ខេត្តក្រចេះ ៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវជាបងប្អូននឹងគ្នា ដែលនគរបាលកំណត់ថាជាមុខសញ្ញារកស៊ីជួញដូរមនុស្សទៅក្រៅប្រទេស ត្រូវបានចាប់ខ្លួន និងបញ្ជូនបន្តទៅឃុំខ្លួននៅពន្ឋនាគារ បន្ទាប់បានពីបើកការស៊ើបអង្កេតបឋមមួយពីនគរបាលប្រឆាំងការជួញដូរមនុស្ស ហើយរកឃើញថា ជនសង្ស័យទាំង២នាក់នេះធ្លាប់ធ្វើសកម្មភាពលក់ក្មួយស្រីបង្កើតឲ្យទៅបុរសជនជាតិចិន នៅប្រទេសចិនកាលពី២ឆ្នាំមុន។
![Picture]()
នគរបាលជំនាញប្រឆាំងការជួញដូរ បានឲ្យដឹងថា ក្រោយការបើកការស៊ើបអង្កេត និងនាំខ្លួនមកសាកសួរជនសង្ស័យប្រុស ស្រីទាំង២នាក់បងប្អូនបង្កើតនេះត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសខុសច្បាប់ជួញដូរមនុស្សឆ្លងដែន និងបទក្លែងឯកសារ ហើយក៏ត្រូវបានតុលា ការឃុំខ្លួនពួកគេទាំង២នាក់នៅពន្ឋនាគារខេត្តនៅរសៀលថ្ងៃទី២១ កញ្ញា ។
![Picture]()
ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស លោកស្រីវរសេនីយ៍ឯក នៅ រតនា បានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ២១ឆ្នាំ ត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យទាំង២នាក់ មានទីលំនៅឃុំកំពង់ដំរី ស្រុកឆ្លូង បានរងគ្រោះដោយត្រូវពួកគេល្បួងយកទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិន តាមរយៈខ្សែបណ្តាញរបស់ពួកគេតាំងពីឆ្នាំ២០១៦ ។
![Picture]()
លោកស្រីស្នងការរងបន្តឲ្យដឹងទៀតថា នារីរងគ្រោះបានរងគ្រោះដោយជនសង្ស័យទាំង២នាក់ខាងលើជួញដូរយកទៅលក់ឲ្យបុរសជនជាតិចិនចំនួន២ដង។ រហូតមកទល់នឹងពេលនេះ នារីរងគ្រោះមានផ្ទៃពោះចំនួន៨ខែ និងត្រូវបានបញ្ជូនមកស្រុកកំណើតវិញកាលពីពាក់កណ្តាលឆ្នាំ២០១៨។
![Picture]()
ជនសង្ស័យប្រុស ស្រីជាបងប្អូនបង្កើតទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះពៅ សារ៉ាត់ ភេទប្រុស អាយុ ៤៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៥៥ឆ្នាំ ។ ជនសង្ស័យទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតរបស់ម្តាយនារីរងគ្រោះ។
![Picture]()
នគរបាលបានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់នេះបានល្បួងនារីរងគ្រោះយកទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិនតាមរយៈខ្សែបណ្តាញរបស់ពួកគេនៅប្រទេសចិន។
![Picture]()
ជនសង្ស័យថែមទាំងបានក្លែងឯកសារមួយចំនួនសម្រាប់សម្រួលដល់ការឆ្លងដែនរបស់នារីរងគ្រោះទៅប្រទេសចិន។ ពេលទៅដល់ប្រទេសចិន នារីត្រូវបានបង្ខំឲ្យយកប្តីជនជាតិចិន និងត្រូវរងការវាយធ្វើបាបពីប្តីជនជាតិចិន ហើយនារីរងគ្រោះបានរត់គេច តែក៏ត្រូវពួកគេលក់បន្តទៅឲ្យបុរសជាជនជាតិចិនម្នាក់ផ្សេងទៀតនៅប្រទេសចិន។ ដោយសារអត់ទ្រាំនឹងការវាយធ្វើបាបពីសំណាក់ប្តីជាជនជាតិចិនលើកទី២នេះមិនបាន នារីរងគ្រោះក៏បានរត់ទៅរកអាជ្ញាធរដើម្បីឲ្យជួយ ហើយក៏ត្រូវបានអាជ្ញាធរចាត់បញ្ជូនមកស្រុកវិញផងដែរ។
នគរបាលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលជាង២ឆ្នាំដែលនារីរងគ្រោះត្រូវបានជនសង្ស័យជួញដូរឲ្យទៅយកប្តីចិននៅក្រៅប្រទេស ហើយនារីរងគ្រោះមិនបានទទួលប្រាក់កម្រៃអ្វីនោះទេ ដោយសារលុយទាំងអស់នោះត្រូវបានជនសង្ស័យទាំង២នាក់បងប្អូននេះយកអស់។
អ្វីដែលគួឲ្យអាសូរនោះ គឺចុងក្រោយនារីរងគ្រោះគ្មានសល់អ្វីក្រៅពីមានកូនក្នុងពោះ ដែលជិតគ្រប់ ខែដោយគ្មានអ្នកទទួលខុសត្រូវឡើយ៕
ចែករំលែកព័តមាននេះ