ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​… រឿង​យុត្តិធម៌​ស្មើ​ដូច​ម្រាមដៃ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បែកធ្លាយ​រឿង​បុគ្គលិក​អគ្គិសនី​២​នាក់ ដែល ទើបនឹង​ចូល​បំរើ​ការងារ ជំរិត​ទារ​លុយ​៨​ពាន់​ដុល្លារ​ពី​អតិថិជន​សុំ​ត​ភ្លើង​នៅ​ម្តុំ​ផ្សារ​ក្រឡាញ់ ហើយ​តថ្លៃ​គ្នា​សុំ​បាន​នៅ​សល់​ត្រឹម​៣.៥០០​ដុល្លារ បែរជា​លោក​ប្រធាន​រត់ការ​ទៅ​អគ្គនាយក​ឱ្យ​នៅ ចំណែក​បុគ្គលិក​នៅ​ជិត​១០​ឆ្នាំ​ម្នាក់ ទៅ​ត​ភ្លើង​អតិថិជន​ឱ្យ​១៥០​ដុល្លារ…

ខេត្តសៀមរាប ៖ បែកធ្លាយ​រឿង​បុគ្គលិក​អគ្គិសនី​២​នាក់ ដែល ទើបនឹង​ចូល​បំរើ​ការងារ ជំរិត​ទារ​លុយ​៨​ពាន់​ដុល្លារ​ពី​អតិថិជន​សុំ​ត​ភ្លើង​នៅ​ម្តុំ​ផ្សារ​ក្រឡាញ់ ហើយ​តថ្លៃ​គ្នា​សុំ​បាន​នៅ​សល់​ត្រឹម​៣.៥០០​ដុល្លារ បែរជា​លោក​ប្រធាន​រត់ការ​ទៅ​អគ្គនាយក​ឱ្យ​នៅ ចំណែក​បុគ្គលិក​នៅ​ជិត​១០​ឆ្នាំ​ម្នាក់ ទៅ​ត​ភ្លើង​អតិថិជន​ឱ្យ​១៥០​ដុល្លារ បែរជា​ដក​ចេញពី​ក្រប​ខណ្ឌ​កាលពី​ប៉ុន្មាន​ខែ​មុន​។

បើ​តាម​ប្រភព​ពី​អ្នករាយការណ៍​ចេញពី​ក្នុង​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ឈ្មោះ សែ​ម រតនៈ ភេទ​​ប្រុស បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ រៀបរាប់​ថា នៅ​ថ្ងៃ​ទី​១៦ ខែសីហា​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​អង្គភាព​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​អគ្គិសនី​កម្ពុជា ដែល​មាន​ចំណារ​ឯកភាព​ចុះហត្ថលេខា ដោយ​ផ្ទាល់​ពី​ឯកឧត្តម កែវ រតនៈ ទទួល​បន្ទុកអគ្គិសនី​កម្ពុជា ដោយ​គេ​ចោទប្រកាន់​មក​លើ​រូប​លោក​ថា យក​រថយន្ត​របស់​អង្គ​ភាព​ទៅ​ជិះ​ដើរ​លេង​ផឹកស៊ី​សាធារណៈ ខណៈ​ពេល​នោះ​រូប​ខ្ញុំ ក៏​បាន​ទទួលកំហុស និង​ព្រម​ធ្វើ​កិច្ចសន្យា ជាមួយ​អង្គភាព​រួចរាល់​អស់ហើយ​ដែរ​។

លោក​បាន​រៀបរាប់​បន្ត​ថា ក្រោយមក​មាន​ករណី​អតិថិជន​បាន​ប្តឹង​ចោទ​ខ្ញុំ​ថា យក​លុយ​ពី​គេ​ចំនួន​១៥០​ដុល្លារ ដើម្បី​ដាក់​ពាក្យ​ត​ភ្លើង​ថ្មី​ឱ្យ​គាត់ ដែល​មាន​កម្លាំង ២Px២០A ខណៈ​​ពេល​នោះ​ខ្ញុំបាទ​បាន​រៀបចំ​ដាក់​ជូន​គាត់​រួចរាល់​ផង​ដែរ​។ ហើយ​ទឹកប្រាក់​ដែល​នៅ​សល់​ចំនួន​៥០​ដុល្លារ​ប៉ុណ្ណោះ ចំពោះ​ករណី​នេះ​មិនមែន​រូប​ខ្ញុំបាទ ទៅ​ជី​រិ​ត​ទារប្រាក់​ពី​គាត់​នោះ​ទេ គឺ​គាត់​ប្រើ​ឱ្យ​បងប្អូន​គាត់​មក​ពឹងពាក់​រូប​ខ្ញុំ​ឱ្យ​ជួយ​ទេ ចុង​ក្រោយ​បែរជា​ខ្ញុំ​មានទោស ជំរិត​ទារ​លុយ​គេ​ទៅ​វិញ​។

ពីព្រោះ​បុគ្គល ដូច​រូប​ខ្ញុំ​នេះ នៅ​ក្នុង​ខេត្តសៀមរាប ទាំងមូល ភាគច្រើន​ឱ្យ​តែ​មាន​បញ្ហា​រឿង​អគ្គិសនី គឺ​គេ​តែងតែ​មក​រក​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​នៅ​ជិត​មេ​ស្រាប់ ។ សូ​ម្បី​តែ​លោកស្នងការ​នគរបាល​ខេត្ត ឱ្យ​តែ​គាត់​មាន​បញ្ហា​រឿង​ភ្លើង គាត់​តែងតែ​ខ​លម​ករក​ខ្ញុំ​ឱ្យ​ជួយ​ចុះ​ទៅ​មើល​ភ្លើង​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ បុគ្គលិក​អគ្គិសនី​សៀមរាប ចំនួន​២​រូប បាន​ទៅ​ជំរិត​ទារ​លុយ​ពី​អតិថិជន​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ តាំង ប៊ុ​ន ហៃ ដែល​មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ហើយ​មាន​ទីតាំង​ប្រើប្រាស់​អគ្គិ​សនី​លេខ​កូដ ១៩៣០២២០A ដោយ​ទាមទារ​តម្លៃ​ត​ភ្លើង ចំនួន ៨០០០​ដុល្លារ​គត់​។

ក្រោយមក​ម្ចាស់​សុំ​ចរចា​បាន​នៅ​សល់​ត្រឹមតែ​៣៥០០​ដុល្លារ​គត់ ហើយ​ក៏​ឯកភាព​គ្នា​ចាប់​ផ្តើម​ចូល​ត​ភ្លើង​ភ្លាម​។ បន្ទាប់​មក​ម្ចាស់ផ្ទះ​ក៏​បាន​ឯកភាព ដើម្បី​ត​ខ្នែង​ខ្សែ​មេ ABC (មាន​​ន័យ​ថា ខ្សែ​ធំ​ខ្មៅ​) ចូល​ទៅ​ក្នុងផ្ទះ​ល្វែង របស់​គាត់​ចំនួន​៤​ល្វែង ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ​។

តើ​អ្នក​ដែល​ជំរិត​ទារ​លុយ​ពី​អតិ​ថ​ជន​នេះ​ខុស​ឬ​ត្រូវ? បើ​តាម​គោលការណ៍​របស់​អគ្គិសនី​កម្ពុជា ដែរ​ឬទេ? ព្រោះ​កន្លង​មក​មិន​ដែល​មាន​ទេ នៅ​ក្នុង​អង្គភាព​អគ្គិសនី ទើបតែ​បុគ្គ​លិក​ថ្មី​២​នាក់​នេះ​ទេ ដែល​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​កើតឡើង​ផ្អើល​ពេញអង្គ​ភាព​បែប​នេះ ហើយ​គ្មាន​មេ​ណា​ដក​ចេញ​ទៀត នេះ​បាន​ចំ​ជា​ខ្សែ​ធំ​មែន​។

លោក​បាន​រៀបរាប់​ថា បើ​តាម​ប្រភព​ចេញពី​ក្នុង​អង្គភាព​ដែល​គេ​ស្រឡាញ់​រាប់អាន​ខ្ញុំ លួច​ខ្សឹប ប្រាប់​ថា លោក​ប្រធាន​កំពុង​ដុតដៃដុតជើង ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពួក​គេ​ទាំង​២​នាក់ កុំឱ្យ​ថ្នាក់លើ​ដក​ចេញពី​ក្របខ័ណ្ឌ​អគ្គិសនី​កម្ពុជា ដូច​រូប​ខ្ញុំ ដោយ​យក​លេស​ថា បុគ្គលិក​ទាំង​២​នាក់​នោះ គឺជា​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចុះ​ជួយ​ខេត្តពោធិ៍សាត់​។

បើ​គិត​ពី​រឿង​គណៈបក្ស​វិញ រូប​ខ្ញុំបាទ សែ​ម រតនៈ ចូល​ធ្វើការ​តាំងពី​ជំនាន់​អតីត​លោក​ជាម កោ​សេន ប្រធាន​អគ្គិសនី​ចាស់ អាណត្តិ​ទី​១ រហូត​ដល់​អាណ​តិ្ត​ទី​៦ គឺ​មានមុខ​រូប​ខ្ញុំ​រហូត តើ​ហេតុ​អ្វី គ្រាន់តែ​ខុស​បន្តិច គេ​ដក​ខ្ញុំ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​អគ្គិសនី​កម្ពុជា? គឺ​ជំនាន់​លោក គង់ ពុ​ទ្ធី ប្រធាន​អគ្គិសនី នៅ ហើយ​ទើប​មក​កាន់​បាន ១​អាណត្តិ ក៏​ត្រូវ​ថ្នាក់​លើ​ប្តូរ​ទៅ​នៅ​ភ្នំពេញ​វិញ ឥឡូវ​មក​មេ​ថ្មី ឈ្មោះ គង់ ផល្លា ទើបបាន​ជំនួស​លោក គង់ ពុ​ទ្ធី បាន​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គង់ ពុ​ទ្ធី ប្រធាន​អគ្គិសនី​ចាស់​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដើម្បី​សួរ​ពី​មូលហេតុ ប៉ុន្តែ​​ទាក់ទង​អត់​បាន ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​។ ចំណែក​ប្រធាន​​អគ្គិសនី ទើប​ឡើង​ថ្មី កោះសន្តិភាព មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ដោយ​មិន​ទាន់​បាន​ស្គាល់​លេខ​ទូរស័ព្ទ​។ រីឯ​ម្ចាស់ផ្ទះ​ដែល​ត្រូវ​មន្ត្រី​អគ្គិសនី​ជំរិត​ទារ​លុយ​៨០០០​ដុល្លារ​នោះ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ