AP កាលពីពេលថ្មីៗកន្លងមកផ្សាយថា លោកយាយជូលីយ៉ា ផ្លរ៉េស ខូលកេស (Julia Flores Colque) នៅក្រុងកេឈួ (Quechua) ប្រទេសបូលីវី មានអាយុវែងបានឆ្លងកាត់សង្គ្រាមលោកចំនួន២លើក អាចក្លាយជាស្ត្រីមានវ័យចំណាស់បំផុតនៅលើពិភពលោកក្នុងអាយុ១១៧ឆ្នាំ ។

នៅក្នុងអត្តសញ្ញាណប័ណ្ណរបស់លោកយាយបានបញ្ជាក់ថា ឈ្មោះជូលីយ៉ា ផ្លរ៉េស ខូលកេ កើតនៅថ្ងៃទី២៦ តុលា ឆ្នាំ១៩០០ ក្នុងប្រទេសបូលីវី។ បច្ចុប្បន្នមានអាយុ១១៧ឆ្នាំ និង១០ខែ ជាស្ត្រីមានអាយុច្រើនបំផុតនៅបូលីវី និងអាចមានអាយុវែងបំផុតនៅលើពិភពលោក ប៉ុន្តែខាងសៀវភៅកំណត់ត្រា «គីនណេសប៊ុក» បានគូសបញ្ជាក់ថា នៅមិនទាន់មានរបាយការណ៍បញ្ជាក់ ខណៈពេលលោកយាយក៏មិនចាប់អារម្មណ៍ ព្រោះមិនដែលស្គាល់សៀវភៅនេះ ។

បច្ចុប្បន្នលោកយាយស្នាក់នៅជាមួយចៅស្រីអាយុ៦៥ឆ្នាំ បានបញ្ជាក់ថា លោកយាយជាមនុស្សម្នាក់ចូលចិត្តរស់នៅជាមួយសត្វចិញ្ចឹមដូចជាឆ្កែ ឆ្មា និងមាន់-ទា ។ លើសពីនេះ នៅមានសុខភាពល្អ ចូលចិត្តពិសានំខេក និងលេងហ្គីតាឲ្យភ្ញៀវដែលមកកម្សាន្តបានស្ដាប់ ។

សម្រាប់ឯតទគ្គកម្មចាស់បុគ្គលមានអាយុវែងបំផុតនៅលើពិភពលោក គឺស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះណាប៊ី ថាជីម៉ា(Nabi Tajima) បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៨ សីហា២០១៨ ។
សម្រាប់តំណែងមនុស្សមានអាយុច្រើនបំផុតនៅលើពិភពលោកអាចធ្លាក់ទៅលើលោកយាយ ជូលីយ៉ា ផ្លរ៉េស ខូលកេក្នុងពេលដ៏ខ្លីខាងមុខ ៕
ចែករំលែកព័តមាននេះ