តាមក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានឱ្យដឹងថា ពិសាទឹកមើមឆៃថាវក្រហម( Beetroot) រាល់ថ្ងៃអាចជួយឱ្យសម្ពាធឈាមចុះទាប ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះរកឃើញថា ផឹកក្នុងបរិមាណប្រហែលជា១ពែងអាចនឹងធ្វើឱ្យសម្ពាធឈាមចុះដល់៧ភាគរយ ។
តាមការធ្វើតេស្ត ប្រសិទ្ធភាពនេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់ ។ ការទទួលទានអាហារដែលសម្បូរដោយសារធាតុនីត្រាតអាចនាំឱ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាម ហើយដែលបញ្ហានេះអាចបង្កើនបរិមាណអុកស៊ីសែននៅកន្លែងដែលរាងកាយខ្វះ ។
Amrita Ahluwalia សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of Londonបានថ្លែងថា៖ «យើងពិតជាភ្ញាក់ផ្អើលដែលសារធាតុនីត្រាតកម្រិតតិចតួចមានប្រសិទ្ធភាពយ៉ាងធំធេងបែបនេះ ។ ក្តីសង្ឃឹមរបស់យើងគឺថា បង្កើនការទទួលទានបណ្តាបន្លែដែលសម្បូរដោយសារធាតុនីត្រាតដូចជាមើមឆៃថាវក្រហមនេះអាចជាបំលាស់ប្តូរបែបបទរស់នៅដែលនឹងធ្វើឱ្យល្អប្រសើរដល់សុខភាពបេះដូង »។
ឮដោយឡែក ការផ្លាស់ប្តូររបៀបរបបរស់នៅដូចជា កាត់បន្ថយការទទួលទានអាហារប្រៃខ្លាំង និងគ្រឿងស្រវឹងប៉ុន្តែបន្ថែមការហាត់ប្រាណអាចនឹងរក្សាសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតធម្មតា ។ចំណែកការសិក្សាលើកមុនបានរកឃើញថា ឆៃថាវក្រហមជួយបង្កើនកម្លាំងកាយចិត្ត និងព្រមទាំងជួយជំរុញការផ្គត់ផ្គង់ឈាមឱ្យចូលទៅដល់ផ្នែកសំខាន់ៗក្នុងខួរក្បាលទៀតផង ៕
ចែករំលែកព័តមាននេះ