ខេត្តរតនគិរី ៖ យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯរថយន្តបើករត់គេចបាត់ស្រមោល ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៨នាទីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងកើតរង្វង់មូល យាយទូលចេក ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាន គន្ធា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគហុកសិប ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះជិះម៉ូតូម៉ាក YAMAHAEXCITER ពណ៌ខ្មៅលាយខៀវ យ៉ាងកញ្ចាស់ អត់ស្លាកលេខទៀត ក្នុងទិសដៅស្របគ្នាពីកើតទៅលិច មានល្បឿនយ៉ាងលឿន បុករថយន្តប្រាវចំពីក្រោយពេញទំហឹងតែម្តង ។ ប្រភពបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗរថយន្ដមិនស្គាល់អត្តសញ្ញាណបើករត់គេចចេញពីកន្លែងកើតហេតុ ភ្លាមៗបត់ស្រមោលដែរ ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងម៉ូតូត្រូវបានការិយាល័យចរាចរណ៍យកទៅរក្សាទុកបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ