថា ឈ្មោះ នួន ច័ន្ទ​មក​រា ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​នៃ​ការ​លួច​លក់​ដី​របស់​ក្រុមហ៊ុន​ប្រាកដ​មែន ។ ក្រៅពី​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​មួយ​ចំនួន​របស់​ក្រុមហ៊ុន ដែល នួន ច័ន្ទ​មក​រា ផ្ទេរ​ទៅ​ឲ្យ​ភាគី​ទី​៣​ដោយ​គ្មាន​ភាព​ស្របច្បាប់​នោះ គឺ​ឯកសារ​កិច្ចព្រមព្រៀង​លក់​ដី​នៅ​ភូមិ​ទឹកល្អក់ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ១.១០០​ហិ​កតា ឲ្យ​ទៅ​ឈ្មោះ សុង ហេង ដោយ​មាន​ស្មា​ម​មេដៃ​របស់​អ្នកស្រី និង​ប្អូនប្រុស នួន ច័ន្ទ​សត្យា លោក​ស្មៀនឃុំ កៀត សា​ខន និង​ហត្ថលេខា និង​ត្រា​របស់​លោក​មេឃុំ​ដំបូក​រូង ខៀវ វ​ណ្ណា​ផង​ដែរ ។

អ្នកស្រី នួន ច័ន្ទ​មក​រា បាន​ស្នើ​សុំ​ឲ្យ​លោក​មេឃុំ​ធ្វើ​មោឃភាព​ចោល​ទៅ​លើ​លិខិត​ផ្ទេរ​សិ​ទិ្ធ​កាន់
កាប់​ដី ចំពោះ​អ្នក​ដែល​បាន​ទិញ​ដី​មួយ​ចំនួនដែល​មិន​ទាន់​បាន​បង់លុយ​បង្គ្រប់ ។ មិន​តែប៉ុណ្ណោះ ជនជាប់ចោទ​នៅ​បន្តសកម្មភាព​ល្មើស ដោយ​មិន​ខ្លាចញញើត​អ្វី​ឡើយ ទោះបីជា​ត្រូវបាន​​នគរ​បាល​​ព្រហ្ម​ណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន និង​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ ព្រមទាំង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស មួយរ​យៈមក​ក៏​ដោយ ។

គួរ​រំឭក​ទៀត​ថា អ្នកស្រី នួន ច័ន្ទ​មក​រា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​កាត់ក្តី រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ទើប​មានការ​អនុ​ញ្ញ​ត​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​សភា​សើុ​បសួរ​​សាលាឧទ្ធរណ៍ ។

ប៉ុន្តែ​ជនជាប់ចោទ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ មិន​ត្រួ​វ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ត្រូវ​បង្ហាញមុខ​នៅ​ពេល​មាន​ដីកា​កោះហៅ ។ ក្រោយ​ពី​ចប់​ការ​សាកសួរ​ដេញដោល ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​សវនាការ​បន្ត​ទៅ​ថ្ងៃ​ទី​១២ ខែតុលា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ