រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាងទេព សម្ជស្ស ទើបតែសម្រាលបានកូនស្រី បន្ទាប់ពីនាងខកខានមិនបានចេញមុខជាច្រើនខែក្នុងពិភពសិល្បៈ ក្នុងពេលនាងទើបតែសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈបានមួយរយះចុងក្រោយនេះប៉ុណ្ណោះ ។ ទស្សនិកជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារារូបនេះបានបង្ហាញរូបភាពកូនស្រីដ៏គួឲ្យស្រឡាញ់ ដែលទើបតែចាប់កំណើត ថ្មីៗ ក្នុងពេលដែលនាងគ្មានដំណឹងពីអាពាហ៍ពិពាហ៍នោះ ។
បន្ទាប់ពីទេព សម្ជស្ស បានបង្ហាញមុខកូនស្រីរបស់នាងតាមហ្វេសប៊ុកនាពេល ថ្មីៗកន្លងមកនេះមានប្រិយមិត្តគាំទ្រ និងមិត្តភក្តិក្នុងសិល្បៈជាច្រើនបានសម្តែងការអបអរសាទរ ជាមួយវត្តមានសមាជិកថ្មីក្នុងគ្រួសាររបស់នាងនាពេលនេះ ។ កូនស្រីរបស់ទេព សម្ជស្ស បានចាប់កំណើតឡើងប្រហែលជាមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលនាងបង្ហាញជាសាធារណៈប្រាប់ដល់មហាជនឲ្យបានដឹងពីតំណក់ឈាមរវាងនាង និងបុរសជានជាតិហ៊្វីលីពីន ។
ជាការកត់សម្គាល់ទើបតែកសាងខ្លួនពីតារាបង្ហាញម៉ូដមកជាតារាសម្តែងបានប៉ុន្មានឆ្នាំទេព សម្ជស្ស បានបង្ហាញភាពហ៊ឺហាក្នុងជីវភាពរបស់ខ្លួនតាមរយៈការរស់នៅក្នុងខុនដូដែលមួយខែត្រូវចំណាយសម្រាប់ថ្លៃជួលជាង១ពាន់ដុល្លារ ។ ខុនដូនោះដែលនាងស្នាក់អាស្រ័យគឺបានការជួយទំនុកបម្រុងទាំងស្រុងពីមិត្តប្រុសរបស់នាងដែលជាជនជាតិហ្វ៊ីលីពីន ។
តួឯកស្រីក្នុងរឿង«ជីវិតនាងរក្សា» នាងទេព សម្ជស្ស ធ្លាប់បានអះអាងថា បច្ចុប្បន្ននាងកំពុងរស់នៅក្នុងខុនដូ ជាមួយមិត្តប្រុសរបស់នាងដែលបានស្រឡាញ់គ្នាជាង៥ឆ្នាំមកហើយ ។ មិត្តប្រុសរបស់នាងទេព សម្ជស្ស គឺជាជនជាតិហ្វ៊ីលីពីនមានវ័យជាង៣០ឆ្នាំ បច្ចុប្បន្នកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា។
អ្នកទាំងពីរចាប់ចិត្តស្រឡាញ់គ្នាជាយូរមកហើយតាមរយៈការស្គាល់គ្នាពេលចូលរួមពិធីរបស់មិត្តភក្តិស្រីរបស់នាង ។ មិត្តប្រុសរបស់នាងតែងតែជួយផ្ទុងផ្តើមនាងជាបន្តបន្ទាប់។ មុនពេលទទួលបានកូនស្រីម្នាក់នាពេលនេះ ទេព សម្ជស្ស ធ្លាប់និយាយថា បើទោះបីជាគម្រោងរៀបការនៅមិនទាន់ចេញជារូបរាងនោះ ពួកនាងនឹងបន្តរស់នៅបែបនេះ ខណៈពេលដែលទាំងសងខាងបានឈ្វេងយល់ចិត្តគ្នាយ៉ាងច្បាស់ ។
បន្ទាប់ពីសម្រាលកូនហើយនោះគេមិនដឹងថា ទេព សម្ជស្ស នឹងវិលមករកការសម្តែងជាថ្មីវិញ ឬយ៉ាងណាឡើយ ក្នុងពេលដែលនាងធ្លាប់អះអាងថា ស្វាមីរបស់នាងមិនបានហាមឃាត់ឲ្យនាងចូលប្រឡូកក្នុងសិល្បះនោះដែរ ៕

ចែករំលែកព័តមាននេះ