ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ព្រួយបារម្ភ អំពី​ការ​បាត់​សត្វ​គោ ក្របី

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​អំពី​ការ​បាត់​សត្វ​គោ ក្របី ខណៈ​មាន​ក្រុមហ៊ុន​នាំគោ ក្របី ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ គឺ​ដឹក​តាម​រថយន្ត​យក​ទៅ ទម្លាក់​តាម​ព្រំដែន​រួច​ដឹក​ចេញ​តាម​ច្រករបៀង​ក្នុង​មួយ​ថ្ងៃ​ៗ២០​ទៅ​៣០​ក្បាល…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​អំពី​ការ​បាត់​សត្វ​គោ ក្របី ខណៈ​មាន​ក្រុមហ៊ុន​នាំគោ ក្របី ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ គឺ​ដឹក​តាម​រថយន្ត​យក​ទៅ ទម្លាក់​តាម​ព្រំដែន​រួច​ដឹក​ចេញ​តាម​ច្រករបៀង​ក្នុង​មួយ​ថ្ងៃ​ៗ២០​ទៅ​៣០​ក្បាល ដោយ​មានការ​បើកភ្លើង​ខៀវ ពី​សមត្ថកិច្ច​ឈរជើង​តាម​ច្រករបៀង​ទាំងនោះ​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៨​នេះ ឈ្មួញ​បាន​ដឹក​ក្របី​តាម​រថយន្ត​ចំនួន​២​គ្រឿង​មាន​ក្របី​ប្រមាណ​ជាង​២០​ក្បាល ចុះ​ត្រង់​ចំណុច​វត្ត​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​នោះ គឺ​រថយន្ត​កូរ៉េ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0348 និង​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ​ដូច​គ្នា ពណ៌​ស មិន​បានឃើញ​ស្លាក​លេខ​។

ទាក់ទិន​ករណី​ឈ្មួញ នាំ​ក្របី​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ លោក ឈិ​ន សៅ មន្ត្រី ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មាន​ប្រសាសន៍​ថា បញ្ហា​ឈ្មួញ​នាំ​ក្របី​ចេញ​ទៅ​ប្រទេស វៀតណាម តាម​ច្រករបៀង វត្ត​តាឡុ​ក ក្រុង​បា​វិត​នេះ លោក​មិន​បានដឹង​ទេ​។ កន្លង​មក​មាន​ក្រុមហ៊ុន យុវ​ពាណិជ្ជ ដោយ​មានឈ្មោះ ស្នា ជា​អ្នកគ្រប់គ្រង នាំ​ក្របី​ឆ្លងកាត់ និង​គ្រប់គ្រង​ប្រមូល​ទិញ គោ និង​ក្របី ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ឬ​ឡ​សត្តឃាត​ក្នុង​ខេត្ត​ប៉ុណ្ណោះ រឿង​នាំ​ក្របី​គោ​ចេញ​លោក​អត់​បានដឹង​ទេ​។

ពាក់​ព​ន្ធ័​ករណី​នាំ​ក្របី​គោ​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ​ដែរ លោក ស្នា តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ បាន​ឲ្យ​ដឹង​ថា បញ្ហា​ច្បាប់ទម្លាប់​លោក​មិនសូវ​ដឹង​ទេ លោក​គ្រាន់តែ​មើល​ការងារ​ឲ្យ​ក្រុមហ៊ុន​នាំ​ក្របី​ឆ្លងកាត់ រីឯ​ក្របី គោ ក្នុង​ខេត្តស្វាយរៀង​គឺ​មាន អាជីវករ​ដើរ​ប្រមូល​ទិញ តាម​ភូមិ​ស្រុក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ហើយ​លើស​ពី​ការ​ផ្គត់ផ្គង់​ក្នុងស្រុក អជីវ​ករ​បាន​សុំ នាំ​ចេញ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ពី​១០​ក្បាល​ទៅ​២០​ក្បាល លោក​ក៏​ជួយ​សម្រួល​ទៅ​។ ចំណែក​អាជីវករ​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​បា​វិត​ក្រុង​បា​វិត បាន​និយាយ​ថា ពួក​គេ​ប្រមូល​ទិញ​ក្របី​គោ​ពី​ប្រជាពលរដ្ឋ​លក់​ឲ្យ​វៀតណាម​គេ​មក​ទិញ​ដល់​ក្រោល ហើយ​ជួល​រថយន្ត​ខ្មែរ ដឹក​ទៅ​ទម្លាក់​នៅ​តាម​ព្រំដែន ដោយ​បង់​ឲ្យ​ឈ្មោះ​ស្នា ក្របី​តូច​១​ក្បាល​៥​ម៉ឺន​រៀល ក្របី​ធំ ១​ក្បាល​១០​ម៉ឺន​រៀល​។

ក្នុង​នោះ​វៀតណាម​ក៏​បាន​បង់​ឲ្យ​សមត្ថកិច្ច​យាម​នៅ​ច្រករបៀង និង​ពេទ្យសត្វ​ដែរ ក៏​ប៉ុន្តែ​មិនដឹង​១​ក្បាល​ប៉ុន្មាន​ទេ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ លឹ​ម ពិសិដ្ឋ ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៣ កក្កដា ២០១៨ វេលា​ម៉ោង​២​រសៀល មាន​ចោរលួច​គោ​របស់​គាត់​មួយ​ក្បាល ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ស្រែ​ក្រោយ​ផ្ទះ​ចម្ងាយ​២០០​ម៉ែត្រ ទៅ​បាត់​។ ក្រោយមក​ស្រាប់តែ​ឃើញ​គេ​ដឹក តាម​រ៉ឺ​ម៉ក​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ខាង​មុខ​រោងចក្រ​សាន​តុង​ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ទើប​ស្ទាក់​ចាប់​បាន ជនសង្ស័យ​ឈ្មោះ ប៉ុន វុន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច សង្កាត់​ព្រៃ​អ​ង្គុ​ញ ដោះស្រាយ​។

ក៏​ប៉ុន្តែ​សមត្ថកិច្ច​នគ​បាល​ព្រៃ​អ​ង្គុ​ញ​បញ្ជូន​ជនសង្ស័យ​ទៅ​ឃុំ​ស្វាយ​តា​យាន​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ថា គេ​គ្រាន់តែ​ជា​អ្នក​ដឹក​ស៊ីឈ្នួល​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​។ ហើយ​កន្លង​មក​គោក្របី​ប្រជាពលរដ្ឋ​បាត់​រក​មិនឃើញ​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព​គោក្របី ពួក​គាត់​ដោយ​មាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ គោក្របី​ទៅ​ប្រទេស​វៀតណាម​នេះ​យក​ស្លាក​ក្រុមហ៊ុន មក​លួចលាក់​ប្រមូល​ទិញ​គោក្របី​ពី​អ្នកស្រុក រីឯ​ចោរ​ឆ្លៀតឱកាស​លួច​គោក្របី​អ្នកស្រុក​ទាំង​ថ្ងៃ នាំ​ទៅ​វៀតណាម​។ ចំណែក​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​តាម​ច្រករបៀង មិន​ហ៊ាន​ជាមួយ​តំណាង​ក្រុមហ៊ុន​ទេ គេ​និយាយ​យកឈ្មោះ​អ្នកធំ​ៗ​មក​លាប​ទើប​សមត្ថកិច្ច សុំ​តែ​លុយ​បាយ មួយ​ក្បាល​៥​ម៉ឺន​ដុ​ង​ប្រាក់​វៀតណាម​ប៉ុណ្ណោះ​៕
https://youtu.be/72spQMTfGs0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ