ចិនវិនិយោគ1ពាន់លានដុល្លារលើគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ១ពាន់លានដុល្លារ ដែលនឹងក្លាយជាមជ្ឈមណ្ឌលកម្សាន្ដសម្រាប់ថ្មើរជើងលើកដំបូងនៅកម្ពុជា ត្រូវបានវិនិយោគិនមកពីប្រទេសចិនបោះទុនវិនិយោគនៅទឹកដីខណ្ឌឫស្សីកែវ ។ គម្រោងនេះ ត្រូវបានសហការវិនិយោគដោយកំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនយុនណាន សេងម៉ៅ អុិនវេសមិន ដើម្បីបង្កើតគម្រោងមួយដែលមានឈ្មោះថា « TCC TRIUMPH Commercial Center » ។


លោក ហ៊ឺ បាវី បានបន្តថា ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ហើយនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ ដោយចំណាយដើមទុនអស់ចំនួន១ពាន់លានដុល្លារអាមេរិក លើផ្ទៃដីទំហំជិត១០ហិកតា ។ បច្ចុប្បន្ន មានក្រុមហ៊ុនម៉ាកល្បីៗជាង៤០០បានសហការជាមួយ ហើយកម្ពុជានឹងប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាទីតាំងពាណិជ្ជកម្មចម្រុះធំជាងគេនៅភ្នំពេញ ។
យោងតាមឯកសារក្រុមហ៊ុនបានឲ្យដឹងថា TCC TRIUMPH Commercial Center នឹងក្លាយជាមជ្ឈមណ្ឌលថ្មើរជើងពាណិជ្ជកម្ម អន្តរជាតិ ដែលមានរហូតដល់១០រចនាបថ ហើយមជ្ឈមណ្ឌលនេះ នឹងធ្វើឲ្យទំនិញនៅលើពិភពលោកផ្សារភ្ជាប់នឹងប្រទេសកម្ពុជាទាំងមូល ឆ្លងតាមរយៈទីក្រុងភ្នំពេញ អាចឲ្យទំនិញនៅលើពិភពលោកដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា ។ តាមឯកសាររបស់ក្រុមហ៊ុន អ្វីជាគុណសម្បត្តិពិសេសនៃគម្រោងនេះមានចំនួន៥ ដូចជា ៖ ទី១-កន្លែងនេះមានប្រជាជនទៅមកច្រើន ។ ទី២-ទីនេះមានដើមទុនរឹងមាំ ។ ទី៣-ទីនេះមានស្ថិរភាពអាជីវកម្មល្អបំផុត ។ ទី៤-ទីនេះមានសេវាកម្មល្អបំផុត និងទី៥-ទីនេះមានសន្តិសុខល្អបំផុត ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ការវិនិយោគរបស់ចិននៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារហេតុផលមួយចំនួនដូចជា ទី១-គោលនយោបាយផ្លូវសូត្រ ឬខ្សែក្រវាត់មួយ ផ្លូវមួយ របស់ចិន ដែលឆ្ពោះមកកាន់តំបន់អាស៊ី ហើយកម្ពុជាជាប្រទេសដែលបានទទួលផលច្រើនជាងគេ ដោយសារទំនាក់ទំនងដ៏ល្អជាប្រវត្តិសាស្ត្រ និងរវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ និងទី២-ដោយសារកត្តាផ្ទៃក្នុងកម្ពុជា ដែលសម្រេចបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ។ លោកបន្តថា ៖« កំណើនសេដ្ឋកិច្ចធ្វើឲ្យប្រាក់ចំណូលប្រជាជនកើនឡើង ធ្វើឲ្យអំណាចទិញកើនឡើង ។ ហេតុនេះ ទើបអ្នកវិនិយោគចូលមកកាន់តែច្រើន ព្រោះបើពួកគេមិនអាចរកផលចំណេញបាន ពួកគេក៏មិនចូលមកវិនិយោគនៅកម្ពុជាដែរ » ៕
ចែករំលែកព័តមាននេះ