ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​តាម​មាត់ទន្លេ​ចាប់ផ្ដើម​មាន​សកម្មភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សកម្មភាព​លើកដាក់​ទំនិញ​នានា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវ​បាន​រុះរើ​ទៅ​កាន់​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ហើយ នៅ​សល់​តែ​សកម្មភាព​បន្ទាប់បន្សំ​ប៉ុណ្ណោះ ខណៈ​ដែល​ផ្ទាំង​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍ « មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The…

រាជធានី​ភ្នំពេញ ៖ សកម្មភាព​លើកដាក់​ទំនិញ​នានា​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវ​បាន​រុះរើ​ទៅ​កាន់​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ហើយ នៅ​សល់​តែ​សកម្មភាព​បន្ទាប់បន្សំ​ប៉ុណ្ណោះ ខណៈ​ដែល​ផ្ទាំង​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍ « មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate » ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ចៀន ឈឹង ថៃ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group ត្រូវ​បាន​លើក​ដើម្បី​បង្ហាញ​ពី​ការ​អនុវត្ត​គម្រោង​នេះ ។

ដី​នៅ​ទីតាំង​នេះ​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​រយៈពេល​៥០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០៦៨ ដែល​មាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​៣២ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ដី​ពី​ការ​ធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​នៅ​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វា មក​ដល់​ផ្សារ​រាត្រី ។ ចំណែក​ប្រាក់​ឈ្នួល​លើ​ការ​ជួល​ដី​នេះ គឺជា​ការ​បង់ប្រាក់​ឈ្នួល​ផ្ដាច់​តែ​ម្ដង​ក្នុង​ចំនួន​១៦,៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​៥០​ឆ្នាំ រួម​បញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT) ចំនួន​១០% ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា គម្រោង «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate» នេះ រួម​មាន ៖
១-​អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម ២-​មជ្ឈមណ្ឌល​សិល្បៈ ៣-​ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ ៤-​ទីធ្លា​សម្រាប់​បាញ់​ទឹក  ៥-​របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក  ៦-​សួន​កំពង់​ផែ  ៧-​ទីធ្លា​កម្សាន្ដ និង​សួនច្បារ​ធារណៈ
៨-​មជ្ឈមណ្ឌល​ទេសចរណ៍ ៩-​រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ  ១០-​ការិយាល័យ​បច្ចេកវិទ្យា ១១-​អគារ​ស្នាក់​នៅ​រួម​បែប​វប្បធម៌  ១២-​អគារ​ស្នាក់​នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ  ១៣-​សាល​តាំងពិព័រណ៍​, មជ្ឈមណ្ឌល បេតិកភណ្ឌ​អរូបី និង​សិប្បកម្ម​, វិចិត្រសាល​បែប​វប្បធម៌​ព្រះពុទ្ធ​សាសនា និង​សកម្មភាព​ផ្សេង​ៗ​ទៀត ។

សេចក្តី​ប្រកាស​បាន​សង្កត់ធ្ងន់​ថា ក្រៅពី​ប្រគល់​ប្រាក់​ឈ្នួល​ជាង​១៦​លាន​ដុល្លារ​ដល់​កម្ពុជា​ហើយ​នោះ ក្រុមហ៊ុន​នេះ​ក៏​បាន​យល់ព្រម​ចេញ​ចំណាយ​ផ្ទាល់ខ្លួន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ផង​ដែរ ក្នុង​នោះ សាងសង់​ច្រាំង​ទន្លេ​ពី​គល់​ស្ពាន​ជ្រោយចង្វា ដល់​ផ្សារ​រាត្រី​មាត់ទន្លេ ចំណាយ​ទឹកប្រាក់​១៩​លាន​ដុល្លារ​អា​មេ​រិ​ក​, សាងសង់​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​រថយន្ត​ធុន​តូច ស្រប​តាម​មាត់ទន្លេ ពី​គល់​ស្ពាន ដល់​ផ្សារ​រាត្រី ចំណាយ​ទឹកប្រាក់​១១​លាន​ដុល្លារ​អា​មេ​រិ​ក ។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ក៏​បាន​យល់ព្រម​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ជូន​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ មាន​ទឹកប្រាក់​១១​លាន​ដុល្លារ​អា​មេ​រិ​ក និង​សាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​ចំនួន​២ ដែល​មាន​ទឹកប្រាក់​ចំនួន​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​មាស ម៉េ​ត​ភ័​ក្តី បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​ទេ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ៖« ប្រសិនជា​ប្រទេស​យើង​គ្មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​គ្មាន​សក្តានុពល​វិនិយោគ​ទេ អ្នក​វិនិយោគ​អន្តរជាតិ នឹង​មិន​មក​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​នៅ​ទី​នេះ​ដែរ » ។ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លំដាប់​អន្តរជាតិ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ពី​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ទាំងនេះ​នៅ​រាជធានី​ភ្នំពេញ ។

អ្នក​នាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ថា អ្នក​វិនិយោគ​ចិន​មាន​យុទ្ធសាស្ដ្រ ឈ្នះ​-​ឈ្នះ ដោយ​គេ​លក់​គម្រោង​នៅ​ប្រទេស​ចិន រួច​ផ្តល់​ខុន​ដូ​នៅ​ស្រុក​ខ្មែរ​មួយ​ដោយ​មិន​គិតថ្លៃ ប៉ុន្តែ​តាម​ពិត ពួក​គេ​បាន​ដាក់​តម្លៃ​បញ្ចូល​ក្នុង​អចលនទ្រព្យ​នោះ​រួច​ទៅ​ហើយ ហេតុនេះ ទើប​យើង​ឃើញ​គម្រោង​ចិន​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ ។  អ្នក​នាង​បន្ត​ថា ទោះជា​គម្រោង​នេះ​មាន​អគារ​រហូត​ដល់​១៩​អគារ ជា​អគារ​កប់​ពពក​ក្តី ប៉ុន្តែ​ពួក​គេ​សាងសង់​តាម​ដំណាក់កាល មិនមែន​សង់​ទុក​កប់​ចោល​នោះ​ទេ ។ អ្នក​នាង​បន្ត​ថា ៖« អ្នក​វិនិយោគ​ចិន​មានបទពិសោធន៍​ច្រើន​លើ​គម្រោង​អភិវឌ្ឍន៍​របស់ ពួក​គេ ហេតុនេះ ពួក​គេ​សិក្សា​ពី​ទីផ្សារ និង​ដំណាក់កាល​ត្រូវ​សាងសង់​ច្បាស់លាស់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គម្រោង​ពួក​គេ​ទទួល​បាន​ជោគជ័យ » ។

អ្នក​នាង​បន្ត​ថា ៖« បច្ចុប្បន្ន ៨០%​នៃ​អ្នកទិញ​ខុន​ដូ​ជា​ជនបរទេស និង​២០%​ជនជាតិ​ខ្មែរ ប៉ុន្តែ​នៅ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ជនជាតិ​ខ្មែរ​នឹង​នៅ​ខុន​ដូ​៨០% ហើយ​ជនបរទេស​នឹង​នៅ​តែ​២០% វិញ » ។
អ្នក​នាង Grace Rachny Fong បាន​បន្ត​ថា បែបផែន​ជីវិត (Life Style) របស់​ប្រជាពលរដ្ឋ​នឹង​ផ្លាស់​ប្តូរ​នៅ​ពេល​មានការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​កាន់តែ​កើនឡើង​ខ្លាំង ហើយ​របៀប​នៃ​ការ​គិត​របស់​មនុស្ស​សម័យ​ថ្មី ពិសេស​យុវជន​ធ្លាប់​ចេញ​ទៅ​សិក្សា​នៅ​បរទេស ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​នឹង​ផ្លាស់​ប្តូរ​រស់នៅ​តាម​ខុន​ដូ​ជំនួស​វិញ ។

អ្នក​នាង​បន្ត​ថា បើ​សួរ​ថា ហេតុ​អី​ចិន​សាងសង់​ខុន​ដូ​នា​ពេល​នេះ គឺ​ដោយសារ​តម្លៃ​ដី​បច្ចុប្បន្ន​មាន​ភាព​ធូរ​ថ្លៃ​ខ្លាំង ធៀប​នឹង​ដី​នៅ​ប្រទេស​ចិន ហេតុនេះ ការ​វិនិយោគ​នា​ពេល​នេះ​ពួក​គេ​រក​ឱកាស​ចំណេញ​បាន​ច្រើន ។
មន្ត្រី​ផ្នែក​លក់​ជាន់ខ្ពស់​នៃ​គម្រោង​ដ៏​ធំ​មួយទៀត គឺ R&F CITY ដែល​សាងសង់​អគារ​ចំនួន​២២ មាន​កម្ពស់​៣០​ជាន់ នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ផ្លូវ​៦០​ម៉ែត្រ លោក RAY SON បាន​ថ្លែង​ផង​ដែរ​ថា ការ​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា ជា​ប្រទេស​ពិសេស​មួយ​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ចិន និង​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​កត្តា​សន្តិភាព កំណើនសេដ្ឋកិច្ច ដែល​កម្ពុជា​សម្រេច​បាន គឺជា​អ្វី​ដែល​ទាក់ទាញ​ពួក​គេ​មក​វិនិយោគ​នៅ​ទី​នេះ ។
លោក​បន្ត​ថា ៖« គម្រោង​ខុន​ដូរ​បស់​យើង ផ្តោត​លើ​សហគមន៍​ចិន​វិនិយោគ​នៅ​កម្ពុជា និង​ជនជាតិ​ខ្មែរ​ដែល​ចង់បាន​ភាព​ស៊ី​វិ​ល័យ​ក្នុង​ជីវិត​របស់​ពួក​គេ » ។ លោក​បន្ត​ថា ៖« ពី​មុន ប្រជាជន​ចិន​មិនសូវ​ចូល​ចិត្ត​រស់នៅ​ខុន​ដូ​ទេ តែ​បច្ចុប្បន្ន ខុន​ដូ​ក្លាយជា​លំនៅ​ឋាន​ពេញ​និយម​សម្រាប់​ពួក​គេ ហើយ​ខ្ញុំ​គិត​ថា អនាគត ប្រជាជន​កម្ពុជា​នឹង​ចូល​ចិត្ត​រស់នៅ​តាម​ខុន​ដូ​ផង​ដែរ » ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា កំណើន​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា មិនមែន​ជា​រឿង​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ ប៉ុន្តែ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គោលនយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ចិន ព្រមទាំង​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ ក៏​ជា​ផ្នែក​សំខាន់​ទាក់ទាញ​ការ​វិនិយោគ​របស់​ចិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ