ទីក្រុងឡុងដ៍ ៖ អង្គការនៃប្រទេសនាំចេញប្រេង(OPEC) បានបង្កើនទិន្នផលប្រេងតែបន្តិចប៉ុណ្ណោះកាលពីខែកញ្ញា ព្រោះតែការធ្លាក់ចុះនៃការនាំចេញប្រេងអ៊ីរ៉ង់ ។
អង្គការនេះបូមប្រេងបាន៣២,៨៥លានធុងក្នុង១ថ្ងៃកាលពីខែកញ្ញា ច្រើនជាងចំនួនកាលពីខែសីហាប្រមាណ៩ម៉ឺនធុងក្នុងមួយថ្ងៃ ។ ប៉ុន្តែសមាជិកជាប្រទេសទាំង១២បែរជាមើលឃើញទិន្នផលធ្លាក់ចុះ៧ម៉ឺនធុងក្នុងមួយថ្ងៃទៅវិញ ព្រោះតែការធ្លាក់ចុះនៃការនាំចេញប្រេងអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ។
តម្លៃប្រេងបានបន្តកើនឡើងនៅឆ្នាំនេះ ព្រោះតែមានការគិតថាការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ នឹងសាកល្បងលើសមត្ថភាពរបស់OPECក្នុងការរកប្រេងជំនួស បើទោះជា OPECបានព្រមព្រៀងគ្នាកាលពីខែមិថុនាថា នឹងបង្កើនទិន្នផលប្រេង បន្ទាប់ពីទទួលបានសម្ពាធពីលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) ពិតមែនក្តី ។
តម្លៃប្រេងបានកើនដល់ ៨២,៣២ដុល្លារក្នុងមួយធុងកាលពីថ្ងៃចន្ទដែលជាតម្លៃខ្ពស់ជាងគេតាំងពីឆ្នាំ ២០១៤មក ។
លោក Norbert Rücker មកពីJulius Baer បានឲ្យដឹងថា ស្ថានការផ្គត់ផ្គង់ប្រេងមានភាពទន់ខ្សោយណាស់ ហើយរាល់ការធ្លាក់ចុះដូចជាការធ្ងន់ធ្ងរឡើងនៃស្ថានការណ៍ក្នុងប្រទេសវេណេស៊ុយអេឡា នឹងរឹតបន្តឹងដល់ការផ្គត់ផ្គង់ប្រេង ។
ការព្រមព្រៀងគ្នារវាងសមាជិក OPEC រួមជាមួយនឹងប្រទេសផលិតប្រេងដទៃដូចជា រុស្ស៊ីកាលពីខែមិថុនា តម្រូវឲ្យប្រទេសចូលរួមគោរពទៅតាមការសន្យាកាត់បន្ថយទិន្នផលប្រេងដែលចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០១៧មក ។
អារ៉ាប៊ីសាអូឌីតបានប្រព្រឹត្តផ្ទុយពីការសន្យាថានឹងកាត់បន្ថយទិន្នផលប្រេង៤៨៦.០០០ធុងក្នុងមួយថ្ងៃទាំងស្រុង ប៉ុន្តែវាមិនបានប៉ះពាល់ដល់ទីផ្សារប្រេងទេ ព្រោះតែការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងអ៊ូរ៉ង់ វេណេស៊ុយអេឡា និងអង់ហ្គោឡាជាដើម ៕
ចែករំលែកព័តមាននេះ