ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងស្រុក​ចំនួន​៤

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្រោម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កណ្តាល នា​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ…

ខេត្តកណ្ដាល ៖ ក្រោម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កណ្តាល នា​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ពេញ​មួយ​ថ្ងៃ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ជលផល​នាយ​រង​ផ្នែក​,​កម្លាំង​ជលផល​តាម​បណ្តា​សង្កាត់​.​អាជ្ញាធរ​ស្រុក​.​ឃុំ​.​កម្លាំងប្រដាប់អាវុធ​មាន​ប៉ូលិស​.​ប៉េ​អឹ​ម​.​កម្លាំង​សហគមន៍ និង​កម្លាំង​ប្រជា​ការពារ​ភូមិ ៤​ស្រុក គឺ​ស្រុក​កៀនស្វាយ​,​ស្រុក​លើក​ដែក​,​ស្រុក​កោះធំ និង​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក ប៉ុ​ម សីហា នាយ​រង​ខណ្ឌ រដ្ឋបាល​ជលផល​កណ្តាល​តំណាង​ឲ្យ​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​បាន​បើក​ប្រតិបត្តិការ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ផ្ទៃ​បឹងបួរ​ក្នុងស្រុក​ទាំង​៤​ខាងលើ​។

លោក ប៉ុ​ម សីហា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ផ្ទាល់ របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត និង​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល​កម្លាំង​ជំនាញ​ជលផល​ខណ្ឌ​,​ផ្នែក​,​សង្កាត់​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​,​ឃុំ​,​កម្លាំង​សហគមន៍​,​កម្លាំងប្រដាប់អាវុធ​មាន​ប៉ូលិស​,​ប៉េ​អឹ​ម និង​កម្លាំង​ប្រជា​ការពារ​ភូមិ រួម​កម្លាំង​គ្នា​នៃ​ស្រុក​ទាំង​៤ សរុប​ចំនួន​៣៧​នាក់ ប្រើប្រាស់​ទូក​យី​ខេ​ចំនួន​៨​គ្រឿង​។ លោកនាយ​រង ខណ្ឌ​បន្ត​ថា ប្រតិបត្តិការ​នេះ​នឹង​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត​ឲ្យ​ដូច​ភ្លៀងរលឹម ក្រោម​បទបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​អភិបាលខេត្ត​។ ហើយ​ប្រតិបត្តិការ​នេះ​ក៏​មិនមែន​ទើបតែ​លើក​ទី​មួយ​ដែរ គឺ​ចាប់តាំងពី ក្បាលទឹក ដំឡើង កម្លាំង​យើង​បាន​ចុះ​បង្ក្រាប​ជា​ញឹកញាប់​រួច​មក​ហើយ​ដែរ​។

ប៉ុន្តែ​លោក​បាន​ប្រៀបធៀប​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ហាក់បីដូចជា​វែក​ចក​អ៊ីចឹង ពេល​កម្លាំង​យើង​ចុះ​បង្ក្រាប​ទៅ​ផុត​ជួនកាល ពួក​គាត់ (​ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​) ទៅ​លួច​ដាក់​តាម​ក្រោយ​វិញ​នៅ​ពេល​ល្ងាច ឬ​យប់​ដែល​កម្លាំង ឡើង​ផុត​ក៏​មាន​ដែរ​។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្លាំង​យើង​ជួប​ការ​លំបាក​ក្នុង​ការ​បង្ក្រាប​ខ្លះ​ដែរ​។ ហើយ​បើ​ចុះ​បង្ក្រាប​ម្តង​ៗ​វា​ទាល់តែ​មាន​កម្លាំង និង​ទូក​ច្រើន​គ្រឿង​ទើប​ធ្វើ​បែក​។ ទោះជា​យ៉ាងណា​លោក ប៉ុ​ម សីហា នាយ​រង​ខណ្ឌ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ទាំងអស់ សូម​នាំ​គ្នា​ងាក​មករ​ករបរ​នេសាទ​ស្របច្បាប់​ទាំងអស់​គ្នា​វិញ ព្រោះ​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​វា​នាំ​ឲ្យ​មាន ទោសទណ្ឌ ពេល​សមត្ថកិច្ច​ចាប់​បាន​ជាប់គុក​ជាប់ច្រវាក់ បែកបាក់​ចោល​ប្រពន្ធ​កូន​ជា​ពុំខាន​។

ជា​ពិសេស​ដើម្បី​ចូលរួម​ថែរក្សា​ពូជ​មច្ឆជាតិ​ធនធានធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ដើម្បី​ជា​គំរូ​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​ជួយ​ថែរក្សា​បន្ត​គ្នា​។ លោក ប៉ុ​ម សីហា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​លទ្ធផល​នៃ ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ពេញ​មួយ​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​តាម​ផ្ទៃ​បឹងបួរ​ក្នុងស្រុក​ទាំង​៤​នេះ គណៈ​ក​ម្មា​ការ​ចម្រុះ​រឹបអូស​បាន​វត្ថុ​តាង​សរុប​រួម​មាន​៖ ព្រួល​ស្បៃ​មុង​, មាត់​លូ​ស្បៃ​មុង​, មាត់​លូ​,​បង្គោល​ឫស្សី ហើយ​ត្រូវ​កម្លាំង​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល នៅ​តាម​កន្លែង​ដី​ទីទួល​ផង​ដែរ​៕


https://www.youtube.com/watch?v=sBxB0DGhCkQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ