ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ថ្ងៃ​ដំបូង​អូស​ផ្ទះ​វៀតណាម​បណ្តែត​ទឹកបាន​ជាង​១០០​ខ្នង​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​ទី​១ ខែតុលា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​កិច្ច​បើក​យុទ្ធនាការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត ឲ្យ​ទៅ​កាន់​ដីគោក​ដែល​រៀបចំ​បម្រុង​ទុក​ដោយ​អាជ្ញាធរ​ខេត្ត គឺ​បាន​ចំនួន​ជាង​១០០​ខ្នង​ផ្ទះ​ដែរ​មិន​តិច​ទេ ។ អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​សហការ​ពី​ម្ចាស់​លំនៅ​ឋាន​ដើម្បី​ឱ្យទាន់​ឱកាស​ទឹកទន្លេ​កំពុង​នៅ​ខ្ពស់…

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​ទី​១ ខែតុលា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​កិច្ច​បើក​យុទ្ធនាការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត ឲ្យ​ទៅ​កាន់​ដីគោក​ដែល​រៀបចំ​បម្រុង​ទុក​ដោយ​អាជ្ញាធរ​ខេត្ត គឺ​បាន​ចំនួន​ជាង​១០០​ខ្នង​ផ្ទះ​ដែរ​មិន​តិច​ទេ ។ អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​សហការ​ពី​ម្ចាស់​លំនៅ​ឋាន​ដើម្បី​ឱ្យទាន់​ឱកាស​ទឹកទន្លេ​កំពុង​នៅ​ខ្ពស់ ងាយ​ក្នុង​ការ​អូស​ចល័ត​លើ​ផ្ទៃ​ទឹក ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ក្នុង​ពេល​កំពុង​រៀបចំ​ការ​រុញ​អូស​ផ្ទះ​បណ្ដែត​ទឹក ដោយ​មាន​ប្រសាសន៍​ថា ការ​រៀបចំ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ គឺ​ចង់ឱ្យ​​​មាន​បរិស្ថាន​ទឹក​ល្អ ព្រោះ​កន្លង​មក ដោយសារការ​រស់នៅ​លើ​ទឹក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ដូច​ជា​ការ​បន្ទោបង់ ការ​បោះចោល​សំរាម​ធ្វើ​ឱ្យ​ទឹក​គគ្រិច ហើយ​យើង​នាំ​គ្នា​បូមទឹក​នោះ​យកទៅ​​បរិភោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ជាដើម​។

បញ្ហា​មួយទៀត អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ច្រាំង​ទន្លេ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ដូច​ជា​ការ​រៀបចំ​បែ​ចិ​ញ្ជឹ​ម​ត្រី ធ្វើ​សួនផ្កា​ជាដើម ។ ហេតុនេះ​ហើយ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​បំ​លាស់​ទី​ទៅ​កាន់​ទីកន្លែង​ដែល​បាន​រៀបចំ​បម្រុង​ទុក ។ តាម​ការប្រមាណ​ពី​ដំបូង មាន​ចំនួន​ជាង៧០​ហិ​កតា ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង​មាន​ត្រឹមតែ​ប្រមាណ​៣៥​ហិ​កតា​ប៉ុណ្ណោះ ។ នៅ​ទីតាំង​ថ្មី អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ធ្វើ​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក ដាក់​ប្រព័ន្ធ​ទឹក​ស្អាត ដាក់​ភ្លើងអគ្គិសនី មាន​សាលារៀន​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ថា ថ្ងៃ​ដំបូងដែល​ចាប់ផ្ដើម​អនុវត្ត​ទូ​ទាំង​ខេត្ត ការ​អូស​ផ្ទះ​បំលាស់​​ទី​នៅ​៦​គោលដៅ​មាន ស្រុក​ជល​គិរី ស្រុកកំពង់ត្រឡាច និង​ស្រុក​បរិបូណ៌​បាន​ចំនួន​១១៥ខ្នង​​ផ្ទះ ។ ការ​ធ្វើ​បំ​លាស់​ទី​តាម​គោលដៅ​នេះ គឺ​តាម​សំណូមពរ​របស់​ម្ចាស់​ផ្ទះទឹក​ដែល​ថា ពួក​គាត់​នៅកន្លែង​​ណា​សុំ​បំ​លាស់​ទី​ឡើងគោក​នៅ​ទីនោះ ។ ប៉ុន្តែ​បើ​តាម​ផែនការ គឺ​ពួក​គាត់​ត្រូវ​មក​តាំងទី​នៅ​កន្លែង​តែ​មួយ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។

លោក​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត លោក​សូម​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ទាំងអស់ ចូលរួម​សហការ​គ្នា​ដើម្បី​អូស​ផ្ទះ​បណ្ដែត​ទឹក ទាន់​ទឹកទន្លេ​នៅ​កំពុង​ខ្ពស់ ងាយស្រួល​ក្នុង​ការ​អូស ។ ម្យ៉ាងវិញទៀត បើ​យើង​រុះរើ​នៅ​ខែប្រាំង​នឹង​នាំ​ឱ្យ​ខូចខាត ព្រមទាំង​ចំណាយ​ច្រើន ។

ជា​ចុង​ក្រោយ លោក​អភិបាលរង​ខេត្ត បាន​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​សំណាក់​ម្ចាស់ផ្ទះ​ផង​ដែរ ព្រោះ​ការ​ធ្វើ​បំ​លាស់​ទី​ទៅ​កន្លែង​ថ្មី អាច​មានការ​យឺតយ៉ាវ​ក្នុង​ដាក់​ប្រព័ន្ធ​អគ្គិសនី​និង​ប្រព័ន្ធ​ទឹក​ស្អាត​ជាដើម ។

សូម​បញ្ជាក់​ថា អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន​២.៣៩៥​គ្រួសារ គិត​ជា​ចំនួន​មនុស្ស​១​ម៉ឺន​៨៧​នាក់ ។ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​អូស​ផ្ទះ​បណ្ដែត​ទឹក​ទូ​ទាំង​ខេត្ត​បាន​ចំនួន​១១៥​ខ្នង​ផ្ទះ ហើយ​ក្នុង​នោះ ក្រុង​កំពង់ឆ្នាំង​បាន​៧​ខ្នង ឃុំ​តា​ជេស​បាន​២០​ខ្នង ឃុំ​ព្រែក​រាំង​២៥​ខ្នង ស្រុក​បរិបូណ៌ ១០​​ខ្នង ស្រុក​កំពង់ត្រឡាច​បាន​៤៤​ខ្នង និង​ស្រុក​ជល​គិរី បាន​ចំនួន​៣​ខ្នង ។

បើ​តាម​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ថ្លែង​ថា យុទ្ធនាការ​នេះ​បាន​អនុវត្ត​និង​ជូនដំណឹង​​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដែល​ប្រតិបត្តិការ​នេះ​ប្រើប្រាស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ដើម្បី​បំ​លាស់​ទី​ផ្ទះ​ជនជាតិ​វៀតណាម ដោយ​ធ្វើ​យ៉ាងណា​នៅ​ចុងឆ្នាំ​២០១៨​នេះ​ឱ្យ​រួចរាល់ មិន​អនុញ្ញាត​ឲ្យ​មានការ​មក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទៀត​ទេ ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន បញ្ជាក់​ថា ការ​រុះរើ​ផ្ទះ​ជនជាតិ​វៀតណាម​ឲ្យ​ទៅ​នៅ​លើគោក​នេះ មាន​កិច្ចសហការ​ជាមួយ​សមាគម​វៀតណាម​នៅ​កម្ពុជា ព្រោះ​សមាគម​វៀតណាម បាន​សហការ​ជាមួយ​ដៃគូ​ឯកជន ដើម្បី​ផ្ដល់​ទីតាំង​សម្រាប់​តាំងទី​លំនៅ​របស់​ជនជាតិ​វៀតណាម​ទាំង​អស់នោះ ។

លោក​អភិបាលខេត្ត បាន​លើក​ឡើង​ថា កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើន​ជាង
គេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង និង​នៅ​តំបន់​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ហើយ​​ក្រៅពី​នោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេង​ៗ​ទៀត ។

កន្លង​ទៅ នៅ​ពេល​អាជ្ញាធរ​ចេញ​សេចក្ដីជូនដំណឹង និង​នៅ​ពេល​អនុវត្ត​ការងារ​នេះ ក៏​មានការ​តវ៉ា​ពី​ក្រុម​ជនជាតិ​វៀតណា​ម​ដូច​គ្នា​ដែរ ប៉ុន្ដែ​អាជ្ញាធរ​បាន​ប្រើប្រាស់​វិធានការ​រដ្ឋបាល​យ៉ាង​តឹង​រុ​ឹ​ង​បំផុត ដើម្បី​បន្ដ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

យ៉ាងណាមិញ សម្រាប់​ការ​ផ្លាស់​ទី​នេះ​ត្រូវ​បាន​លោក​អភិបាលខេត្ត​អះអាង​ថា ជនជាតិ​វៀតណា​ម​ទាំង​អស់នោះ ត្រូវ​នៅ​ចម្ងាយ​ពី​កន្លែង​ចាស់ប្រមាណ​១​គីឡូម៉ែត្រ ហើយ​ខ្លះ​ទៀត​ត្រូវ​កំណត់​ឲ្យ​ទៅ​រស់នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ដែលមាន​ទំហំ​ដី​រហូត​ដល់​៤០​ហិ​កតា ផ្ដល់​ដោយ​សមា​គម​វៀតណាម សហការ​ពី​ដៃគូ​ឯកជន ដោយ​ជួល​ឲ្យ​ពួក​គេ​ស្នាក់​នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ