ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ៥២ឆ្នាំហើយ…ដែលលោកតាធ្លាក់​ស៊ីក្លូ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​អាយុ​៧២​ឆ្នាំ​ មក​ពី​ខេត្តតាកែវ លោកតា ប៊ុ​ន ស៊ន និយាយ​ថា គាត់​បាន​ចាប់​យក រ​បរ​ជា​អ្នក​ធាក់​ស៊ី​ក្លូ​នេះ​​…

រាជធានី​ភ្នំពេញ ៖ ក្នុង​អាយុ​៧២​ឆ្នាំ​ មក​ពី​ខេត្តតាកែវ លោកតា ប៊ុ​ន ស៊ន និយាយ​ថា គាត់​បាន​ចាប់​យក
រ​បរ​ជា​អ្នក​ធាក់​ស៊ី​ក្លូ​នេះ​​ អស់រយៈពេល​៥២​ឆ្នាំ​មក​ហើយ​​មក​ទល់​នឹង​បច្ចុប្បន្ន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ម្តុំ​ខាង​ត្បូង​ផ្សារ​កណ្តាល ជាប់​នឹង​របង​វត្ត​ឧណ្ណាលោម​ ជាទី​តាំង​សំចត ដើម្បី​រក​លុយ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ដោយ​មាន​ស៊ី​ក្លូ​ជាង​១០​គ្រឿង​ ត្រូវ​បាន​ដាក់​តម្រៀប​ជា​ជួរ​ដង្ហែ​គ្នា ​ជាមួយនឹង​អ្នក​ធាក់​ស៊ី​ក្លូ​ដូច​គ្នា ​រង់ចាំ​ដឹក​ម៉ូយ​ចេញពី​ផ្សារ​​នោះ លោកតា​និយាយ​ថា «​ហេតុតែ​និស្ស័យ​» ពោល​គឺ​តាំងពី​សម័យ​សង្គមចាស់​មក​ម្លេ៉ះ មិន​ដែល​មានគំនិត​​ចង់​ចាប់​យក​ការងារ ឬ​ក៏​មុខរបរ​អ្វី​ផ្សេង​ទៀត​​ឡើយ គឺ​រូប​គាត់​ជ្រើសរើស​យក​តែរ​បរធាក់​ស៊ី​ក្លូ​មួយ​មុខ​នេះ​» ។

លោកតា ប៊ុ​ន ស៊ន បាន​រៀបរាប់​ថា ប្រពន្ធ​គាត់​ឈ្មោះ នាង វ៉ា​ន់ បច្ចុប្បន្ន​អាយុ​៥១​ឆ្នាំ និង​មានកូន​ប្រុស​-ស្រី​ចំនួន​១០​នាក់ (​ស្រី​៣​នាក់ ប្រុស​៧​នាក់​) សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុងភូមិ​វាយ​​ឈ្នះ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតា​កែវ ។ ប្រពន្ធ​គាត់​មានមុខ​របរ​ត្បាញ​អង្រឹង​ក្រណាត់​លក់​នៅផ្ទះ ។ ឯ​កូនប្រុស​-ស្រី​ចំនួន​៩​នាក់ ពួក​គេ​បាន​រៀប​​​​ការ​មាន​ប្តី​មាន​ប្រពន្ធ រកស៊ី​រៀង​ៗ​ខ្លួន​បែក​អស់ហើយ ។ សព្វថ្ងៃ​នៅ​តែ​កូនស្រី​ពៅ​ម្នាក់​មាន​អាយុ​១៨​ឆ្នាំ​ហើយ ហើយ​រូប​នាង​ធ្វើ​ការងារ​នៅ​រោងចក្រ ។

លោកតា​រៀបរាប់​ទៀត​ថា គាត់​ចាប់​យករ​បរធាក់​ស៊ី​ក្លូ​នេះ​ តាំងពី​នៅ​លីវ​មាន​អាយុ​២១​ឆ្នាំ​មក ពោល​គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយមមក​ម្លេ​៉ះ ដើម្បី​រក​ប្រាក់​ទៅ​ចិញ្ចឹម​ខ្លួន ។ កាលសម័យនោះ មុខរបរ​ធាក់​ស៊ី​ក្លូ​នេះ​រក​ប្រាក់​បាន​ច្រើន​គួរសម គឺ​ក្នុង​មួយ​ថ្ងៃ​អាច​រកបាន​ចាប់ពី​៩​រៀល​ទៅ​១០​រៀល ហើយ​កាល​ណោះ​វា​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​គាត់​មាន​ភាព​ប្រសើរ អាចរ​ស់បាន​ដូច​គេឯង​យ៉ាង​ស្រួល​។ ថ្វីបើ​ក្នុង​មួយ​ថ្ងៃ​រកបាន​លុយ​តែត្រឹម​ប៉ុណ្ណឹង​មែន តែ​ងាយស្រួល​ក្នុង​ការ​ចាយវាយ​ជាទី​បំផុត ដោយ​មាស​ក្នុង​១​ជី​មាន​តម្លៃ​ត្រឹមតែ​៣៥០​រៀល​ប៉ុណ្ណោះ ។

ការ​ប្រកប​មុខរបរ​ធាក់​ស៊ី​ក្លូ​នេះ ក៏​បាន​ឈប់​មួយ​រយៈ​ផង​ដែរ ដោយសារ​កាលនោះ​ប្រទេស​របស់​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​របប ប៉ុ​លពត គឺ​គ្មានរ​បរធាក់​ស៊ី​ក្លូ​ទេ ។ លោកតា ប៊ុ​ន ស៊ន រៀបរាប់​ទៀត​ថា ក្រោយពី​បែក​​សម័យ​​ប៉ុ​ល ពត គាត់​ក៏​បាន​មក​ភ្នំពេញ ដើម្បី​ប្រកបរ​បរធាក់​ស៊ី​ក្លូ ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ និង​១៩៨០ ។ កាល​ណោះ មុខរបរ​រ​នេះ​អាច​រក​ប្រាក់​បាន​ច្រើន​គួរសម និង​អាច​ធ្វើ​ឱ្យ​ជីវភាព​របស់​ក្រុម​គ្រួសារ​គាត់ រស់នៅ​ដោយ​ស្រួល​មិន​ចាញ់​កាលពី​ក្នុង​សម័យ​សង្គមចាស់​ឡើយ ។

លុះ​មក​ដល់​រយៈពេល​ប្រមាណ​ជា​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ការ​កើត​មាន​រ៉ឺ​ម៉ក​កង់​បី​ច្រើន និង​មិនតែប៉ុណ្ណោះ​ក៏​មាន​ឡំ​ប្រឺ​តា​កាន់តែ​ច្រើន​ឡើង​ៗ​នោះ ធ្វើ​ឱ្យ​មុខរបរ​ធាក់​ស៊ី​ក្លូ​របស់​គាត់​មានការ​លំបាក​កាន់តែ​ខ្លាំង ដោយ​មួយ​ថ្ងៃ​ៗអាច​រកបាន​លុយ​តែ​ចំនួន​២​ម៉ឺន​រៀល និង​ថ្ងៃ​ខ្លះ​ត្រឹមតែ​១​ម៉ឺន​រៀល​ក៏​មាន​ដែរ ។ លុយ​ទាំងនេះ គឺ​ថ្ងៃ​ខ្លះ​អាច​សល់​បាន​១​ម៉ឺន​រៀល​ដែរ បើ​អាច​រកបាន​២​ម៉ឺន​រៀល ។ ប៉ុន្តែ​បើ​រកបាន​ត្រឹម​១​ម៉ឺន​រៀល​នោះ គ្រាន់តែ​ហូប​បាយ និង​ថ្លៃ​ជួល​ស៊ី​ក្លូ​គេ​រត់​ក្នុង​មួយ​ថ្ងៃ ចំនួន​២​ពាន់់​រៀល​ទៀត​អស់​ល្មម មិន​មាន​លុយ​សល់​ឡើយ ។

សព្វ​ថ្ងៃនេះ មុខរបរ​ធាក់​ស៊ី​ក្លូ​របស់​លោកតា កាន់តែ​មាន​ភាព​យ៉ាប់​យុ​ឺ​ន​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ថា​តែ​រូប​គាត់់​ទេ គឺ​អ្នក​ធាក់​ស៊ី​ក្លូផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ គឺ​កប់​តែ​ម្តង ។ គាត់​ថា​រាល់​ថ្ងៃនេះ បាន​យក​ស៊ី​ក្លូ​មក​បញ្ឈរ ចាំ​ដឹក​ម៉ូយ​នៅ​ផ្សារ​កណ្តាល ព្រោះ​នៅ​មាន​អ្នក​ជិះ​តិចតួច​ប៉ុណ្ណោះ ភាគច្រើន​ជា​ស្ត្រី​វ័យ​ចំណាស់ ដែល​មក​ផ្សារ​រក​ទិញ​ម្ហូប និង​ដឹក​ជិត​ៗ​នេះ ។

លោកតា​សព្វថ្ងៃ​ មិន​មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ឡើយ យប់​ឡើង​ពេល​ឈប់​ធាក់ គាត់​តែង​ធាក់​ស៊ី​ក្លូ​ទៅ​រក​កន្លែង​ចត​នៅ​តាម​សំយាប​មុខ​ផ្ទះ​គេ និង​ដេក​នៅ​លើ​ស៊ី​ក្លូ​ម្តុំ​ផ្សារ​ឌុ​យ​ម៉ិច លុះ​ព្រឹក​ឡើង​ទើប​ធាក់​ស៊ី​ក្លូ​មក​កាន់​ផ្សារ​កណ្តាល​សំចត សំកុក​ចាំ​ដឹក​ម៉ូយ​វិញ ។ លោកតា​រៀបរាប់​ទៀត​ថា កាលពី​សម័យ​មុន គាត់​រៀន​បាន​បញ្ចប់​ត្រឹម​ថ្នាក់​ថ្នាក់​ទី​៦ តែ​ពី​ដើម​មក​មាន​និស្ស័យ មានចិត្ត​ចង់​តែ​ធាក់​ស៊ី​ក្លូ ខុស​ពី​មិត្តភក្តិ​របស់​គាត់​នៅ​ក្នុង​ស្រុកភូមិ និង​រៀន​ជាមួយ​គ្នា ពួក​គេ​បាន​ចូល​ធ្វើ​ជា​ទាហាន​សុទ្ធតែ​មានបុណ្យ​ស័ក្តិធំ​ៗ និង​ខ្លះ​ទៀត​រកស៊ី​មានបាន​រហូត​ក្លាយជា​ឧកញ៉ា​ក៏​មាន​ដែរ ។ មិនតែប៉ុណ្ណោះ នៅ​ពេល​ជួប​មុខ​ពួក​គេ​ម្តង​ៗ រូប​គាត់​តែងតែ​គេច​មុខ​ពី​គេ ។

លោកតា ប៊ុ​ន ស៊ន និយាយ​ថា មុខរបរ​ធាក់​ស៊ី​ក្លូ​របស់​គាត់​សព្វ​ថ្ងៃនេះ ​មានការ​លំបាក​ខ្លាំង​ណាស់ ដោយ​សារ​ខ្លួន​កាន់តែ​ចាស់ មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃកោរ ថ្ងៃ​ខ្លះ​ឈឺ​គ្រុនក្តៅ ចេញ​ទៅ​ធាក់​ស៊ី​ក្លូ​មិនកើត​ក៏​មាន​ដែរ និង​រក​លុយ​បាន​តិចតួច​ប៉ុណ្ណោះ ។ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច ដើម្បី​ជីវភាព​រស់នៅ​ផ្ទាល់ខ្លួន ក៏​ដូច​ជា​ក្រុម​គ្រួសារ ណា​មួយ​គ្រួសារ​លោកតា ​ទើបតែ​បាន​ខ្ចី​លុយ​ធនាគារ​យក​ទៅ​ធ្វើ​ផ្ទះ​ថ្មី ដោយ​ផ្ទះ​មុន​វា​ចាស់​ស្ទើរតែ​ដួល​រលំ​ទៅ​ហើយ​នោះ ។

គាត់​ថា «​ហេតុតែ​និស្ស័យ​! ​ពោល​គឺ​តាំងពី​សម័យ​ស​ង្គ​ចាស់​មក​ម្លេ៉ះ និង​ឆ្លងកាត់​ជា​ច្រើន​​សម័យកាល​មក​ហើយ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ លោកតា​មិន​ដែល​មានចិត្ត​ចង់​ធ្វើ​ការងារ​អ្វី ឬ​ក៏​មុខរបរ​រកស៊ី​អ្វី​ផ្សេង​ក្រៅពី​មុខរបរ​«​ធាក់​ស៊ី​ក្លូ​»នេះ​ឡើយ ។

អត្ថបទសរសេរ ដោយ