ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិន​គួរ​ជាប់ជំពាក់​ក្នុង​កាម

5 ឆ្នាំ មុន

កាម​ទាំងឡាយ​ដ៏​មាន​រស​ឆ្ងាញ់ ជាទី​រីករាយ​នៃ​ចិត្ត តែ​កាម​នេះ​មាន​ពិសពុល​ណាស់​តែង​ញាំញី​ចិត្ត​សត្វ​ឱ្យ​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ប្រការ​ផ្សេង​ៗ, ដោយសារ​តែ​ឃើញ​នូវ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ ទើប​កុលបុត្រ​ចេញ​ចាក​ផ្ទះសម្បែង​ទៅ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​យល់​ថា ភាព​ជា​សមណៈ មិនសូវ​ខុស​ភ្លាត់ និង​ជា​ភេទ​ដ៏​ប្រសើរ​លើសលប់ ។…

កាម​ទាំងឡាយ​ដ៏​មាន​រស​ឆ្ងាញ់ ជាទី​រីករាយ​នៃ​ចិត្ត តែ​កាម​នេះ​មាន​ពិសពុល​ណាស់​តែង​ញាំញី​ចិត្ត​សត្វ​ឱ្យ​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ប្រការ​ផ្សេង​ៗ, ដោយសារ​តែ​ឃើញ​នូវ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ ទើប​កុលបុត្រ​ចេញ​ចាក​ផ្ទះសម្បែង​ទៅ​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​យល់​ថា ភាព​ជា​សមណៈ មិនសូវ​ខុស​ភ្លាត់ និង​ជា​ភេទ​ដ៏​ប្រសើរ​លើសលប់ ។

កុលបុត្រ​បួស​ដោយ​សទ្ធា បាន​ប្រតិបត្តិ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ដ៏​តឹងរ៉ឹង បព្វជ្ជា​របស់​កុលបុត្រ​មិន​មានទោស បរិភោគ​ភោជន​ដែល​មិន​មាន​បំណុល ជា​ភេទ​ដ៏​ប្រសើរ ។ អ្នកបួស​ឃើញ​នូវ​កាម​ទាំងឡាយ ហាក់ដូចជា​ភ្លើង​កំពុង​តែ​ឆេះ​សព្វ​ប្រាណ​ហើយ ឃើញ​នូវ​ជាតរូប ហាក់ដូចជា​គ្រឿង​សស្ត្រាវុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំពី​ការ​ចុះ​ចាប់បដិសន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យ​ធំ​ក្នុង​នរក​ទាំងឡាយ ព្រោះតែ​ឃើញ​នូវ​ទោស​នេះឯង ក៏​បាន​ដល់​នូវ​សេចក្តី​សំវេគ​ក្នុង​កាលនោះ ហើយ​ស្វែងរក​សេចក្តីសុខ​មិន​ងាក​ក្រោយ ។

ព្រះពុទ្ធ​សាសនា អ្នកបួស​បាន​បម្រើ​ហើយ ភារៈ​ដ៏​ធ្ងន់​អ្នកបួស​បាន​ទ្រ​ហើយ តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អ្នកបួស​បាន​ដក​ចោល​អស់ហើយ ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​កិលេស​ជា​គ្រឿង​ចង​ឆ្វាក់​ចិត្ត​សត្វ អ្នកបួស​បាន​កម្ចាត់​អស់ហើយ​ដែរ ។

កាល​បព្វជិត​ពិចារណា​ឃើញ​នូវ​ទោស​នៃ​កាម​បែប​នេះ​ហើយ ក៏​ធ្វើ​ឱ្យ​ចិត្ត​ដល់​នូវ​ក្តី​សង្វេគ នឿយណាយ​ក្នុង​កាមតណ្ហា ក៏​កម្ចាត់​ចោល​នូវ​សំយោជនៈ​ឱ្យ​អស់ពី​ខន្ធ​សន្តាន លែង​ជាប់ជំពាក់​នឹង​តម្រេក​តទៅ​ទៀត​ហើយ ។