ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក-ម្តាយបារម្ភពីកូនប្រុសពេជ្រ ប៊ុនធឿន… ខណៈគោលដៅមិនដឹងនៅទីណា​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​ទោះជា​កន្លង​មក ​អតីត​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ​ពេជ្រ ប៊ុ​ន​ធឿ​ន ដែល​មាន​ប្រវត្តិ​ញាំញី​ទៅ​ដោយ​ថ្នាំ​ញៀន និង​ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​ថា ខ្លួន​នឹង​បោះបង់​ចោល​ឲ្យ​បាន​នូវ​គ្រឿងញៀន​ក្ដី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​សញ្ញា​ណាមួយ…

ខេត្តបាត់ដំបង ៖ បើ​ទោះជា​កន្លង​មក ​អតីត​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ​ពេជ្រ ប៊ុ​ន​ធឿ​ន ដែល​មាន​ប្រវត្តិ​ញាំញី​ទៅ​ដោយ​ថ្នាំ​ញៀន និង​ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​ថា ខ្លួន​នឹង​បោះបង់​ចោល​ឲ្យ​បាន​នូវ​គ្រឿងញៀន​ក្ដី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​សញ្ញា​ណាមួយ ​ដែល​អតីត​អ្នក​ប្រដាល់​រូប​នេះ​ ធ្វើខ្លួន​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ទេ ហើយ​ដំណើរ​ជីវិត​របស់​គេ​ នៅ​តែ​គ្មាន​ភាព​ច្បាស់លាស់​អំពី​គោលដៅ​ ដោយសារ​តែ​គ្មាន​ការងារ​ធ្វើ ហើយ​​ទំនង​មិន​អាច​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន​ទៀត​ផង ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អាណាព្យាបាល ដែល​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​អំពី​ជោគវាសនា​នៃ​អនាគត​កូនប្រុស​របស់​គាត់​ ​។

អ្នកស្រី​ញឹក ចាន់ ត្រូវជា​ម្ដាយ​ពេជ្រ ប៊ុ​នធឿ​ន បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​ថា​៖ «​ខ្ញុំ​នៅ​តែ​បារម្ភ​អំពី​ជោគវាសនា​កូនប្រុស ដែល​បច្ចុប្បន្ន​ហាក់​គា្ម​ន​គោលដៅ​ ក្នុង​ដំណើរ​ជីវិត​របស់​គេ​សោះ ។ ខ្ញុំ​មិន​បានដឹង​ថា គេ​ទៅ​ណា​មក​ណា​ទេ​រាល់​ថ្ងៃនេះ​… ខ្ញុំ​គ្រាន់តែ​ដឹង​ថា ពេល​ខ្លះ​គេ​ចេញ​ទៅ​ជួយ​ចាប់​ម៉ូយ​ដាក់​ឡាន​តាក់ស៊ី​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​សម្រាប់​ចាយ​ខ្លួនឯង​»​។

អ្នកស្រី​បាន​និយាយ​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ កូនប្រុស​គាត់​បាន​ជាប់ជំពាក់​វាក់​វិ​ន​យ៉ាង​ខ្លាំង​ជាមួយនឹង​គ្រឿងញៀន តែ​ក្រោយមក​ គេ​បាន​ព្យាយាម​លះបង់​បាន​យ៉ាង​ល្អ​ដែរ ហើយ​ថែម​ទាំង​បាន​ប្ដេជ្ញា​ថា នឹង​បោះបង់​អំពើ​អបាយមុខ​នេះ​ឲ្យ​បាន និង​ស្វែងរក​ការងារ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត​ហាក់​មិន​ទទួល​បាន​ជោគជ័យ​សោះ​។

អ្នកស្រី​ញឹក ចាន់ បាន​បញ្ជាក់​ថា បើ​តាម​អ្វី​ដែល​អ្នកស្រី​បានដឹង ការ​បរាជ័យ​របស់​កូន​គាត់​ ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​នេះ គឺ​អាច​ដោយសារ​កូន​គាត់​គ្មាន​ការងារ​ធ្វើ ។ នេះ​ជា​ហេតុផល​ដ៏​ធំ​ដែល​នាំ​ឲ្យ​កូន​គាត់​ពិបាក​នឹង​ឃ្លាត​ឆ្ងាយ​ពី​គ្រឿងញៀន ​។ អ្នកស្រី​បាន​បន្ថែម​ដូច្នេះ​​ថា សព្វ​ថ្ងៃនេះ ប៊ុ​ន​ធឿ​ន ចេញ​បាត់​ពី​ផ្ទះ​ពី​៣​ទៅ​៤​ថ្ងៃ ទើប​ចូល​ផ្ទះ​ម្ដង​។ គេ​ហាក់​មាន​ចរិត​ស្លូតបូត​បន្តិច​ មិន​កាច​សាហាវ​ដូច​មុន​ៗ​ទេ រីឯ​សុខភាព​ក៏​នៅ​រឹងប៉ឹង​ដែរ ប៉ុន្តែ​អ្នកស្រី​មិនសូវ​ហ៊ាន​សួរនាំ​អំពី​ការ​ដើរហើរ​របស់​កូន​ទេ​។

ជុំវិញ​ការ​ធ្វើ​ជា​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន​តាក់ស៊ី​វិញ បើ​តាម​ព័ត៌មាន​នានា​ពី​អ្នក​រត់​តាក់ស៊ី​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង បាន​និយាយ​ថា ជា​រឿយ​ៗ​គេ​តែង​ឃើញ​ពេជ្រ ប៊ុ​ន​ធឿ​នបង្ហាញមុខ​នៅ​ចំណតរថយន្ត​ផ្សា​របឹង​ឈូក ដើម្បី​ជួយ​ចាប់​ម៉ូយ​ដាក់​ឡាន​តាក់ស៊ី ។ ប៉ុន្តែ​មិនសូវ​ជាប់លាប់​ទេ ក្រោយ​ពី​បាន​កម្រៃ​បន្តិច​បន្តួច​ស្រាប់តែ​បាត់​មុខ​ប៊ុ​ន​ធឿ​ន​ពី​ចំណតរថយន្ត​ភ្លាម​តែ​ម្ដង ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា អ្នក​ណា​ក៏​ដឹង​ថា អតីត​កីឡាករ​ប្រដាល់ ពេជ្រ ប៊ុ​ន​ធឿ​ននេះ ​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ញៀន​ថ្នាំ​ដែរ តែ​ប៊ុ​ន​ធឿ​ន មិន​ដែល​បង្ក​បញ្ហា​អ្វី​ជាមួយ​អ្នក​ដទៃ​ នៅ​កន្លែង​ចាប់​ម៉ូយ​ទេ ហើយ​គេ​ក៏​មិន​រើសអើង​ដែរ​។

សូម​បញ្ជាក់​ថា អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង ពេជ្រ ប៊ុ​ន​ធឿ​ន មាន​វ័យ​៣៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ ពេជ្រ ប៊ុ​ន​ធឿ​ន ធ្លាប់​និយាយ​ប្រាប់​កោះសន្តិភាព កាលពី​អំឡុង​ខែមេសា កន្លង​ទៅ​ថា​៖ «​ខ្ញុំ​បាន​បោះបង់​គ្រឿងញៀន​ហើយ តែ​ខ្ញុំ​មិន​អាច​ឡើង​សង្វៀន​ប្រកួត​ដូច​មុន​បាន​ទៀត​ទេ​ព្រោះ​អន់​កម្លាំង​… ខ្ញុំ​ចង់​ក្លាយជា​គ្រួ​បង្វឹក​ម្នាក់​ដើម្បី​ជួយ​បង្វឹក​ដល់​កីឡាករ​ជំនាន់​ក្រោយ​»​។

កីឡាករ ពេជ្រ ប៊ុ​ន​ធឿ​ន ត្រូវ​បាន​អ្នក​និយម​វិស័យ​កីឡាប្រដាល់​គ្រប់​ស្រទាប់វណ្ណៈ​ចាត់​ទុក​ថា​ជា​កីឡាករ​ដ៏​ឆ្នើម​ដែល​មាន​ក្បាច់​ប្រដាល់​ដ៏​ល្អ​និង​ខ្លាំងក្លា​បំផុត តាម​រយៈ​ការ​ប្រើ​ជង្គង់ និង​កែង ផ្ដូ​ល​គូប្រកួត ។ កីឡាករ​រូប​នេះ​ធ្លាប់​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្បីល្បាញ​មួយ​ក្នុង​អំឡុង​ឡើង​សង្វៀន​២​ឆ្នាំ​ដំបូង ពេល​ដែល​រូបគេ​បាន​ផ្ដូ​ល​គូប្រកួត​ឲ្យ​សន្លប់​ដល់​ទៅ​២​នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ពេល​ឡើង​សង្វៀន​ប្រដាល់​ម្ដង ដែល​មិន​ធ្លាប់​មាន​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​អ្នក​ប្រដាល់​។

បើ​តាម​លោក សាត ថា​ន ជា​ឪពុក​បង្កើត​បាន​ប្រាប់​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់​កូន​ថា ពេជ្រ ប៊ុ​នធឿ​ន ជា​គ្រាប់ពូជ​ដែល​បណ្ដុះ​ចេញពី​ក្នុង​ក្លិប​កីឡាប្រដាល់​«​ពន្លឺ​សាមគ្គី​» ដែល​មាន​គ្រូបង្វឹក​គឺ​លោក សៅ ថិ​ន និង​លោក សៅ ប៊ុ​ន​ធឿ​ន នៅ​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ក្នុង​អំឡុង​ចុង​ទស​វត្ស​ឆ្នាំ​១៩៩០ ។ ប៉ុន្តែ​ពេជ្រ ប៊ុ​ន​ធឿ​នធ្លាប់​បាន​និយាយ​ថា​៖«​ខ្ញុំ​ចាប់ផ្ដើម​ឡើង​លើ​សង្វៀន​ប្រដាល់​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ដែល​កាលនោះ​ខ្ញុំ​ទើប​មាន​អាយុ​ត្រឹម​១១​ឆ្នាំ​»​។

ពិតមែនតែ​ក្លាយជា​កីឡាករ​ល្បី​ក្នុង​ពិភពប្រដាល់ ប៉ុន្តែ​ស្រប​ពេល​នោះ​ពេជ្រ ប៊ុ​ន​ធឿ​ន ក៏​កំពុង​ធ្លាក់​ចូល​ក្នុង​អំពើ​អបាយមុខ​ជាមួយនឹង​គ្រឿងញៀន​ដែរ រហូត​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដាក់​ក្នុង​មណ្ឌល​កែប្រែ​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ។ ប៉ុន្តែ​កាលនោះ ពេជ្រ ប៊ុ​ន​ធឿ​នបាន​ប្រាប់​ថា​៖«​ខ្ញុំ​បាន​បោះបង់​គ្រឿងញៀន​ហើយ ។ ពេល​នេះ​ខ្ញុំ​សម្រាក​នៅផ្ទះ គ្មាន​ការងារ​ធ្វើ​ទេ ។ ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្វឹក​ដ៏​ល្អ​ម្នាក់​នៅ​ក្លិប​កីឡា​ណាមួយ​ប្រសិនបើ​មាន​អ្នក​ជួយ​ខ្ញុំ​»​។

ជុំវិញ​បញ្ហា​ទាំងនេះ លោក សាត ថា​នដែល​មាន​វ័យ​៧០​ឆ្នាំ និង​ជា​ឪពុក​របស់ ពេជ្រ ប៊ុ​ន​ធឿ​ន បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ថា «​ពិតមែនតែ​កូនប្រុស​ខ្ញុំ​ធ្លាប់​មាន​បំណង​បែប​នេះ​ក្ដី តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ក្លិប​ប្រដាល់​ណាមួយ​ប្រកាស​ចង់​ជួយ​ជ្រោមជ្រែង​កូន​ខ្ញុំ​នៅឡើយ​ទេ ។ ពេល​នេះ​កូន​ខ្ញុំ​នៅ​តែ​គ្មាន​ការងារ​ធ្វើ ហើយ​ក៏​មិនដឹង​ថា គេ​កំពុង​ធ្វើ​អ្វីខ្លះ​ពេល​ចេញ​បាត់​ពី​ផ្ទះ​ម្ដង​ៗ​ដែរ​»​។

ពាក់ព័ន្ធ​នឹង​ដំណើរ​ជីវិត​របស់​លោក ពេជ្រ ប៊ុ​ន​ធឿ​ន កោះសន្តិភាព​បាន​ស្វែងរក​គ្រប់​គោលដៅ​ដែល​អតីត​កីឡាករ​រូប​នេះ​ធ្លាប់​មាន​វត្តមាន រាប់​ទាំង​ចំណតរថយន្ត​ផ្សា​របឹង​ឈូក​ផង នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដើម្បី​ចង់​ដឹង​អំពី​ស្ថានភាព​ខ្លះ​ៗ​របស់​គេ តែ​មិន​បាន​សម្រេច​ឡើយ ។ ដោយឡែក នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ លោក សាត ថា​ន និង​អ្នកស្រី​ញឹក ចាន់ ដែល​ជា​អាណាព្យាបាល ហាក់​បង្ហាញ​ពី​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ជោគវាសនា​របស់​កូនប្រុស​ទៅ​ថ្ងៃ​អនាគត​។

តាម​រយៈ​កោះសន្តិភាព លោក សាត ថា​ននៅ​តែ​មាន​ចេតនា​សំណូមពរ និង​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​កីឡា ឬ តាម​បណ្ដា​ក្លិប​ប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​នានា សូម​មេត្តា​ជួយ​ស្រោចស្រង់​ដល់​កូនប្រុស​គាត់​ផង​ដើម្បី​ឲ្យ​គេ​រួច​ចាក​ឆ្ងាយ​អំពី​គ្រឿងញៀន​។ព្រោះ​លោក​មាន​ជំនឿ​ថា បើ​កូនប្រុស​របស់​លោក​មាន​ការងារ​ធ្វើ គេ​នឹង​អាច​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ។ ម្យ៉ាងវិញទៀត គេ​នៅ​មាន​សុខភាព​ល្អ នៅ​មាន​កម្លាំងកំហែង និង​តម្រិះវិជ្ជា​អាច​បង្ហាត់បង្រៀន​ក្បាច់គុន​បុរាណ​ខ្មែរ​ដល់​កីឡាករ​ជំនាន់​ក្រោយ​បាន​៕ ​

អត្ថបទសរសេរ ដោយ