ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​បូក​សរុប​ការងារ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តសៀមរាប រួម​ទាំង​រដ្ឋបាល​ខេត្ត បាន​ធ្វើ​សន្និបាត បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តសៀមរាប រួម​ទាំង​រដ្ឋបាល​ខេត្ត បាន​ធ្វើ​សន្និបាត បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ សាលាខេត្ត​សៀមរាប ក្នុង​គោលបំណង​វាយតម្លៃ និង ស្វែង​យល់​ពី​ចំណុចខ្លាំង និង​ខ្សោយ នៃ​ការ​អនុវត្ត​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក ដើម្បី​ជា​បទ​ពិសោធន៍ និង​ធ្វើការ​កែ​លម្អ​ក្នុង​ពេល​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ៗ ឲ្យ​ប្រព្រឹត្ត​ទៅ​មាន លក្ខណៈ​សេរី​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព គ្រប់​ភាគី​ចូលរួម​ទទួលយក​លទ្ធផល​ការ​បោះ​ឆ្នោត និង មានការ​សាទរ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​។

ពិធី​នេះ​ដោយ​មានការ​ចូលរួម​របស់​លោក ង៉ា​ន់ ភិ​រុណ អភិបាលរង​នៃ​គណៈ អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ទាំង​បី ក្រុមប្រឹក្សា អាជ្ញាធរ​ក្រុង ស្រុក លោក​មេឃុំ ចៅសង្កាត់ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​តំណាង​គណបក្ស​នយោបាយ និង អង្គការ​សង្គម​ស៊ី​វិល ព្រមទាំង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប្រមាណ​ជាង​៣០០​នាក់​ចូលរួម ។

ក្នុង​នោះ​ដែរ​លោក នឹម វ៉ា​ន់​សំ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត ក៏​បាន​ធ្វើការ​បង្ហាញ អំពី​លទ្ធ​ផលបូក​សរុប​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ព្រមទាំង​បាន​បញ្ជាក់​អំពី​កិច្ច​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​ទៅ​តាម​ដំណាក់កាល ទៅ​តាម​ប្រតិទិន​របស់​គណៈកម្មការ រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត ដែល​បាន​កំណត់​ជូន​ដល់​គ្រប់ គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ឃោសនា​របស់​ខ្លួន​។

កត្តា​សំខាន់​នៃ​កិច្ច​ដំណើរការ​ឃោសនា បោះ​ឆ្នោត ដោយ​បាន​រៀបចំ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ , ការ​ឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ,​ការ​បោះ​ឆ្នោត​រាប់​សន្លឹក​ឆ្នោត ការ​ប្រកាស​លទ្ធផល​,​ការ​ដាក់​ការ​ទទួល ការ​ដោះស្រាយ​ពា​ក្ស​បណ្តឹង និង​បណ្តុះបណ្តាល អប់រំ​អ្នកបោះឆ្នោត ព្រមទាំង​ការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ជូន អ្នកបោះឆ្នោត​ផង​ដែរ​។ ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​នេះ​ដែរ​លោក​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ទូទៅ​នៃ​កិច្ច​ដំណើរការ​បោះ​ឆ្នោត ក្នុង​អណ​ត្តិ​ទី​៦​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ព្រមទាំង​គ្មាន​ការ គំរាមកំហែង គឺ​ប្រកប​ទៅ​ដោយ​បរិយាកាស​ល្អ​ប្រសើរ​។

លោក​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ចំនួន ៤២២​ពាន់​៦២៤​នាក់ ស្មើ ៧៨,៩២% នៃ​ចំនួន​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ៥៣៥​ពាន់​៥២១​នាក់ ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការ​ជ្រើសតាំង​តំណាង​របស់​ខ្លួន​។ ក្នុង​សន្លឹក​ឆ្នោត​បានការ​មាន​ចំនួន​សរុប ៣៩២​ពាន់​២៦៤​សន្លឹក មិន​បានការ​ចំនួន ៣០​ពាន់​៣៦០​សន្លឹក មាន​១០០​ឃុំ ដែល​មាន​ការិយាល័យ បោះ​ឆ្នោត សរុប ១​ពាន់​៤៧៣​ការិយាល័យ​។ ក្នុង​នោះ​ដែរ​ក៏​បានការ​ធ្វើ​បទ​អន្តរាគមន៍​របស់​កងកម្លាំង​សមត្ថកិច្ច អំពី​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ព្រមទាំង​ការ​មាន​ចំណាប់អារម្មណ៍ និង​ការ​លើក​នូវ​សំណូមពរ​មួយ​ចំនួន របស់​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​រដ្ឋបាល​ក្រុង ស្រុក ឃុំ​សង្កាត់​ផង​ដែរ​។

បន្ទាប់​ពី​ការ​បកស្រាយ​របស់​លោក​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រួច​មក លោក ង៉ា​ន់ ភិ​រុណ អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​កោតសរសើរ ចំពោះ​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់បោះឆ្នោត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដែល​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ទទួល​បាន​លទ្ធផល ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ទិដ្ឋភាព​បច្ចេកទេស ក្រោម​បរិយាកាស សន្តិភាព មាន​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព គ្មាន​ការ​គំរាមកំហែង គ្មាន​អំពើ​ហិង្សា​នោះ​ឡើយ ។

លោក​ក៏​បាន​បន្ត​ទៀត​ថា កម្ពុជា​បាន​ធ្វើការ​បោះ​ឆ្នោត​ស្រប​តាម​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំង​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់ ស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​១៥​លើក​មក​ហើយ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​គណបក្ស នយោបាយ​ទាំង​១៨ នៃ​គណបក្ស​នយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ខេត្តសៀមរាប ទាំង​ការ​ឃោសនាការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត ដោយ​មិន​បាន​បង្ក​នូវ​ភាព​លំបាក​ដល់​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច ហើយ​ក៏​ជា​ការ​ដែល បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ចាស់ទុំ​របស់​គណបក្ស​នយោបាយ ទាំងអស់​ក្នុង​ការ​គោរព​ច្បាប់ ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ