រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ពេលជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាដើម្បីទៅវេនកាន់បិណ្ឌនៅវត្តជួបគ្រោះថ្នាក់ដោយជិះម៉ូតូទៅបុកគូទរថយន្តដែលកំពុងតែឈប់ចតលើដងផ្លូវ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ចំណុចផ្លូវបេតុង ក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះទាំង៣នាក់ខាងលើឈ្មោះផាន គិន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ បានស្លាប់ ចំណែកប្រពន្ធឈ្មោះសុខ ហុង អាយុ៦៨ឆ្នាំ បានរងរបួសធ្ងន់ និងចៅស្រីឈ្មោះថុន ថារ័ត្ន អាយុ១៥ឆ្នាំ បានរងរបួសស្រាល ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ។
ដោយឡែក រថយន្ត ដែលឈប់ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៧០៤១ ជារថយន្តដឹកកម្មកររោងចក្រ មានម្ចាស់ឈ្មោះអឿន អឿ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ កើតហេតុ ។
តាមព័ត៌មានអោយ ដឹងថា នៅព្រឹកមុនពេលកើតហេតុ ជនរងគ្រោះរួមទាំងប្រពន្ធ និងចៅស្រី បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១HC-២៥៥៩ ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត គោលបំណងទៅវេនកាន់បិណ្ឌ ។
លុះមកដល់កន្លែងកើតហេតុ ដោយសារតែចាំងនឹងថ្ងៃរះ ក៏បានជ្រុលចង្កូតទៅបុកគូទរថយន្តដែលឈប់ចតស្ងៀមលើផ្លូវដើម្បីជួសជុល និងមិនបានដាក់ស្លាកសញ្ញាសម្គាល់នោះទេ ។ តាមព័ត៌មានអោយដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ បណ្តាលអោយតា យាយ រងរបួសធ្ងន់ ចំណែកចៅស្រីបានរងរបួសស្រាល ។
ភ្លាមៗ ត្រូវបានប្រពលរដ្ឋនាំគ្នាហៅរថយន្តសាមុយរបស់មណ្ឌលសុខភាពពន្សាំងមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈដែរ ដោយសារតែស្ថានភាពរបួសធ្ងន់ពេកបុរសជាប្តីក៏បានស្លាប់បាត់បង់ជីវីតតែម្តង ។
តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗនគរបាលពុំបានដឹងនោះទេ រហូតដល់ម៉ោងប្រមាណជិត១០ព្រឹកថ្ងៃដដែលទើបដឹងករណីខាងលើ ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន ។
ចំណែកម៉ូតូនិងរថយន្ត ត្រូវបាននគរបាលចរាចរណ៍ នាំយកទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នមពេញ ដើម្បីដោះស្រាយ ៕
ចែករំលែកព័តមាននេះ