ចោរឆក់ការបូបភ្ញៀវបរទេសម្នាក់មិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច
- សៀមរាប
ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយ កម្លាំងអង្គភាពនគរបាលទេសចរណ៍ បានធ្វើការបង្ក្រាបករណីចោរឆក់កាបូបភ្ញៀវបរទេសមិនបានសម្រេច ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍ចោរឆក់ កាបូប ភ្ញៀវបរទេសនេះកើតឡើងនៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ស្ថិតនៅម្តុំមុខផ្សារ ចៅសាំងហុក ក្រោយឡាពេ ក្នុងភូមិសាស្ត្រ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។


ប្រភពបានបញ្ជាក់ថា ដំណើររឿង មានជនសង្ស័យពីរនាក់បានបើកម៉ូតូ ម៉ាក គ្លីក សេរីឆ្នាំ២០១៥ ពណ៌ឈាមជ្រូក បានធ្វើសកម្មភាពជិះឆក់កាបូបដៃ របស់ជនបរទេសខាងលើ ខណៈកំពុងដើរម្នាក់ឯងតាមផ្លូវ។ ពេលនោះពួកវាធ្វើសកម្មភាពឆក់កាបូប បានភ្លាមក៏ត្រូវបានកងកម្លាំង នគរបាលយើង ដែលធ្វើសកម្មភាពល្បាតត្រួតពិនិត្យនៅជិតនោះបានដេញតាមប្រមាញ់ចាប់បានម្នាក់ ដែលជាអ្នកជិះពីក្រោយ និងជាអ្នកធ្វើសកម្មភាពឆក់ ចំណែកអ្នកបើកម៉ូតូបានបើករត់គេចខ្លួនបាត់។
ចំពោះសម្ភារ និងកាបូបដៃរបស់ភ្ញៀវ កម្លាំងយើងបានយកមកវិញទាំងអស់។ ក្រោយពីការសាកសួររបស់សមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យម្នាក់ដែលជំនាញឆក់កាបូប ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតាមនីតិវិធីច្បាប់បន្ត។ រីឯរបស់របរ និងសម្ភារ កម្លាំងយើងបានប្រគល់ជូនម្ចាស់ដែលជាជនរងគ្រោះ(បរទេស)វិញអស់ហើយ៕
ចែករំលែកព័តមាននេះ