ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ព្យាបាល​នៅ​ប្រទេស​ថៃ តំបន់​ទាំងនេះ​ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​ស្នាក់​នៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ងាក​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល សុខ​ភាព នៅ​ក្រៅប្រទេស ជា​ពិសេស​គឺ​សេវា​សុខាភិបាល​នៅ​ប្រទេស​ថៃ​តែ​ម្តង ។ ជាក់​ស្តែង​អ្នក​នាង ដា​នី…

បាងកក ៖ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ងាក​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល សុខ​ភាព នៅ​ក្រៅប្រទេស ជា​ពិសេស​គឺ​សេវា​សុខាភិបាល​នៅ​ប្រទេស​ថៃ​តែ​ម្តង ។ ជាក់​ស្តែង​អ្នក​នាង ដា​នី វ័យ ៣៥ ឆ្នាំ​ដែល​តែងតែ​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ឯក​ជន​មួយ នាទី​ក្រុង​បាងកក បាន​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន គឺ​ទៅ​សម្រាក​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ខុន​ដូ នៅ​តំបន់ ២ ធំ​ៗ នោះ​គឺ តំបន់​ប្រា​ទូ​ណា​ម (Pratunam) ទីក្រុង​បា​កក និង​នៅ​ម្តុំ​អនុស្សាវរីយ៍ ជ័យ​សមរភូមិ (Victory Monument)។

បើ​តាម​អ្នក​នាង​ដា​នី វ័យ​ប្រមាណ​ជិត ៤០ ឆ្នាំ និង​ឧស្សាហ៍​ចេញចូល​ទីក្រុង​បាងកក តាម​​​រថយន្តក្រុង ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ បាន​ឲ្យ​ដឹង​ថា ជា​បទ​ពិសោធន៍​ផ្ទាល់ខ្លួន គឺ​តំបន់​សំខាន់​បំផុត​ដែល​សឹងតែ ៩០ ភាគរយ​នៃ​ខ្មែរ​ដែល​ទៅ​ព្យាបាល​ជំងឺ ក៏​ដូច​ជា​អាជីវ​ករ ខ្មែរ​គឺ និយម​ស្នាក់​នៅ​តំបន់​ប្រា​ទូ​ណា​ម ជា​ពិសេស​ផ្ទះសំណាក់​មួយ​ឈ្មោះ ឌី​ឌី​ហោ​ស៍ ខណៈ​សណ្ឋាគារ និង​ខុន​ដូ​នៅ​តំបន់ ប្រា​ទូ​ណា​ម គឺ​មាន​ច្រើន​ណាស់​ដែល​បង ប្អូន​ខ្មែរ​ស្នាក់​នៅ​។

អ្នក​នាង​ដា​នី បន្ត​ថា​៖ «​តំបន់​ប្រា​ទូ​ណា​ម​នេះ គឺ​មាន​ខ្មែរ​ច្រើន​ណាស់​ទៅ​ស្នាក់​នៅ មិន​ថា ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ ឬ​ក៏​អ្នកជំនួញ​លក់​ខោអាវ​នោះ​ទេ គឺ​និយម​ស្នាក់​នៅ​តំបន់​នេះ​ណាស់ ព្រោះ​ជា​តំបន់​សំបូរ​ដោយ​ផ្សា​របោះ​ដុំ​ជិត​មន្ទីរពេទ្យ ជា​ពិសេស​ផ្ទះសំណាក់ និង​សណ្ឋាគារ ឬ​ក៏​ខុន​ដូ មាន​តម្លៃ​ធូរ​ថ្លៃធៀប​តំបន់​ផ្សេង​ៗ​ទៀត​នៅ​ក្រុង​បាងកក​» ។ អ្នក​នាង​​បន្ត​ថា សម្រាប់​តម្លៃ​ផ្ទះសំណាក់​គឺ ៩០០ បាត (​ប្រមាណ​ជា 27 ដុល្លារ​អា​មេ​រិ​ក​) ដែល​​អាច​ស្នាក់​នៅ​បាន ២ នាក់​ជាមួយ​គ្រែ ២ ។ សម្រាប់​តម្លៃ​ខុន​ដូ និង​សណ្ឋាគារ​ដែល​អ្នក​នាង​ធ្លាប់​ស្នាក់​នៅ​គឺ​តម្លៃ ១០០០ បាត (30 ដុល្លារ​សហរដ្ឋអាមេរិក​) សម្រាប់​ការ​ស្នាក់​នៅ ១ យប់ ។

តំបន់​ប្រា​ទូ​ណា​ម (Pratunam) គឺជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មាន​ភាព​ចម្រុះ​ពណ៌ និង​ភាព​មមាញឹក​បំផុត​នៅ​ក្នុង​ទីក្រុង​បាងកក ហើយ​ជា​តំបន់​ល្បីល្បាញ​ដែល​សំបូរ​​ទៅ​ដោយ​ហាង​លក់ដូរ​តាម​ដងផ្លូវ ផ្សា​របោះ​ដុំ​នូវ​ទំនិញ​គ្រប់​ប្រភេទ ដូច​ជា​សម្លៀក​បំពាក់ ស្បែកជើង នាឡិកា គ្រឿងអលង្ការ ខ្សែ​ក្រ​វ៉ា​ត់ និង​ឥ​វ៉ា​ន់​មួយ​ចំនួន​ទៀត ។

អ្នក​នាង​បន្ត​ថា​៖ «​ពេល​ទៅ​ដល់​តំបន់​នេះ គឺ​ឃើញ​សុទ្ធតែ​ជនជាតិ​ខ្មែរ​ដែល​ជួល​ផ្ទះសំណាក់ ខុន​ដូ និង​សណ្ឋាគារ​ស្នាក់​នៅ សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​ខ្លី ដូច​ជា​ខ្ញុំ គឺ​ស្នាក់​នៅ ២ យប់ ៣ ថ្ងៃ​សម្រាប់​ការ​ពិនិត្យ​សុខភាព​ម្តង​ៗ ហើយ​អាច​ទិញ​ឥ​វ៉ា​ន់​មាន​តម្លៃ​ធូរ​ថ្លៃ​ផ្ញើ​បងប្អូន​នៅ​ស្រុក​ផង​ដែរ​» ។

សម្រាប់​អ្នក​នាង វង្ស ចិន្តា វ័យ​ជាង ៤០ ឆ្នាំ ក៏​បាន​អះអាង​ថា សម្រាប់​រូប​អ្នក​នាង គឺ​ភាគ​ច្រើន​ស្នាក់​នៅ​ម្តុំ​អនុស្សាវរីយ៍​ជ័យ​សមរភូមិ (Victory Monument) ព្រោះ​ជា​តំបន់​សំបូរ​អាហារ​តាម​ដងផ្លូវ ងាយស្រួល​រក​តាក់ស៊ី ជា​ពិសេស​គឺ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រថភ្លើង​លើ​អាកាស (BTS Train) ។

​អ្នក​នាង វង្ស ចិន្តា បន្ត​ថា​៖ «​តំបន់​នេះ​គឺ​សំបូរ​បែប​នៃ​អាហារ​តាម​ដងផ្លូវ ជា​ពិសេស​បើ​សិន​ជា​ចង់ទៅ​ផ្សារ​ទំនើប​ៗ និង​មន្ទីរពេទ្យ​គឺ​ងាយស្រួល​ណាស់ ។ សម្រាប់​តម្លៃ​ខុន​ដូ​វិញ គឺ​មិន​ថ្លៃ តែ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ គឺ​មួយ​យប់​តម្លៃ ១៥០០ ទៅ ១៨០០ បាត​តាម​ទំហំ​បន្ទប់​ខុន​ដូ​ដែល​យើង​ជួល​» ។

អ្នក​នាង​បន្ត​ថា ដោយសារ​អ្នក​នាង​និង​ក្រុម​គ្រួសារ​និយម​ស្នាក់​នៅ​តំបន់​នេះ ព្រោះ​ធ្លាប់​ជួបខ្មែរ​ៗ​ជា​ច្រើន​ស្នាក់​នៅ​ម្តុំ​អនុស្សាវរីយ៍​ជ័យ​សមរភូមិ (Victory Monument) ហើយ​ជា​ស្ថិត​នៅ​ជិត​តំបន់​ផ្សារ​ទំនើប​ៗ​ផង​ដែរ ជា​ពិសេស​បើសិនជា​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ គឺ​ឡាន​តែងតែ​ឈប់​នៅ​តំបន់ អនុស្សាវរីយ៍​ជ័យ​សមរភូមិ (Victory Monument) និង​ភាគច្រើន​ឡានក្រុង​ពី​ភ្នំពេញ​ទៅ​បាងកក គឺ​ទម្លាក់​ភ្ញៀវ​នៅ​តំបន់ ប្រា​ទូ​ណា​ម (Pratunam) ។

យ៉ាងណាមិញ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ធូរធា គឺ​ស្នាក់​នៅ​សណ្ឋាគារ​នៅ​ជិត​នឹង​មន្ទីរពេទ្យ​ធំ​ៗ​មួយ​ចំនួន​ដែល​ខ្មែរ​យើង​និយម​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ ព្រោះ​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​ធំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ព្យាបាល​ជំងឺ គឺ​មាន​សេវា​ពន្យា​ពេល​ទិដ្ឋាការ​ឲ្យ​អ្នកជំងឺ​ដល់​ទៅ ៩០ ថ្ងៃ​នៅ​មន្ទីរពេទ្យ ហើយ​មន្ទីរពេទ្យ​ទាំងនោះ​ក៏​មាន​សេវា​​កន្លែង​ស្នាក់​នៅ អាហារ​ដ្ឋា​ន និង​ផ្សារ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​តែ​ម្តង​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ