ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រង​គ្រោះ​ដោយ​ទឹកជំនន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ចំនួន​៣៩០​គ្រួសារ បាន​រង​ការ​ប៉ះពាល់ ។ ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួ​សារបាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ស្នាក់​នៅ​តាម​ផ្ទះ​របស់​បងប្អូន ដោយសារ​ស្ថានភាព​ទឹកជំនន់​កាន់តែ​ឡើង​ខ្ពស់ ។ នេះ​ជា​របាយ​ការ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ចំនួន​៣៩០​គ្រួសារ បាន​រង​ការ​ប៉ះពាល់ ។ ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួ​សារបាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ស្នាក់​នៅ​តាម​ផ្ទះ​របស់​បងប្អូន ដោយសារ​ស្ថានភាព​ទឹកជំនន់​កាន់តែ​ឡើង​ខ្ពស់ ។

នេះ​ជា​របាយ​ការ​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ចុះ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ។ ទាក់ទង​នឹង​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​របាយការណ៍​ចុះ​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​មានស្រុក​ចំនួន​០៦ ឃុំ​សង្កាត់​ចំនួន​១៦ និង​ភូមិ​ចំនួន​២៩ បាន​រង​ផល​ប៉ះពាល់ ដោយសារ​ទឹកជំនន់​ក្នុង​នោះ​មាន ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​មាន​ចំនួន​៣៩០​គ្រួសារ ស្មើនឹង​១៦៨៥​នាក់ ។

ដោយឡែក​នៅ​ប្រជាពលរដ្ឋ​ចំនួន​២៣១​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ប្រជាពលរដ្ឋ​ចំនួន​២៦៩​គ្រួសារ​ផ្សេង​ទៀត​បាន​ចាកចេញ​ទៅ​រស់នៅ​តាម​ផ្ទះ​បងប្អូន ។ លោក​បាន​បន្ត​ថា នៅ​ក្នុង​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ខាងលើ​នេះ សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ឆ្លើយ​តប​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​២៤៨​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​១.១០១​នាក់ និង​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​២៦២​គ្រួសារ​ទៀត គឺ​ស្មើនឹង​មនុស្ស​ចំនួន​៥៨៤​នាក់​ទៀត សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​កំពុង​ស្វែងរក​ស្បៀងអាហារ ដើម្បី​ធ្វើការ​ចែក​ជូន និង​សង្គ្រោះ​ដល់​ពួក​គាត់​នៅ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ។

ចំពោះ​គ្រោះ​ទឹកជំនន់​ខាងលើ​នេះ​ដែរ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នឹង​ធ្វើការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​បាត់បង់​ជីវិត និង​ដាច់​បាយ​ដោយសារ ការ​មិន​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​នោះ​ឡើយ ។

សម្រាប់​ក្រុង​កំពង់ឆ្នាំង​វិញ​នៅ​កំពង់​ផែ​ថ្មី​ក្នុងភូមិ​ចុង​កោះ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​វិញ​បាន​លិច​ជា​បណ្តើ​រហើយ​តាម​ការប្រមាណ​ទឹកបាន​ឡើង​កម្ពស់​ជាង​០,១០​ម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​ទម្រាំ​ដល់​ចេញ​វស្សា​ទឹកនឹង​ឡើង​ខ្ពស់​ជាង​នេះ ឬ​អាច​ដល់​កម្ពស់​ប្រកាស​អាសន្ន ។

យោង​របាយ​ការ​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១​ខែកញ្ញា ឆ្នាំ​២០១៨ ទឹក​នៅ​ស្ថានីយឧតុនិយម​មាត់ទន្លេ​ផ្សារ​ក្រោម​ទឹក​មាន​កម្ពស់​១០,៤២​ម៉ែត្រ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​ថ្ងៃខែ​ដូច​គ្នា​នេះ ទឹក​មាន​កម្ពស់​៨,៩០​ម៉ែត្រ ។ សម្រាប់​ខេត្តកំពង់ឆ្នាំង​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​មាន​កម្ពស់​១១​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ