ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទៅ​បោះ​ឆ្នោត​ប្រមាណ​៨២,១៧% គឺ​កើន​ជាង​អាណត្តិ​ទី​៥…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​អាណត្តិ​ទី​៦​ថា មាន​ភាពល្អ​ប្រសើរ និង​រលូន ដោយ​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ប្រមាណ​៨២,១៧% គឺ​កើន​ជាង​អាណត្តិ​ទី​៥ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​អាណត្តិ​ទី​៦​ថា មាន​ភាពល្អ​ប្រសើរ និង​រលូន ដោយ​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ប្រមាណ​៨២,១៧% គឺ​កើន​ជាង​អាណត្តិ​ទី​៥ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ ​ភាគី​ពាក់ព័ន្ធ​ក្រោយ​បញ្ចប់​ការ​បោះ​ឆ្នោត ​នា​រសៀល​ថ្ងៃ​ទី​២៩ កក្កដា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក អះអាង​ថា​ ដំណើរការ​បោះ​ឆ្នោត​មាន​ភាពល្អ​ប្រសើរ និង​ប្រកបដោយ​រលូន ហើយ​មាន​ចំនួន​ច្រើន​ជាង​អាណត្តិ​ទី​៥ ។

ការ​បោះ​ឆ្នោត ​មាន​ភាពល្អ​ប្រសើរ ទោះបីជា​ការិយាល័យ​មួយ​ចំនួន ​ត្រូវ​បាន​លិច​ទឹក​ក៏​ដោយ ក៏​គ​.​ជ​.​ប បាន​រៀបចំ​ដំណើរការ​ល្អ​ដោយ​ប្រើប្រាស់​សត្វ​ដំរី​ដឹក​សម្ភារ​ដំណើរការ​បោះ​ឆ្នោត និង​ប្រើ​ឧទ្ធម្ភាគចក្រ ​ដើម្បី​ដឹក​សម្ភារ​ផង​ដែរ ។

ចាប់ពី​ម៉ោង​៧​ព្រឹក ​នៅ​គ្រប់​ការិយាល័យ​ទាំងអស់ ​បាន​បើក​ដំណើរការ​បោះ​ឆ្នោត​ដោយ​រលូន ជាង​នេះ​មាន​ការិយាល័យ​មួយ​ចំនួន​បិទ​មុន​ម៉ោង ​៣ ដោយសារ​អ្នកមាន​ឈ្មោះ​បោះ​ឆ្នោត​បាន​បោះ​អស់ និង​ការិយាល័យ​ភាគច្រើន​បាន​បិទ​នៅ​ម៉ោង​៣ ។

លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក មាន​ប្រសាសន៍​ថា តាម​តួលេខ​អ្នក​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​រួម​មាន បន្ទាយ​មាន​ជ័យ ៧៥,១២% បាត់ដំបង​៧៦,៩០% កំពង់ចាម​៨១,២៨% កំពង់ឆ្នាំង​៨៧,៣៤% កំពង់ ស្ពឺ​៨៨,៦៨% កំពង់ធំ​៨០.៩៨% កំពត​៨៥,២៤% កណ្តាល​៨៦,២៩% កោះកុង​៨០,៩៥% ក្រចេះ៨១,៤៤% មណ្ឌលគិរី​៨១,៩៩% ភ្នំពេញ​៨០,០៧% ព្រះ​វិហារ​៨៤,៥១% ព្រៃវែង​៨១,៩១% ពោធិ​ិ៍​សាត់​៨៦,៣៣% រតនគិរី​៨១,៣១% សៀមរាប​៧៣,៥០% ព្រះ​សីហ​នុ​៨២,៦៤% ស្ទឹង​ត្រែង​៧៤,៧០% ស្វាយ​រៀង​៨៧,១២% តាកែវ​៨៤,៤៩% កែប​៩០,៩៨% ប៉ៃលិន​៧៩,២៤% ឧត្តរមានជ័យ​៧៨,២៨% និង​ត្បូង​ឃ្មុំ​៨៣,៩៨% ។ សរុប​ចំនួន​ឃុំ​-​សង្កាត់​១៦៤៦ ចំនួន​ការិយាល័យ​បោះ​ឆ្នោត ២២.៩៦៧ ចំនួន​អ្នក​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​៨.៣៨០.២១៧​នាក់ ចំនួន​អ្នកបោះឆ្នោត​៦.៨៨៥.៧២៩​នាក់ គិត​ជា​ភាគរយ ៨២,១៧% ។

លោក​ប្រធាន​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​បនឹង​ប្រកាស​លទ្ធផល​ប​បឋម សម្រាប់​ការ​បោះ​ឆ្នោត​ ដើម្បី​ផ្តល់​លទ្ធផល​ដល់​ភាគី​ពាក់ព័ន្ធ​ទូលំទូលាយ តាម​ទូរទស្សន៍​ជាតិ​ នៅ​យប់​ថ្ងៃ​ទី​២៩ កក្កដា ។ លទ្ធផលបណ្តោះ អាសន្ន នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៨ ហើយ​គ្មាន​ករណី​បោះ​ឆ្នោត​ឡើង​វិញ​ទេ ។

លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ សីហា ​ឆ្នាំ​២០១៨ ។ ចំពោះ​តួលេខ​អ្នក​ដែល​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ ​ត្រូវ​បាន​គ​.​ជ​.​ប អះអាង​ថា មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៣ ព្រោះថា​ អ្នក​ដែល​ចួ​ល​រួម​បោះ​ឆ្នោត​សុទ្ធតែ​យល់​ដឹង​បាន​ច្បាស់​ ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​របស់​ខ្លួន ជាង​នេះ ​អ្នកបោះឆ្នោត​មាន​ភាព​ចាស់ទុំ​នយោបាយ​ផង​ដែរ ។

ចំណែក​លោក​ហេង វ៉ា​ន់​ដា ប្រធាន​សមាគម​គ្រឹះស្ថានឧត្តមសិក្សា បាន​លើក​ឡើង តាម​ការ​សង្កេតការណ៍​របស់​ក្រុមការងារ​ចុះ​សង្កេតការណ៍​បោះ​ឆ្នោត​ មាន​ភាពល្អ​ប្រសើរ​ដោយ​ប្រជាពលរដ្ឋ​មាន​សប្បាយ​រីករាយ គ្មាន​ការ​បង្ខំ​ពី​បុគ្គល​ណាមួយ​នោះ​ទេ ។

លោក​បញ្ជាក់​ថា «​តាម​ភ្នាក់ងារ​យើង​ ដែល​ដាក់​សង្កេតការណ៍​នៅ​គ្រប់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​អ្នកបោះឆ្នោត​មាន​​ភាព​សប្បាយ​រីករាយ គ្មាន​ការ​បង្ខិតបង្ខំ​នោះ​ទេ និង​គ្មាន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដូច​អាណត្តិ​ឆ្នាំ​
២០១៣ ។ នៅ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ផ្សេង​មួយ​ចំនួន​តាម
​អ្នក​សង្កេតការណ៍​ផ្ញើ​មក​មាន​ភាព​សប្បាយ​រីករាយ ។

ការ​បោះ​ឆ្នោត​នៅ​គ្រប់​ខេត្ត​-​ក្រុង​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ គឺ​រលូន​តែ​ម្តង »​។លោក​បន្ត​ថា​ការ​ការ​បោះ​ឆ្នោត​នេះ ​ត្រូវ​បាន គ​.​ជ​.​ប រៀបចំ​ឡើង​ដោយ​រលូន​តាម​នីតិវិធី​ច្បាប់ លិខិត​បទដ្ឋាន ច្បាប់​ច្បាស់លាស់​ល្អ​ណាស់​តាម​ការ​អនុម័ត​រដ្ឋសភា ។

លោក​គូសបញ្ជាក់​ថា «​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ដោយ​សប្បាយ​រីករាយ ពេញចិត្ត ពេញ​ថ្លើម គ្មាន​ការ​គំរាមកំហែង ទិញ​សន្លឹក​ឆ្នោត លទ្ធផល​ជាង​៨០​ភាគរយ​នេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ចង់បាន​លទ្​ធិប្រជាធិបតេយ្យ​មួយ​ដែល​ល្អ ។ ការ​ចេញ​ទៅ​បោះ​ឆ្នោត​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​ចង់បាន​លទ្ធិ​ប្រជាធិបតេយ្យ​តែ​ម្តង ។

ការ​ចូលរួម​ទៅ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​នេះ​ចង់​បង្ហាញ​គាត់​ចង់បាន​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ដោយ គ​.​ជ​.​ប ដែល​ធ្វើ អ្វី​ៗ​តាម​ច្បាប់​។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ពលរដ្ឋ​មិន​ចេញ​ទៅ​បោះ​ឆ្នោត​នោះ អ្វី​ៗ​ក៏​មិន​អាច​រៀបចំ​បាន​ឡើយ »​។

តាម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​ការិយាល័យ ២២.៩៦៧ ។ តាម​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​របស់ គ​.​ជ​.​ប ឆ្នាំ​២០១៧ ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​៨.៣៨០.២១៧​នាក់ ។ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ មាន​គណបក្ស នយោបាយ​២០​ចូលរួម​ប្រកួតប្រជែង​គ្នា ។​ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ អ្នកចូលរួម​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៦.៧៣៥.២៤៤​ស្មើនឹង​៦៩,៦១% ។

តាម គ​.​ជ​.​ប នៅ​ឆ្នាំ​២០១៣​មាន​គណបក្ស​នយោបាយ​ចំនួន​ពីរ​ប៉ុណ្ណោះ​ទទួល​បាន​អាសនៈ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​សំឡេង​ឆ្នោត ៣.២៣៥.៩៦៩​នាក់ ស្មើនឹង​៤៨,៨៣% ទទួល​បាន​៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​២.៩៤៦.១៧៦​នាក់ ស្មើនឹង​៤៤,៤៥%​នៃ​សន្លឹក​ឆ្នោត​បានការ​សរុប ទទួល​បាន​៥៥​អាសនៈ ។ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​គណ​​បក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​គ្នា ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននិង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នា​ថ្ងៃ​ទី​២៩ ខែកក្កដាវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកណ្តាល ការិយា ល័យ​​បោះ​ឆ្នោត​លេខ​១៦៩៧ ។តាម​អ្នក​សង្កេតការណ៍​អន្តរជាតិ អង្គការ ICAPP និយាយ​ថា លោក​សង្កេត​ឃើញ​ការ​បោះ​ឆ្នោត​នៅ​ព្រឹក​នេះ​ប្រកបដោយ​សន្តិភាព ស្ងៀមស្ងាត់ ពុំ​មាន​បញ្ហា​អ្វី គ្មាន​អំពើ​ហិង្សា ។ លោក​សង្កេតមើល​តាំងពី​ម្សិលមិញ ឃើញ​ការ​រៀបចំ​បាន​ល្អ ។

លោក​បាន​បង្ហាញ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា លោក​មក​សង្កេតការណ៍​នៅ​កម្ពុជា​នេះ​គ្មាន​គាំទ្រ​អ្នក​នេះ និង​ប្រឆាំង​អ្នក​នោះ​ទេ គឺ​លោក​ឃើញ​ការ​ពិត​បែប​ណា​លោក​និយាយ​បែប​នោះ​។ លោក​មក​ពី​ប្រទេស​លី​បង់ ជា​សមាជិក ICAPP លោក​បាន​ឃើញនឹងភ្នែក​អំពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​នេះ គឺ​មានការ​រៀបចំ​បាន​ល្អ មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ច្រើន និង​ការ​រៀបចំ​បាន​លំអិត ហើយ​នេះ​ជា​រឿង​មួយ​ដែល​លោក​បាន​សង្កេត​ឃើញជាក់ស្តែង គឺ​កម្ពុជា​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ ។

ចំណែក​សមាជិក​អង្គការ​នេះ​មួយ​រូប​ទៀត ​មក​ពី​បង់​ក្លា​ដែ​ស​និយាយ​ថា នេះ​ជា​ការ​បោះ​ឆ្នោត​ល្អ ការ​បោះ​ឆ្នោត​ស័ក្តិសម ដើម្បី​ផ្តល់​អំណាច​ទៅ​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រជាធិបតេយ្យ​កម្ពុជា​នឹង​កាន់តែ​ខ្លាំង​ថែម​ទៀត ជាមួយ​អំណាច​ប្រជាពលរដ្ឋ ។ លោក​សូម​ជូនពរ​ឱ្យ​ការ​បោះ​ឆ្នោត​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សុខដុម​រមនា​​នៅ​ក្នុង​បរិយាកាស​សន្តិភាព ។

អត្ថបទសរសេរ ដោយ