ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតុងទីន…ចាប់គាត់រួម​កូនតូច​ទាំង២

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​២​នាក់ កាលពី​រសៀល ​ថ្ងៃ​ទី​៥ ខែកញ្ញា ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​នឹង​ប្រាក់​ជំពាក់​តុងទីន​ កាលពី​អំឡុង​ឆ្នាំ​២០១៤…

ខេត្តរតនគិរី ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​២​នាក់ កាលពី​រសៀល
​ថ្ងៃ​ទី​៥ ខែកញ្ញា ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​នឹង​ប្រាក់​ជំពាក់​តុងទីន​ កាលពី​អំឡុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ អ៊ា​ក សុ​ណា ជា​មេ​តុងទីន ដែល​បាន​ដាក់​ពាក្យ​ប្ដឹង ​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ។

ស្ត្រី​២​នាក់​ដែល​តុលាការ​នាំ​យក​ទៅ​ឃុំខ្លួន​នេះ ម្នាក់​ឈ្មោះ ការី​ម ធីតា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង មុខរបរ​លក់​គ្រឿងទេស​ នៅ​ផ្សារ​បាន​លុង និង​ម្នាក់​ទៀត​ឈ្មោះ ការី​ម ស៊ុន​លី អាយុ​២៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​ជាមួយ​គ្នា ។

ការ​ឃាត់ខ្លួន​ស្ត្រី​ទាំង​២​នាក់​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​បាន​ចូលខ្លួន​ទៅ​សាលាដំបូង​ខេត្ត តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួនជា​លើក​ទី​៣ ថ្ងៃ​ទី​៥ ខែកញ្ញា ដែល​ចុះហត្ថលេខា​ដោយ​លោក ឃិ​ន វិសិដ្ឋ ចៅ​ក្រម​​​ស៊ើបសួរ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ។

តាម​ការ​រៀបរាប់​ទាំង​ទឹកភ្នែក​រក​យុត្តិធម៌​ពីបុរស​ជា​ប្ដី​ឈ្មោះ ទូច ចំណាប់ បានឱ្យ​ដឹង​ថា ប្រពន្ធ​គាត់​ពិតជា​ជំពាក់​លុយ​មេ​តុងទីន​ចំនួន​១៥​លាន ​និង​៩០​ម៉ឺន​រៀល​មែន ហើយ​តុលាការបាន​កោះហៅ​ឱ្យ​ចូលខ្លួន​ចំនួន​២​លើក​មក​ហើយ ។ ប្រពន្ធ​គាត់​សុំ​សង​គេ​តាម​លទ្ធភាព​ប្រចាំខែ ក៏​ប៉ុន្តែ​ម្ចាស់បំណុល​គេ​មិន​ព្រម រហូត​ដល់​ដីកា
កោះ​លើក​ទី​៣​នេះ ប្រពន្ធ​គាត់​ចូលខ្លួន ​ក៏​ត្រូវ​តុលាការ​បញ្ជា​ឱ្យ​ឃុំខ្លួន​តែ​ម្ដង ។

បុរស​ជា​ប្តី​រៀបរាប់​ទៀត​ថា ចំពោះ​ការ​ជំពាក់​ប្រាក់​ក្នុង​ការ​លេង​តុងទីន​នេះ ពួក​គាត់​មិនបាន​បដិសេធ​ថា​ មិន​សង ឬ​រត់​គេចវេះ​ទេ គឺ​ពួក​គាត់​ខំប្រឹង​រក​សង​តាម​លទ្ធភាព​បណ្ដើរ​ៗ ហេតុ​អ្វី​បានជា​ចាប់​ប្រពន្ធ​គាត់​ដាក់គុក ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ឃុំខ្លួន ដោយ​ចោទ​ពី​បទ​រំលោភ​លើទំនុកចិត្ត ។

សំណុំរឿង​ពាក្យបណ្ដឹងនេះ ដើមបណ្ដឹង​បាន​ដាក់​មក​ព្រះរាជអាជ្ញា ​តាំងពី​ចុងឆ្នាំ​២០១៧ម្លេ៉ះ ហើយ​ព្រះរាជ​អាជ្ញា​ ទើបតែ​បញ្ជូន​មក​អយ្យការ​ក្នុង​ខែសីហា ខែកញ្ញា ឆ្នាំ​២០១៨ ។ ម្យ៉ាងវិញទៀត ប្រហែលជា​មិន​បាន​គោរព​​កាត​ព្វកិច្ច​ណាមួយ​ ពាក់ព័ន្ធ​នឹង​ការ​សង​ប្រាក់​ហើយ បានជា​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។

គួរ​បញ្ជាក់​ថា ការ​ឃុំខ្លួន​ស្ត្រី​ទាំង​២​នាក់​ខាងលើ​នេះ គឺ​ស្ត្រី​ម្នាក់​ឈ្មោះ ការី​ម ស៊ុន​លី ជា​ស្ត្រី​មេម៉ាយ​មានកូន​តូច​ៗ២​នាក់ បាន​ទៅ​ដេក​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ​ដែរ ព្រោះ​ពុំ​មាន​អ្នក​មើលថែ ។ ចំណែក​លោក អ៊ា​ក សុ​ណា ជាដើម​បណ្ដឹង អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ។ ដោយ​ឡែក មន្ត្រី​ពន្ធនាគារ​ខេត្ត​បានឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា ស្ត្រី​ឈ្មោះ ការី​ម ស៊ុន​លី ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​២​ពិត ជា​បាន​យក​កូន​តូច​ៗ​ទាំង​២​នាក់​ទៅ​ដេក ​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ