ខេត្តពោធិ៍សាត់ ៖ យុវតីអាយុ១៧ឆ្នាំម្នាក់បានត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច ខណៈពេលបញ្ឆោតទៅមើលចំការល្ងរក្នុងព្រៃជើងភ្នំចេក ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១៤និង២០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរឲ្យដឹងដែរថា ជនសង្ស័យឈ្មោះ ចេន អង់ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ចំណែកយុវតីរងគ្រោះអាយុ១៧ឆ្នាំ ។
ទាក់ទិននឹងករណីរំលោភខាងលើនេះ លោកអធិការបានសាកសួរសាម៉ីខ្លួនដោយប្រាប់ឲ្យដឹងថា នៅថ្ងៃនោះបុរសជាឪពុកចុងបានបបួល និងឌុបនាងជាកូនប្ដីមុនទៅមើលចំការល្ងរនៅចំណុចខាងលើ ប៉ុន្តែពេលទៅដល់គាត់មិនបានមើលចំការទេ ដោយគាត់នាំនាងឡើងទៅលើខ្នងភ្នំថា ដើររកថ្នាំរួចក៏ចុះមកក្រោមវិញ។
លោកអធិការបន្តថា លុះមកដល់ជើងភ្នំមានអូរទឹកមួយ ពេលនោះឪពុកចុងបានចាប់នាងរំលោភរហូតសម្រេច ទោះបីខំរើបំរាស់ និងអង្វរ.កយ៉ាងណាក៏ដោយ។ ក្រោយពេលចាប់រំលោភរួច គាត់ឌុបនាងមកផ្ទះវិញ ហើយបានឲ្យលុយនាងចំនួន៣០,០០០រៀលជាថ្នូរកុំឲ្យនិយាយប្រាប់ម្ដាយ និងសាច់ញាតិ ប៉ុន្តែនាងនៅតែប្រាប់ម្ដាយ តែដោយម្តាយមិនអើពើ ក៏ទៅប្រាប់ជីតា ទើបបែកការណ៍តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាឪពុកចុងបានឆ្លើយថា ខ្លួនមិនបានរំលោភទេ គ្រាន់តែចាប់ឱបថើបនាងប៉ុណ្ណោះ។ ទោះមានការឆ្លើយបែបនេះក៏ដោយ សមត្ថកិច្ចនៅតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ