ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ សម្រេច​ឯកភាព​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ ចំនួន២,៥០​ដុល្លារ​ក្នុង​មួយ​ខែ ដល់កម្មករ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​សម្រេចឯកភាព​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ចំនួន ២,៥០​ដុល្លារ​អាម៉េរិក (​ពីរ​ដុល្លារ ហាសិប​សេន​គត់​) ក្នុង​មួយ​ខែ ចាប់ពី​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​សម្រេចឯកភាព​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ចំនួន ២,៥០​ដុល្លារ​អាម៉េរិក (​ពីរ​ដុល្លារ ហាសិប​សេន​គត់​) ក្នុង​មួយ​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​ ដល់​កម្មករនិយោជិត​ ។

យោង​តាម​សេចក្តីជូនដំណឹងស្តី​ពី​លទ្ធផល ​នៃ​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមារបស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន កម្មករនិយោជិត និងនិយោជក​បាន​លើក​ឡើង​ថា អនុវត្ត​តាម​បទបញ្ជា​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ២​កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៤:០០​នាទី ដល់​ម៉ោង ១៨:៣០​នាទី នៅ​ទីស្តីការក្រសួង ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល អប្បបរមា​បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ពិនិត្យ​លទ្ធភាព​សម្រួល​បន្ទុក​ចំណាយ​សោហ៊ុយ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​បណ្តោះ អាសន្ន​របស់​បងប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង កាបូប ក្នុងអំឡុងពេល​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល ដោយ​សម្រេច​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖

១- បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី “​ស្ថានភាព​នាំ​ចេញ និង​លទ្ធផល​របាយការណ៍​អង្កេត​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តី​ពី​ការ​កើនឡើង ​នៃ​ថ្លៃ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករនិយោជិត ដែល​បណ្តាល​មក ពី​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល​” សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជា​មូលដ្ឋាន​ប្រើប្រាស់​ក្នុង​ការ​ពិភាក្សា​ ។

២- តំណាង​ភាគី​កម្មករនិយោជិត​ បាន​ថ្លែងអំណរគុណ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ក្នុង​ការ​ធានា នូវ​ការ​ចែកចាយ​នឹង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​កាត់​បន្ថយពន្ធ​អាករ​លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​នានា ដើម្បីកាត់​បន្ថយ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ សំដៅ​កាត់​បន្ថយ​ចំណាយ​សោហ៊ុយ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត ក្នុងអំឡុងពេល​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល និង​សូម​ថ្លែងអំណរគុណ​ដល់ ភាគី​និយោជក​ ដែល​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន ​និង​ជា​លក្ខណៈ​ពិសេស និង​ចូលរួម​បន្ថែម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​កាលៈទេសៈ​ ដ៏​លំបាក​នេះ​ ។

៣- អង្គប្រជុំ​បាន​ឯកភាព​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ចំនួន ២,៥០​ដុល្លារ​អាម៉េរិក (​ពីរ​ដុល្លារ ហាសិប​សេន​គត់​) ក្នុង​មួយ​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ បន្ថែម​លើ​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ ដែល​សហគ្រាស ក្រុមហ៊ុន រោងចក្រ​កំពុង​អនុវត្ត រហូត​ដល់​ស្ថានភាព​តម្លៃ​ប្រេងឥន្ធនៈ​វិល មក​រក​ប្រក្រតី​ភាព​វិញ ​។

៤- តំណាង​ភាគី​កម្មករនិយោជិត ក៏​សូម​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ឱ្យ​ប្រើប្រាស់​មធ្យោបាយ ធ្វើ​ដំណើរ​រួម ឬ​រថយន្តក្រុង ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ ទៅ​ធ្វើការ ឬ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន និង​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​ ។

ក្រសួង​បាន​លើក​ឡើង​ថា​សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន កម្មករនិយោជិត និង​និយោជក មេត្តា​ជ្រាប និង ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុងអំឡុងពេល​វិបត្តិ​ប្រេងឥន្ធនៈ​ជាស​កល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ