ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះផ្ទៃក្នុង​អតីត​ប្រធាន​បក្ស​អំណាច​ខ្មែរ​ករណី​ក្លែង​ឯកសារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សួន សេរី រ​ដ្ឋា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​ពេល​សន្និសីទកាសែត លោក​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ លោក សួន សេរី រ​ដ្ឋា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​ពេល​សន្និសីទកាសែត លោក​បាន​លើក​ឡើង​ថា តុលាការ​បាន​ផ្តន្ទាទោស​លោក​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​ដល់​រូប​លោក ។

លោក​ថា​«​អ្វី​ដែល​លោក​ចាប់អារម្មណ៍ គឺ​គណបក្ស​អំណាច​ខ្មែរ​ដែល​ខ្ញុំ​បាន​បង្កើត និង​ដឹកនាំ​រយៈពេល​១​ឆ្នាំ និង​ខ្ញុំ​បាន​ផ្តល់​សិទ្ធិ​ជា​ប្រធាន​ស្តីទី​ដល់​លោក សួង សុ​ភ័​ណ្ឌ ដឹកនាំ​គណបក្ស​នេះ​» ។ លោក​បាន​ចោទ​លោក​ប្រធាន​ស្តីទី​ដោយ​លើក​ឡើង​ថា រយៈពេល​១​ឆ្នាំ​នេះ​មិន​បាន​ធ្វើ​សកម្ម​អ្វី​ទាំងអស់ សូ​ម្បី​លើក​ស្លាក​គណបក្ស​នៅ​តាម​ខេត្ត​ក្រុង ។ សកម្មភាព​អប់រំ​ពលរដ្ឋ​ពី​សិទ្ធិ​នយោបាយ​ដែល​គណបក្ស​ធ្លាប់​ធ្វើ​ក៏​អត់​មាន​ដែរ ។ រយៈពេល​ជាង​១​ឆ្នាំ​នេះ​លោក សួង សុ​ភ័​ណ្ឌ បាន​យក​គណបក្ស​អំណាច​ខ្មែរ​ជា​គណបក្ស​សកម្ម​ផ្នែក​នយោបាយ​នេះ​នៅ​ពេល​រូប​លោក​ជាប់​ពន្ធនាគារ ។

លោក សួន សេរីរ​ដ្ឋា បាន​អះអាង​ថា គណបក្ស​របស់​លោក​បាន​បង្កើត​ឡើង​ក្រោយ​ពេល​បោះ​ឆ្នោត​២០១៣ ។ គណបក្ស​បាន​រិះគន់​ចំពោះ​ការ​និយាយ​មិន​ត្រូវ​របស់​គណបក្សកាន់អំណាច និង​ទ​ង្វើ​មិន​ត្រឹម​របស់​គណបក្សកាន់អំណាច​តែ​សកម្មភាព​ទាំងនេះ​មាន​ភាព​ស្ងប់ស្ងាត់​ទាំងអស់ ។ លោក​សួន សេរីរ​ដ្ឋា បន្ត​ថា​«​ដូចនេះ​សកម្មភាព​ស្ងប់ស្ងាត់​ទាំងនេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​សមាជិក​ស្ថាបនិក​នៅ​តាម​ខេត្ត​ក្រុង​យល់​ច្រឡំ​មក​លើ​គណបក្ស​» ។ លោក​ថា អ្នកគាំទ្រ​ភាគី​ច្រើន​បាន​ចំណាយពេល​ជួយ​បង្កើត​គណបក្ស​នេះ តាំងពី​លោក​បាន​ចូល​មក​កម្ពុជា កាលពី​ខែតុលា ២០១៥ ។ តែ​លោក សួង សុ​ភ័​ណ្ឌ បាន​បញ្ចូល​មនុស្ស​ថ្មី​ជា​ច្រើន ។ លើស​ពី​នេះ​ទៀត​មាន​លិខិត​ក្លែងក្លាយ​មួយ​ថា លោក​បាន​លាលែង​ពី​ប្រធាន​បក្ស​អំណាច​ខ្មែរ ដោយ​មានការ​ក្លែង​ហត្ថលេខា​កាត់ត​ឯកសារ​ផង ដែល​រៀបចំ​ឡើង​ដោយ​លោក​សួង សុ​ភ័​ណ្ឌ​» ។ លោក​បាន​លើក​ឡើង​ថ​ា «​លិខិត​ក្លែងក្លាយ​នេះ​ត្រូវ​បាន​ដាក់​ផ្សាយ​តាម​បណ្តាញ​សង្គម​ជា​សាធារណៈ ។ ខ្ញុំ​មិន​ដែល​លាលែង​ពី​ប្រធាន​បក្ស​ទេ​ខ្ញុំ​បាន​ចុះហត្ថលេខា​តែងតាំង​លោក សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​ស្តីទី​មិន​ដែល​សុំ​លាលែង​ទេ ។ នេះ​ជា​បទឧក្រិដ្ឋ​មួយ ហើយ​បាន​ស្នើ​ដល់​ក្រសួងមហាផ្ទៃ​ពិនិត្យ​លើ​ឯកសារ​ដែល​លោក សួង សុ​ភ័​ណ្ឌ ដាក់​ចូល​ក្រសួងមហាផ្ទៃ​កន្លង​មក ។ មាន​មនុស្ស​មួយ​ចំនួន​ដែល​ដាក់​ចូល​សមាជិក​អចិន្ត្រៃយ៍​ដែល​គេ​មិន​ដែល​ស្គាល់​សោះ​»​។ លោក​ថា នៅ​ពេល​លោក​ជាប់​ពន្ធនាគារ​គ្មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ផ្លូវច្បាប់ តែ​ពេល​នេះ​លោក​បាន​សេរីភាព និង​អាច​តវ៉ា​ផ្លូវច្បាប់​បាន ។

លោក​បាន​បញ្ជាក់​ថា សូម​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើក​លិខិត​លាលែង​ដែល​លោក សួង សុ​ភ័​ណ្ឌ បាន​ដាក់​ជូន​ក្រសួងមហាផ្ទៃ​ដែល​រូប​លោក​មិន​បាន​ចុះហត្ថលេខា​សោះ ។ សូម​ឲ្យ​ពិនិត្យ​លើ​ប្រវត្តិរូប​មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​ឈ្មោះ​សោះ ហើយ​នេះ​ជា​ការ​ឆបោក​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​ផង ។ ចំពោះ​បុគ្គល​នៃ​គណបក្ស​នេះ ព្រោះ​កាលណា​ធ្វើ​បែប​នេះ​វា​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ទាំងមូល នៅ​ពេល​ដែល​គណបក្ស​នយោបាយ​មួយ​មិន​ទាន់​ទទួល​បាន​អាសនៈ​ផង បែរជា​ប្រព្រឹត្ត​បែប​នេះ ។ លោក​បាន​លើក​ឡើង​ថា អនុប្រធាន​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ជំនួស​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តួនាទី​ដែល​ពួក​គាត់​មិន​បាន​សុំ​លាលែង​ផង ។

សមាជ​ចំនួន​ពីរ​លើក​នេះ​ធ្វើ​សមាជ​មិន​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​អំណាច​ខ្មែរ ។ មានការ​ដោះ​ដូរ​សញ្ញា​គណបក្ស​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ប្រធាន អនុប្រធាន​បក្ស ហើយ​សកម្មភាព​នេះ​រំលោភ​លើ​សមាជិក​នយោបាយ​របស់​គណបក្ស ។ លោក​ថា បញ្ហា​នេះ​លោក​បានដឹង​ពេល​គេ​បាន​ផ្តល់​ព័ត៌មាន​សមាជ តែ​លោក​មិន​បាន​យល់ព្រម​ទេ ។ នេះ​ជា​ការ​ក្លែង​ឯកសារ​កុហក​ក្រសួងមហាផ្ទៃ និង​សមាជិក​បក្ស​ទាំងអស់ ។ សមាជ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​មាន​ចំនួន​២/៣​នៃ​សមាជិក​ទាំងអស់ ហើយ​សុំ​ផ្អាក​សកម្មភាព​សិន ។ លោក​បាន​លើក​ឡើង​ថា​លោក សួង សុ​ភ័​ណ្ឌ បាន​កុហក​សេនាធិការ​រដ្ឋាភិបាល គឺ​ក្រសួងមហាផ្ទៃ កុហក​សមាជិក​គណបក្ស និង​ក្លែង​ហត្ថលេខា​របស់​លោក ។

ចំណុច​ចុង​ក្រោយ​លោក​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ចាត់ការ​លោក សួង សុ​ភ័​ណ្ឌ តែ​ម្តង បន្ទាប់​ពី​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ​មើល​ករណី​នេះ​ជា​មុន ។ លោក សួង សុ​ភ័​ណ្ឌ​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​បាន​ពន្យល់​លោក សួង សេរីរ​ដ្ឋា បាន​សុំ​លាលែង​ពី​គណបក្ស​អំណាច​ខ្មែរ​មែន ។ លោក​បាន​លើក​ឡើង​ថា នៅ​ពេល​លោក សួង សេរីរ​ដ្ឋា ត្រូវ​បាន​ចាប់ខ្លួន​តាម​ផ្លួ​វ​ច្បាប់​គណបក្ស​ត្រូវ​រំលាយ​តាម​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​វិសោធនកម្ម​គណបក្ស ។ លោក​បាន​អះអាង​ថា លោក​មិន​បាន​ក្លែង​ឯកសារ​ដូច​ការ​លើក​ឡើង​របស់​លោក​សួន សេរីរ​ដ្ឋា ទេ​នេះ​ជា​បរិហារ​បង្កាច់​កេរ្តិ៍ ព្រោះ​នៅ​ពេល​ដែល​លោក សួន សេរីរ​ដ្ឋា ជាប់​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បាន​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​មានការ​រៀបចំ​ក្បាលម៉ាស៊ីន​គណបក្ស​ឡើង​វិញ​។ ដើម្បី​ចៀសវាង​ការ​រំលាយ​បក្ស​នេះ​ពេល​ប្រធាន​ជាប់ចោទ និង​ផ្តន្ទាទោស ។ លោក​ថា​«​មាន​ឯកសារ និង​ភស្តុ​តាង​សំឡេង​លោក សួន សេរីរ​ដ្ឋា សុំ​លាលែង​តែង​បែរជា​មក​បរិហារកេរ្តិ៍​ខ្ញុំ​» ។ លោក​ថា នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ២០១៨ លោក​នឹង​ដាក់​ពាក្យ​ប្តឹង​លោក សួន សេរីរ​ដ្ឋា ទៅ​តុលាការក្រុង​ភ្នំពេញ​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ជា​សាធារណៈ ។ លោក​ថា​«​ខ្ញុំ​នឹង​ដក​ពាក្យបណ្តឹង​វិញ​នៅ​ពេល​ណា​លោក សួន សេរីរ​ដ្ឋា​សុំ​ទោស​ខ្ញុំ​» ៕

កែសម្រួលដោយ