រាជធានីភ្នំពេញ ៖ ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាម នឹងសម្រេចបានទឹកប្រាក់រហូតដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២០ខាងមុខ។ នេះបើតាមការអះអាងរវាងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ។
នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ដែលរៀបចំឡើងកាលពីចុងសប្តាហ៍មុន ប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ឡាវ លោក ស៊ាង ប៊ុនលាង បានឱ្យដឹងថា ត្រឹមឆ្នាំ២០១៧ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្រេចបាន៣.៨០០លានដុល្លារ កើនឡើងជិត៣០ភាគរយ ធៀបនឹងឆ្នាំ២០១៦ ខណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងបន្តជំរុញការពង្រីកទំហំពាណិជ្ជកម្មឲ្យកើន៦ពាន់លានដុល្លារនៅឆ្នាំ២០២០ ។
លោកបន្តថា ៖« ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ជាពិសេសកិច្ចព្រមព្រៀង ស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីដែលមានចែងអំពីការផ្តល់ភាពអនុគ្រោះពន្ធនាំចូលទៅវិញទៅមកលើមុខទំនិញជាច្រើនសិបមុខ »។ លោកបន្តថា កាលពីឆ្នាំ២០១៧ វៀតណាមបានដាក់ទុនវិនិយោគចំនួន១៩០គម្រោង គិតជាទឹកប្រាក់មានចំនួន២.៩៤០លានដុល្លារនៅកម្ពុជា ដែលគម្រោងវិនិយោគភាគច្រើនផ្តោតលើវិស័យកាត់ដេរ ទូរគមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ផលិតផលកសិឧស្សាហកម្ម និងកសិកម្ម ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានកិច្ចគាំពារ និងតម្កល់ផលប្រយោជន៍របស់វិនិយោគិន ពាណិជ្ជករបរទេសទាំងអស់ ដែលបាននិងកំពុងបណ្តាក់ទុនវិនិយោគ និងប្រកបអាជីវកម្មស្របច្បាប់នៅកម្ពុជា ។ ជាពិសេស បច្ចុប្បន្នកម្ពុជាកំពុងលើកទឹកចិត្តពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេស ដែលជាទីផ្សារធំៗមួយចំនួនទៀតនៅក្នុងតំបន់ និងពិភពលោក តាមរយៈការអនុគ្រោះពន្ធទូទៅលើការនាំចូលផលិតផលពីប្រទេសកម្ពុជា ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ទំហំពាណិជ្ជកម្ម កម្ពុជានិងវៀតណាម បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយវៀតណាមបាននាំមកកាន់កម្ពុជា នូវទំនិញចម្រុះ មានទាំងគ្រឿងសំណង់ ផលិតផលកសិកម្ម ផលិតផលប្រើប្រាស់ជាដើម ។
លោកបន្តថា ៖« វៀតណាមបាននាំចូលមកកាន់ទីផ្សារកម្ពុជាមានទំហំប្រហាក់ប្រហែលថៃ ដោយសារកម្ពុជាមានការរីកចម្រើននិងកំណើនសេដ្ឋកិច្ច ទើបយើងមានតម្រូវការទំនិញពីប្រទេសទាំងនេះច្រើន »។
លោកបន្តថា ៖« កំណើនប្រាក់ចំណូលបានធ្វើឲ្យតម្រូវការទំនិញកើនឡើង ដែលធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាប្រចាំ និងអាចសម្រេចបាននូវគោលដៅខាងលើនេះ »៕
ចែករំលែកព័តមាននេះ