រាជធានីភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានព្យាករណ៍ថា តំបន់ស្ថិតនៅស្របតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ឬទីក្រុងរណប ING CITY នឹងក្លាយជាតំបន់ពាណិជ្ជកម្មនារយៈពេល១០ឆ្នាំខាងមុខនេះ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកនាង អាន សុធីតា បានមាន ប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៧ កញ្ញានេះថា តំបន់នេះជាទីក្រុងថ្មី និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មី ដែលវាមានភាពងាយស្រួលក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងាយជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណបដទៃទៀត។
អ្នកនាងបន្តថា តម្លៃដីនៅតំបន់នេះបានកើនឡើងយ៉ាងខ្លាំង ដោយគិតពីតំបន់ក្បាលថ្នល់ ដីនៅស្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទៅមុខចម្ងាយបីគីឡូម៉ែត្រមាន តម្លៃចន្លោះ១០០០ទៅ១៣០០ដុល្លារ គិតពីគីឡូម៉ែត្រទី៣ ទៅគីឡូម៉ែត្រទី៦ ដីមាន តម្លៃប្រមាណ៨០០ដុល្លារ និងគិតពីគីឡូម៉ែត្រទី៦ដល់គីឡូម៉ែត្រទី៩ តម្លៃដីនៅតាម បណ្តោយ ផ្លូវនេះមានតម្លៃចន្លោះ៣៥០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាងបន្តថា “តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល៥ឆ្នាំខាងមុខវានឹងជាតំបន់លំនៅដ្ឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្ម”។
បច្ចុប្បន្នតំបន់នេះកំពុងមានការរីកចម្រើនយ៉ាងលឿន ដោយមានបុរីជាច្រើនកំពុងសាង សង់ នៅតំបន់នេះ ដូចជាបុរីប៉េង ហួត បុរីWOODLAND, គំរោងផ្សារទំនើប AEON MALL3 និងគំរោងបង្កើតផ្សារទំនើបរបស់បុរីជីព ម៉ុងជាដើម។
ជាមួយគ្នានេះលោកវ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុនCentury21 Fortuna Investment បានមានប្រសាសន៍ឲ្យដឹងផងដែរថា មានគំរោងវិនិយោគជាច្រើន បានចាប់ផ្តើមនៅតំបន់នេះរួចហើយ ដោយសារតំបន់នេះកំពុងមានសក្តានុពល និងមានប្លង់មេអភិវឌ្ឍន៍ត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរនិងធំជាងគេនៅក្រុងភ្នំពេញ។ លោកបន្តថា ការមានប្លង់មេអភិវឌ្ឍន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ប្រកបដោយភាពរៀបរយ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិនានា ។
លោកបន្តថា “ខ្ញុំគិតថាតំបន់នេះស័ក្តិសមជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត ព្រោះទីតាំងនេះល្អប្រសើរ និងស័ក្តិសមជាទីក្រុងថ្មីមួយដែលមានវិសាលភាពធំ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។លោកបន្តថា “វាស្ថិតនៅកៀកក្រុងតាខ្មៅ ហើយប្រសិនជាព្រលានយន្តហោះថ្មី សាងសង់នៅស្រុកកណ្តាលស្ទឹង នឹងធ្វើឲ្យមានចរាចរឆ្លងកាត់តំបន់នេះកាន់តែច្រើន ពេលនោះសកម្មភាពពាណិជ្ជកម្មនឹងរស់រវើក”។
លោកវ៉ា វីរៈបានបន្តថា ចំណែករោងចក្រ សហគ្រាស ជាបណ្តើរៗនឹងរើចេញពីតំបន់នេះ ព្រោះនៅពេលសកម្មភាពពាណិជ្ជកម្មកើតនៅតំបន់ណា រោងចក្រ សហគ្រាសនៅតំបន់នោះនឹងចាកចេញ ដោយសារវិស័យពាណិជ្ជកម្មទាញយក និងបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន។ លោកបន្តថា ឧទាហរ៍រោងចក្រ សហគ្រាសអាចជួលបានត្រឹម៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានអាចទាញតម្លៃបានកាន់តែខ្ពស់ ពេលនោះរោងចក្រ សហគ្រាសនឹងរើចាកចេញដោយស្វ័យប្រវត្តិ។
យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holdingបានឲ្យដឹងថា ទីក្រុងរណប ING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។
តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។
អតីតវីរស្ថាបត្យករកម្ពុជា លោកបណ្ឌិត វណ្ណ ម៉ូលីវណ្ណ ធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមានដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋារចនាសម័ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី ៕
ចែករំលែកព័តមាននេះ