ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ប្តឹង​បណ្តេញ​សង្ឃ​១​អង្គ​នេះ​ឱ្យ​ចេញពី​វត្ត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បណ្តឹង​ពី​អ្នក​ភូមិ​ចំនួន​៧៥​គ្រួសារ នៅ​ភូមិ​សិរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​មន្ត្រី​សង្ឃ​ស្រុក​បរិបូណ៌ ឱ្យ​ដក​ភិក្ខុសង្ឃ​១​អង្គ​នាម ប៊ូ ចាន់​មុន្នី…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បណ្តឹង​ពី​អ្នក​ភូមិ​ចំនួន​៧៥​គ្រួសារ នៅ​ភូមិ​សិរី ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​មន្ត្រី​សង្ឃ​ស្រុក​បរិបូណ៌ ឱ្យ​ដក​ភិក្ខុសង្ឃ​១​អង្គ​នាម ប៊ូ ចាន់​មុន្នី ហៅ​ណេ​ង គង់នៅ​វត្ត​សិរី ចេញពី​វត្ត ​ដោយ​ចោទប្រកាន់​ថា ភិក្ខុសង្ឃ​អង្គ​នេះ​ បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ បំបែកបំបាក់​ប្រជាពលរដ្ឋ​និង​សង្ឃ និង​បាន​ប្រព្រឹត្ត​ខុស​គន្លង​ព្រះពុទ្ធ​សាសនា​ ដោយ​តាំងខ្លួន​ជា​គ្រូហ្ម​មើលជំងឺ​ក្នុង​វត្ត ។

កាលពី​ល្ងាច​ថ្ងៃ​ទី​៦ សីហា កន្លង​មកនេះ​ ព្រះ​វិន័យធរ​ និង​ជា​ព្រះ​អនុគណ​ស្រុក​បរិបូណ៌ មន្ត្រី​ធម្មការ​ស្រុក និង​លោក​មេ​ភូមិ មេឃុំ​បាននិមន្ត​ភិក្ខុ ប៊ូ ចាន់​មុន្នី មក​ប្រជុំ​និង​សាកសួរ​ពី​ដំណើររឿង​ដែល​ភិក្ខុ​អង្គ​នេះ ត្រូវ​អ្នក​ភូមិ​ប្តឹងដោយ​ចោទប្រកាន់​ពី​ការ​ប្រតិបត្តិ​ខុស​វិន័យ​ព្រះពុទ្ធសាសនា ។

ព្រះ​វិន័យធរ ​និង​ជា​ព្រះ​អនុគណ​ស្រុក​បរិបូណ៌នាម ជួប សុផល មាន​ថេរ​ដីកា​ថា បណ្តឹង​របស់ប្រជាពលរដ្ឋ​ចំនួន​៧៥​គ្រួសារ ចុះ​ថ្ងៃ​ទី​៤ ខែសីហា បាន​ចោទ​ចំនួន​៦​ចំណុច​ដូច​ជា ព្រះ​អង្គ ប៊ូ ចាន់​មុន្នី ហៅ​ណេ​ង បាន​ញុះ​ញង់​បំបែកបំបាក់​សាមគ្គី​រវាង​ពុទ្ធបរិស័ទ​ និង​ពុទ្ធបរិស័ទ មិន​ស្តាប់​អាជ្ញាធរ​ភូមិ-ឃុំ បង្ក​ភាព​ច្របូក​ច្របល់ បង្កើត​ជម្លោះ​ នៅ​ក្នុង​វត្ត​ដែល​មិន​ធ្លាប់​មាន ចាក់ទឹក​ប្រោះព្រំ បោក​ក្អម និង​ចោល​របស់​ផ្សេង​ៗ​ក្នុង​វត្ត ធ្វើ​អ្វី​ៗ​អត្ត​នោ​ម័ត​ដោយ​ខ្លួនឯង មាន​ថេរ​ដីកា​គំរោះគំរើយ គ្មាន​សីលធម៌​ជា​សង្ឃ និង​ប្រើ​មន្តអាគម​អរូបី​នៅ​ក្នុង​វត្ត​អារាម ធ្វើ​ឱ្យ​អាប់ឱន​ព្រះពុទ្ធ​សាសនា និង​បង្ករឿង​គ្រប់​បែប​យ៉ាង ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ ​និមន្ត​ឱ្យ​ចេញពី​វត្ត និង​សុំ​រើ​អាសនៈ​ដែល​មិនមែន​បម្រើ​ឱ្យ​វិស័យ​ព្រះពុទ្ធ​សាស​នា​ចេញ ។ ក្រៅពី​ពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋ​ខាងលើ មន្ត្រី​សង្ឃ​គ្រប់​ឋា​នានុ​ក្រម បាន​លើក​ឡើង​ពី​វិន័យ​សង្ឃ និង​កំហុស​ខុសឆ្គង​ផ្សេង​ទៀត​ដែល​ភិក្ខុ ប៊ូ ចាន់​មុន្នី បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​ដូច​ជា បាន​ឡាយ (Live) តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មាន​ថេរ​ដីកា​ចោទ​មន្ត្រី​សង្ឃ​ស្រុក​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រកាន់​បក្សពួក ប្រមាថ​អាជ្ញាធរ​ភូមិ​ឃុំ និង​ឡាយ​(Live) ពេល​ស្រោច​ទឹក​ប្រោះព្រំ សូត្រ​ផ្លុំ​មន្ត​អាគម បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក និងមើលជំងឺ​តាំងខ្លួន​ជា​អ្នក​ខ្លាំងពូកែ កាប់​មិន​មុត។​ល​។ មិន​ទទួលស្គាល់​ការ​ចាត់តាំង​របស់​ចៅអធិការ​ស្តីទី​វត្ត​សិរី និង​មន្ត្រី​សង្ឃ​ស្រុក​ជាដើម ។

ភិក្ខុ ប៊ូ ចាន់​មុន្នី ហៅ​ណេ​ង នៅ​ក្នុង​អង្គប្រជុំ​នោះ ដំបូង​ឡើយ​បាន​បដិសេធ​ទាំងស្រុង​នូវ​ពាក្យបណ្តឹង​ថា ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ពាក្យបណ្តឹង​ចោទប្រកាន់​នោះ​ឡើយ ។ ព្រះ​អង្គ​សុំ​តទល់​ផ្ទាល់​ចំពោះ​មុខ​ម្ចាស់​បណ្តឹង និង​ថា ​ពាក្យបណ្តឹង​មាន​មេដៃ​ក្លែងក្លាយ​ទៀត​ផង ។ ប៉ុន្តែ​ក្រោយ​ពី​ព្រះ​វិន័យធរ អនុគណ​ស្រុក ព្រ​មាន​ខ្លាំង​ៗ​នៅ​ក្នុង​អង្គប្រជុំ​រួច​មក ព្រមទាំង​បង្ហាញ​ភ័ស្តុតាង​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ច្រើន មានការ​មើលជំងឺ​ប៉ះ​ពាល់​ដល់​ស្រី្ត​ភេទ ខុស​វិន័យ​សង្ឃ​ជាដើម ទើប​ភិក្ខុ ប៊ូ ចាន់​មុន្នី ព្រម​ទទួលស្គាល់​កំហុស​ខ្លះ និង​ព្រម​កែ​ប្រែ​ខ្លួន ប៉ុន្តែ​នៅ​ប្រឆាំង​ដាច់ខាត​មិន​ព្រម​រើ​អាសនៈ​ចេញ​ជា​ដាច់ខាត ។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ភិក្ខុ ប៊ូ ចាន់មុន្នី ហៅ​ណេ​ង មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​ទទួលកំហុស​ខ្លះ និង​មិន​ទទួលកំហុស​ខ្លះ ​ដូច​ជា​សូម​ទទួលស្គាល់​ការ​ប្រកាស​តែងតាំង​ព្រះសង្ឃ នៅ ចក់ ជា​ចៅអធិការ​ស្តីទី ព្រមទាំង​ឈប់​ឡាយ​(Live)​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រមាថមើលងាយ​មន្ត្រី​សង្ឃ​ទៀត​ហើយ ។ ប៉ុន្តែ​ចំណុច​រើ​អាសនៈ ​និង​ចំណុច​ដែល​ចោទ​ថា ព្រះ​អង្គ​មក​បំបែកបំបាក់​ពុទ្ធបរិស័ទ​ក្នុង​វត្ត គឺ​មិន​ទទួលយក​បាន​ឡើយ ។

ទោះជា​យ៉ាងនេះ​ក្តី លោក អៀម វន មេ​ភូមិ​សិរី និង​លោក ចាន់ អាន មេឃុំ​ខុន​រ៉​ងបាន​ផ្តល់​កិច្ច​សម្ភាសន៍​ថា ការ​ដោះស្រាយ​នេះ អាជ្ញាធរ​ភូមិ​-ឃុំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ មិន​អាច​ទទួលយក​បាន​ឡើយ ដោយសារ​តែ​មិន ព្រម​រើស​អាសនៈ ដោយនៅ​តាំងខ្លួន​ជា​គ្រូហ្ម មើល​អ្នកជំងឺ​ក្នុង​វត្ត បង្ក​ឱ្យ​មាន​មនុស្ស​ម្នា​ចេញចូល​ស្នាក់​នៅ​ក្នុង​វត្ត អាជ្ញាធរ​មិន​អាច​គ្រប់គ្រងអ្នក​ស្នាក់​នៅ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។

ម្យ៉ាងវិញទៀត ភិក្ខុ​អង្គ​នេះ​ មាន​ពាក់​អង្កាំរយីងរយោង​មើលទៅ​សង្ឃ​មិន​ចំ​សង្ឃ តាបស​មិន​ចំ​តាបស ឥសី​មិន​ចំ​ឥសី វា​ទៅ​ជា​បែប​ព្រហ្មញ្ញសាសនា មិនមែន​ព្រះពុទ្ធ​សាសនា ។ រឿង​សំខាន់​មួយទៀត គឺ​ព្រះ​អង្គ​បាន​យក​រូប​សម្តេច ហ៊ុន សែន មក​ស្គែ​ន​ដាក់​ជាមួយ​រូបថត​របស់​ខ្លួន ក្នុង​ចេតនា​បង្អួត​ថា​ ខ្លួន​មាន​ឥទ្ធិពល ដែល​សុទ្ធតែ​ខុស​ទាំងអស់ មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ការ​ដោះស្រាយ​នេះ​នឹង​មិន​ចប់​ទេ​ព្រោះ​ប្រជា​ពល​រដ្ឋ​មិន​អាច​ទទួលយក​បាន ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ បើសិន​មាន​អ្វី​ប្លែក​ភ្នាក់ងារ​យើង​នឹង​រាយការណ៍​បន្ត​ទៀត ព្រោះថា​ ការ​ដោះ​ស្រាយ​អធិករណ៍​ខាងលើ​នេះ​ មិន​ទាន់បាន​លទ្ធផល​១​រយ​ភាគរយ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ