ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​7​លើ​ពិភពលោក​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​បាន​ធនាគារពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល​ដល់​ប្រជាជន ដោយ​ជាប់​ចំណាត់ថ្នាក់​ទី​៧​នៅ​លើ​ពិភពលោក ក្នុង​របាយការណ៍​ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៧ ។ លោក ជា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​បាន​ធនាគារពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល​ដល់​ប្រជាជន ដោយ​ជាប់​ចំណាត់ថ្នាក់​ទី​៧​នៅ​លើ​ពិភពលោក ក្នុង​របាយការណ៍​ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៧ ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ស្តី​ពី អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ និង​ធានា​រ៉ាប់រង ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេ​ស្គូ​ល (CamEd Business School) នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​២៩ កញ្ញា កន្លង​មក ។

លោក​ទេសាភិបាល​ថ្លែង​បន្ដ​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​បច្ចុប្បន្ន វិស័យ​ធនាគារ ក៏​ដូច​ជា​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ក្នុង​នោះ​រួម​មាន វិស័យ​មូលប័ត្រ វិស័យ​ធានា​រ៉ាប់រង និង​សោធន បាន​រួម ចំណែក​ផ្តល់​សេវា​ហិរញ្ញវត្ថុ ព្រមទាំង​ពង្រឹង​ការ​ជឿជាក់ និង​ភាព​ច្បាស់លាស់​ចំពោះ​អនាគត​របស់​ប្រជាជន ។ លោក​បញ្ជាក់​ថា ៖« គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ទ្រព្យសកម្ម​វិស័យ​ធនាគារ​មាន​ទំហំ​ប្រមាណ​១៦០%​នៃ​ផ​.​ស​.​ស​, ឥណទាន​ចំពោះ​វិស័យ​ឯកជន​មាន​កម្រិត​១០០%​នៃ​ផ​.​ស​.​ស ហើយ​ប្រាក់​បញ្ញើ​មាន​កម្រិត​៩៣%​នៃ​ផ​.​ស​.​ស​។ ចំណែកឯ​ទន់បម្រុង​អន្តរជាតិ​បាន​បន្ត​ពូន​គរ​ជា​លំដាប់ ដែល​បច្ចុប្បន្ន​អាច​ធានា​បានការ​នាំ​ចូល​ទំនិញ​និង​សេវា​បាន​ប្រមាណ​៦​ខែ ដែល​ស្មើនឹង​២​ដង​នៃ​កម្រិត​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​(៣​ខែ​) ។ ម្យ៉ាងទៀត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយ​ប្រជាជន​ពេញវ័យ​ប្រមាណ​៦៧% កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ »​។

នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស ស្គូ​ល លោក ខេ​ស៊ី បា​ណេ​ត បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​២០០៣​មក វិទ្យាស្ថាន​បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បណ្តុះបណ្តាល​និស្សិត ACCA​និង​CAT​ជា​ច្រើន​ជំនាន់​រួច​មក​ហើយ ។ ក្នុង​នោះ វិទ្យាស្ថាន​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​នូវ​កាលានុវត្តភាព​ដល់​សាធារណជន​ទូទៅ​ដោយ​ផ្ដោត​សំខាន់​លើ​គុណភាព​ជា​ចម្បង ជា​ពិសេស​ចំពោះ​គុណភាព​គ្រូបង្រៀន និង​កម្មវិធី​សិក្សា ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​មាត្រដ្ឋាន​ជាតិ និង​អន្តរជាតិ ។ លោក​បន្ដ​ថា ៖« ការ​រីក​ចម្រើន​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​រួមចំណែក​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​សម្រាប់​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​វិស័យ​នេះ​នឹង​បន្ដ​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​និង​ប្រយោល​យ៉ាងច្រើន​ថែម​ទៀត​នា​ពេល​ខាង​មុខ​ក្នុង​ស្ថានភាព​ដែល​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​ខ្ពស់​រឹង​មាំ »​។

ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ស្តីទី លោក ឆា​រស៍ វ៉ា​ន់ បាន​ថ្លែង​កន្លង​មក​ថា សុខភាព​ក្នុង​វិស័យ​នេះ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយសារ​កំណើន​នៃ​តម្រូវការ​ឥណទាន និង​លំហូរ​សាច់ប្រាក់​ស្ថិត​ក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន និង​មាន​កំណើន​ល្អ​ប្រសើរ ។ លោក​បន្ត​ថា ៖« ធនាគារ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ព្រោះ​ធនាគារ​ដើរតួ​នាទី​ជា​អ្នក​ផ្តល់​លំហូរ​សាច់ប្រាក់​ក្នុង​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ និង​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន​យ៉ាង​ល្អ​ប្រសើរ »​។ លោក​ថា ៖« បើ​ទោះជា​វិស័យ​នេះ​មានការ​ប្រកួតប្រជែង​កើនឡើង ប៉ុន្តែ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​ទេ ដោយសារ​ធនាគារ​នីមួយ​ៗ​បាន​គោរព​ក្រមសីលធម៌​របស់​ពួក​គេ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​កត់សម្គាល់​ឃើញ​ថា ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​មានកា​រវិ​វត្ត​ល្អ​ប្រសើរ ដោយសារ​ការ​ចូល​មក​ដល់​នៃ​ធនាគារ​ថ្មី ដែល​បាន​នាំ​យក​ធនធានមនុស្ស ជំនាញ និង​បច្ចេកវិទ្យា​ថ្មី​ៗ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​រីក​ចម្រើន និង​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន ព្រោះ​ពេល​ពួក​គេ​នាំ​យក​បច្ចេកវិទ្យា​ថ្មី​ចូល​មក ពួក​គេ​នឹង​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា ដើម្បី​បម្រើ​សេវាកម្ម ក៏​ដូច​ជា​ជួយ​សម្រួល​ប្រព័ន្ធ​ទូទាត់​បាន​យ៉ាង​រលូន ។ លោក​បន្ត​ថា ៖« ជា​ទូទៅ សុខភាព​ក្នុង​វិស័យ​នេះ​នៅ​តែ​ល្អ កម្រិត​ឥណទាន​មាន​កំណើន​អាច​គ្រប់គ្រង​បាន និង​ឥណទាន​មាន​បញ្ហា ក៏​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​ប្រសើរ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ