ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ជួល​ទីតាំង​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ឱ្យ​វិនិយោគិន​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បាន​ចេញផ្សាយ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ បាន​ឲ្យ​ដឹង​ថា ទីតាំង​កំពង់​ផែ​ស្វយ័ត​បច្ចុប្បន្ន ត្រូវ​បាន​ប្រកាស​ជួល​ទៅ​ឲ្យ​វិនិយោគិន​ចិន​រយៈពេល​៥០​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បាន​ចេញផ្សាយ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ បាន​ឲ្យ​ដឹង​ថា ទីតាំង​កំពង់​ផែ​ស្វយ័ត​បច្ចុប្បន្ន ត្រូវ​បាន​ប្រកាស​ជួល​ទៅ​ឲ្យ​វិនិយោគិន​ចិន​រយៈពេល​៥០​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate ។ ការ​ជួល​ផ្ទៃដី​ទីតាំង​នេះ ត្រូវ​បាន​កំពង់​ផែ​ស្វយ័ត​ប្រកាស​ថា ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម និង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​តាម​ដង​ទន្លេ ។

តាម​សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា កិច្ចសន្យាជួល​នេះ មាន​រយៈពេល​៥០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០៦៨ ដែល​មាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​៣២ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ដី​ពី​ការ​ធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​នៅ​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វា មក​ដល់​ផ្សារ​រាត្រី ។ ចំណែក​ប្រាក់​ឈ្នួល​លើ​ការ​ជួល​ដី​នេះ គឺជា​ការ​បង់ប្រាក់​ឈ្នួល​ផ្ដាច់​តែ​ម្ដង​ក្នុង​ចំនួន​១៦,៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​៥០​ឆ្នាំ រួម​បញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT) ចំនួន​១០% ។

ផ្ទៃដី​ដែល​ត្រូវ​បាន​ជួល​ឲ្យ​វិនិយោគិន​ចិន អភិវឌ្ឍ​សម្រាប់​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ គឺ​ចាប់ពី​ស្ពាន​ជ្រោយចង្វា ដល់​ផ្សារ​រាត្រី ហើយ​នៅ​ក្នុង​គម្រោង​របស់​ចិន នឹង​អភិវឌ្ឍ​ជា​អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សិល្បៈ ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ ទីធ្លា​សួន​បាញ់​ទឹក របាំ​លើ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក សួន​កំពង់​ផែ ទីធ្លា​កម្សាន្ត​និង​សួនច្បារ​សាធារណៈ មជ្ឈមណ្ឌល​ទេសចរណ៍​រាជធានី​ភ្នំពេញ ការិយាល័យ​បច្ចេកវិទ្យា អគារ​ស្នាក់​នៅ​រួម​បែប​វប្បធម៌ អគារ​ស្នាក់​នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ជាដើម ។

ដោយឡែក ចំពោះ​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ នឹង​នៅ​តែ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​លើ​ទីតាំង​ជួល​នេះ​ដដែល ដោយ​ទុកជា​ចំណត​ផែ​លើកដាក់​ទំនិញ ចំណត​ផែ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជា​ធម្មតា ។
ក្រៅពី​ប្រគល់​ប្រាក់​ឈ្នួល​ជាង​១៦​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​ហើយ​នោះ ក្រុមហ៊ុន​នេះ​ក៏​បាន​យល់ព្រម​ចេញ​ចំណាយ​ផ្ទាល់ខ្លួន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ផង​ដែរ ក្នុង​នោះ សាងសង់​ច្រាំង​ទន្លេ​ពី​គល់​ស្ពាន​ជ្រោយចង្វា ដល់​ផ្សារ​រាត្រី​មាត់ទន្លេ ចំណាយ​ទឹកប្រាក់​១៩​លាន​ដុល្លារ​អា​មេ​រិ​ក​, សាងសង់​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​រថយន្ត​ធុន​តូច ស្រប​តាម​មាត់ទន្លេ​ពី​គល់​ស្ពាន ដល់​ផ្សារ​រាត្រី ចំណាយ​ទឹកប្រាក់​១១​លាន​ដុល្លារ​អា​មេ​រិ​ក ។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ក៏​បាន​យល់ព្រម​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ជូន​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ មាន​ទឹកប្រាក់​១១​លាន​ដុល្លារ​អា​មេ​រិ​ក និង​សាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​ចំនួន​២ ដែល​មាន​ទឹកប្រាក់​ចំនួន​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

លោក វ៉ា​ស៊ឹ​ម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ពាក់ព័ន្ធ​នឹង​ការ​ជួល​ទីតាំង​នេះ​ទៅ​ឲ្យ​វិនិយោគិន​ចិន​អភិវឌ្ឍន៍​លើ​ផ្ទៃដី​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ គឺ​ពិតជា​បាន​ជួល​មែន ហើយ​វា​ជា​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ ក្នុង​ការ​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ក្លាយជា​ទីក្រុង​អភិវឌ្ឍន៍​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​ទឹកប្រាក់​ប៉ុនណា​, ជួល​រយៈពេល​ប៉ុន្មាន និង​នីតិវិធី​យ៉ាងណា​នោះ លោក​មិន​អាច​ដឹង​លម្អិត​នោះ​ទេ ។

ដោយឡែក លោក ហ៊ី ប៉ា​វី អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ មិន​អាច​ទាក់ទង​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៨​នេះ ដោយ​ទូរស័ព្ទ​ចូល​ហើយ តែ​ពុំ​មាន​អ្នក​ទទួល ។
បើ​តាម​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong បាន​ថ្លែង​ថា ការ​វិនិយោគ​បែប​នេះ ពិតជា​ប្រសើរ​ណាស់​សម្រាប់​ទីផ្សារ​កម្ពុជា និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បើ​ទោះជា​គម្រោង​នេះ​ធំ​ក្តី តែ​មិន​មាន​បញ្ហា​សម្រាប់​ទីផ្សារ​នោះ​ទេ ព្រោះ​អ្នក​វិនិយោគ​ពួក​គេ​មក​បោះទុន​វិនិយោគ​ធំ​បែប​នេះ ពួក​គេ​បាន​សិក្សា​ពី​ទីផ្សារ និង​អតិថិជន​គោលដៅ​ពួក​គេ​រួច​ហើយ ។

លោក​បន្ត​ថា ៖« មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ទំហំ​ទីផ្សារ​នោះ​ទេ ទោះជា​ប្រជាជន​យើង​ត្រឹម​១៦​លាន​នាក់​ក៏​ដោយ តែ​ទីផ្សារ​នេះ​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ
ច្រើន »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​វិនិយោគ​លើ​ទីតាំង​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​នេះ បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​រយៈពេល​ប្រមាណ​៧​ឆ្នាំ​មក​ហើយ ហើយ​ក៏​បាន​បណ្ដាក់ទុន​វិនិយោគ​អគារ​ខុន​ដូ​កណ្ដាល​ទីក្រុង​ភ្នំពេញ​មួយ​បាន​ដោយ​ជោគជ័យ​ផង​ដែរ គឺ​គម្រោង​អគារ​ខុន​ដូ East One ។ ជា​ជំហាន​បន្ត គេ​ចាំ​មើល​ថា តើ​ក្រុមហ៊ុន​នេះ នឹង​ទទួល​បាន​ជោគជ័យ​ប៉ុនណា​ទៀត​លើ​ការ​បណ្ដាក់ទុន​វិនិយោគ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ