ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះនិងថ្ងៃស្អែក…មានបេក្ខជនជាង១១ម៉ឺននាក់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០​និង​២១ ខែសីហា ឆ្នាំ​២០១៨ គឺជា​សម័យ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ដែល​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧.០៦១​នាក់ និង​មណ្ឌល​ប្រឡង ចំនួន​១៩៥​មណ្ឌល ចែក​ចេញ​ជា​៤.៧៦១​បន្ទប់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០​និង​២១ ខែសីហា ឆ្នាំ​២០១៨ គឺជា​សម័យ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ដែល​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧.០៦១​នាក់ និង​មណ្ឌល​ប្រឡង ចំនួន​១៩៥​មណ្ឌល ចែក​ចេញ​ជា​៤.៧៦១​បន្ទប់ នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បិទ​បញ្ជី​ឈ្មោះ​បេ​ក្ខជន លេខ​តុ លេខ​បន្ទប់ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗទាក់ទង​នឹង​ការ​ប្រឡង នៅ​តាម​មណ្ឌល​ប្រឡង​ចាប់ពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ខណៈ​ដំណើរការ​សំ​ណេ​រ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២០​និង​២១ ខែសីហា​។

អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​ប្រមាណ​៥.០០០​នាក់​ដែល​រៀបចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ភាគច្រើន​ជា​ក្រុម​យុវជន​នឹង​ចុះ​ទៅ​តាមមណ្ឌល​ទូ​ទាំង​ប្រទេស ក្នុង​ចេតនា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រឡង​នេះ​គោរព​តាម​គោលការណ៍​ក្រសួង​អប់រំ «​អ្នកចេះ​គឺ​ជាប់​» ។

ដោយឡែក បេក្ខជន​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ ។ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និង​កីឡា បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ​ធ្វើ​កំណែ​ទម្រង់ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែល​មាន​អ្នក​សង្កេត​ការណ៍​ចូលរួម​តាមដាន​គ្រប់​សកម្មភាព​របស់​បេក្ខជន​ប្រឡង ។ ចំពោះ​កំណែទម្រង់​នៃ​ការ​ប្រឡង​ទាំង​៤​លើក​កន្លង​ទៅ គឺ​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង ។

លោក​អនុរដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​២៥ គិត​ជា​បន្ទប់​ប្រឡង​មាន​ចំនួន​៩១៣​បន្ទប់ ដែល​មាន​បេក្ខជន​ប្រឡង​ចំនួន​២២.៧៧៨​នាក់ ។ លោក​បាន​ស្នើ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ត្រូវ​បន្ដ​កិច្ចសហការ​គាំទ្រ ដើម្បី​ធ្វើការ​សម្របសម្រួល​បេក្ខជន​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាប​ត្រ​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ល្អ​ប្រសើរ ។

លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ស្នើ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង​លើ​២៤​ម៉ោង នៅ​តាម​មណ្ឌល​ប្រឡង​ទាំងអស់ និង​ការពារ​សុវត្ថិភាព​នៅ​មណ្ឌល​ទាំង​១០​កន្លែង​នៅ​រាជធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែសីហា ។ ចំពោះ​អ្នក​សង្កេត​ការណ៍​សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ លោក ឃាង សេង ឱ្យ​ដឹង​ថា គឺ​អង្គភាព​ដាក់​អ្នក​សង្កេត​ការណ៍​ស្ម័គ្រចិត្ត​ចំនួន​១.១១៤​នាក់​ទូ​ទាំង​២៥​មណ្ឌល​ប្រឡង ។

លោក​លើក​ឡើង​ថា គ្រប់​បេក្ខជន​ប្រឡង​ទាំងអស់​និង​អ្នក​ពាក់ព័ន្ធ​នានា បើ​ធ្វើ​ឱ្យ​បែកធ្លាយ​វិញ្ញាសា​ជា​សាធារណៈ គឺ​ជាប់​ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសា​មែន​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​ឱ្យ​ខាង​តែ​បាន ។

ភាព​សម្ងាត់​នៃ​វិញ្ញាសា​ប្រឡង ជា​រឿយ​ៗ ACU​និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​ឱ្យ​បេ​ក្ខជន​ប្រឡង អ្នក​សង្កេតការណ៍ មេ​ប្រយោគ គ្រូ​អនុរក្ស និង​អ្នក​ពាក់ព័ន្ធ​នានា ហាម​ដាច់ខាត​ការ​ថត​វិញ្ញាសា និង​ការ​រក្សា​ភាព​សំងាត់​នៃ​វិញ្ញាសាដែល​​សូ​ម្បី​តែ​ការ​ថត​រក្សា​ទុក​ផ្ទាល់ខ្លួន​ក៏​មិន​អនុញ្ញាត​ឱ្យ​ថត​ដែរ ហើយ​អ្នក​ថត​នោះ​បើ​ចាប់​បាន​ក៏​ត្រូវ​មានទោស​ដូច​គ្នា។

សូម​ជម្រាប​ថា សម័យ​ប្រឡង​កាលពី​ឆ្នាំ​២០១៧ មាន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ចំនួន​១០៣.១១២​នាក់
និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧៦ ចែក​ចេញ​ជា​៤.១៥៥​បន្ទប់​នៅ​ទូ​ទាំង​ប្រទេស ។

យោង​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក រស់ សាលី​ន បានឱ្យ​ដឹង​ថា មណ្ឌល​ប្រឡង​១​នៅ​ខេត្តកំពត ត្រូវ​បាន​ប្តូរ​ដោយសារ​តែ​មណ្ឌល​ប្រឡង​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត​ត្រូវ​ទឹកភ្លៀង​ជន់​លិច ដោយ​ប្តូរ​ទៅ​សាលា​ឯកជន​វឌ្ឍន​វិជ្ជា​វិញ ។ចំណែក​ទឹកជំនន់​ទន្លេមេគង្គ មិន​មាន​ផល​ប៉ះពាល់​ទេ ៕