ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានដឹកនាំកងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការិយាល័យការពារ ចុះប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាឆក់ត្រីឈានដល់ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន កាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ។
លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យឈ្មោះពេត សារ៉ុម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ។ ជនម្នាក់នេះទន្ទឹមនឹងជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿង ហើយក៏ជាមុខសញ្ញាឆក់ត្រីយ៉ាងសកម្មផងដែរ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តឲ្យដឹងដែរថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើការឆែកឆេរនៅនឹងផ្ទះរបស់ជនសង្ស័យរកឃើញវត្ថុតាងជាក់ស្តែងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍ ម្សៅពណ៌សក្រាម ចំនួន២កូនថង់ ទម្ងន់១១,១០ក្រាម, កាំភ្លើងខ្លីជ័រម៉ាកឡុក១ដើម,ទូរស័ព្ទដៃ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១, ដែកកេះ២, ដាវសាម៉ូរ៉ៃ១ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត និងក្រដាស់វេរលុយថ្លៃទិញថ្នាំចំនួន២សន្លឹក។
លោកឧត្តមសេនីយ៍ទោបន្តថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យនិយាយថា ថ្នាំញៀនទាំងនេះ គឺគេទិញមកពីមនុស្សម្នាក់នៅថៃ ក្នុង១ថង់នេះតម្លៃ៥០ម៉ឺនរៀល ចំពោះលុយកាក់គឺគេវេរតាមវីង និងទ្រូម៉ាន់នី រួចយកថ្នាំមកលក់ចែកចាយបន្តក្នុងភូមិ។ ចំពោះសកម្មភាពរបស់គេទើបតែជាលើកទី១ទេ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជនសង្ស័យនេះកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ