ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ព្រមានអភិបាលមណ្ឌលគិរី បើ​មិនមើលព្រៃឈើ​ទេ​ចៅហ្វាយខេត្តនឹងមានរឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ដល់​អភិបាល​មណ្ឌលគិរី​ដែល​បណ្តោយ​ឱ្យ​ឈ្នួល​ខិលខូច​កាប់​ឈើ និង​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ។ ការ​ព្រមាន​ចំ​ៗ​ទៅ​កាន់​លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ដល់​អភិបាល​មណ្ឌលគិរី​ដែល​បណ្តោយ​ឱ្យ​ឈ្នួល​ខិលខូច​កាប់​ឈើ និង​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ។

ការ​ព្រមាន​ចំ​ៗ​ទៅ​កាន់​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​របស់​សម្តេច​នេះ បន្ទាប់​ពី​សម្តេច​បានឃើញ​រូបភាព​នៃ​ការ​បាត់បង់​ព្រៃឈើ​ដោយសារ​ជនខិលខូច​លួច​កាប់ និង​ដឹក​ចេញពី​ក្នុង​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង ហើយ​ត្រូវ​ថត​តាម​រយៈ​ផ្កាយ​រណប​រួច​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក​សម្តេច​បញ្ជាក់​ថា «​គេ​ថត​តាម​ផ្កាយ​រណប អត់​មាន​លាក់​អី​ជិត​ទេ ។ គេ​ឡាយ​ឲ្យ​យើង​មើល អាណា​ដឹកឈើ​នៅ​ត្រង់​ណា​គេ​ដឹង និង​មើលឃើញ​ទាំងអស់ ។ តាម​ដឹង​ការ​ដឹកឈើ​គឺ​នៅ​ខេត្តមណ្ឌលគិរី​» ។

សម្តេច ស ខេ​ង ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ៖ «​ឥលូវ​សុំ​ផ្តាំ​ទៅ​អភិបាល​មណ្ឌលគិរី​សុំ​ឲ្យ​មើល​(​ព្រៃឈើ​) បើ​មិន​មើល​ទេ​ចៅហ្វាយខេត្ត​នឹង ក៏​មានរឿង​ដែរ ។ មិនមែន​ត្រឹមតែ​មើល​ទេ គឺ​ត្រូវ​ដោះស្រាយ​ផង​ដែរ​»​។

សម្តេច​បន្ត​ថា ក្នុង​ច្បាប់​ព្រៃឈើ​កន្លង​មក​មិន​បាន​ផ្តល់​អំណាច​ដល់​រដ្ឋបាល​ដល់​គណៈ​បញ្ជាការ​ឯកភាព​របស់​ក្រសួងមហាផ្ទៃ​ដែល​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​នោះ​ទេ ។ ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​រដ្ឋបាល​ព្រៃឈើ​តែ​ប៉ុណ្ណោះ ។ ដើម្បី​រក្ស​ព្រៃឈើ​ឲ្យ​បាន​ច្រើន​គង់វង្ស​សម្តេច​ក្រឡាហោម​ក៏​បាន​ជំរុញ​ឲ្យ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គ្រប់គ្រង​ព្រៃឈើ ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​ត្រូវ​កែសម្រួល​ច្បាប់​ព្រោះថា អាហ្នឹង​ជា​ផលប្រយោជន៍​ជាតិ មិនមែន​របស់​លោក​ឯង​ទេ ។ លោក​ឯង​មិនមែន​កើតមក​យក​ព្រៃឈើ​មក​ទេ ប៉ុន្តែ​យើង​មានកា​ព្វ​កិច្ច​ការ​ពារ​សម្បត្តិ​ធម្មជាតិ​ដែល​មាន​លើ​ទឹកដី​មាតុភូមិ​យើង​» ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា សម្ដេច​នឹង​ជំរុញ​ឲ្យ​បាន​ឆាប់​ការ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​គ្រប់គ្រង​ព្រៃឈើ​ដើម្បី​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ​ដែល​មាន​ផល់​ប៉ះពាល់​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ។

សម្ដេច​បាន​បញ្ជាក់​ដែរ​ថា ៖«​បច្ចុប្បន្ន​នេះ​ច្បាប់ការពារព្រៃឈើ​ពុំ​បាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែនដី​ដែល​បាន​ធ្វើ​ឲ្យ​ជនខិលខូច​មួយ​ចំនួន​កាប់​ឈើ​ខុសច្បាប់​នាំ​ចេញ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រទេស​កម្ពុជា​» ។

សម្ដេច​បាន​បញ្ជាក់​បន្ត​ថា នៅ​ក្នុង​អាណ្តិ​ត​រដ្ឋាភិបាល​ថ្មី​នេះ សម្ដេច​នឹង​ជំរុញ​ការ​កែប្រែ​ច្បាប់​នេះ​ជា​ចាំបាច់​ដើម្បី​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច ដើម្បី​រួម​គ្នា​ទប់ស្កាត់ ការពារ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ