ស្ថិតិមួយបង្ហាញថាតារាសម្តែងស្រីកូរ៉េពីរនាក់ចំណោមបីនាក់នៅក្នុងវិស័យសិល្បៈភាពយន្តកូរ៉េរងការយាយីផ្លូវភេទ ឬការរំលោភបំពានផ្លូវភេទ ហើយម្នាក់ក្នុងចំណោម៩នាក់បាននិយាយថានាងត្រូវគេបង្ខំឱ្យរួមភេទ ។
ការស្ទង់មតិនេះធ្វើឡើងដោយក្រុមប្រឹក្សាភាពយន្តកូរ៉េ និងស្ត្រីហៅកាត់ថា KFCW បានស៊ើបអង្កេតក្នុងវិស័យភាពយន្តកូរ៉េខាងត្បូងពីខែមិថុនា ដល់ខែកញ្ញាកាលពីឆ្នាំ ២០១៧ នៃចំនួនសរុប៧៤៩នាក់ ក្នុងនោះមាន៦២,៣% ជាស្ត្រី និង៤៦,១%នៃពួកគេបាននិយាយថា ទទួលរងការយាយីផ្លូវភេទ ។
១១,៣% នៃតារាស្រីទាំងនោះនិយាយថាពួកនាងត្រូវបានបង្ខំឱ្យរួមភេទខណៈ ២២,៣% ត្រូវបានលូកលាន់ពីផលិតករ ឬត្រូវបានប្រាប់ឱ្យបង្ហាញសកម្មភាពយ៉ាងស្អិតរមួតជាមួយតួប្រុសហើយប្រហែល ២៧,៦ %ទៀតនិយាយថា ពួកគេត្រូវបង្ខំឱ្យណាត់ជួបជាមួយបុគ្គលឯកជនមិនស្គាល់អត្តសញ្ញាណតាមរយៈមេខ្យល់ ។
ជនល្មើសរំលោភបំពានផ្លូវភេទភាគច្រើនជាអ្នកដឹកនាំភាពយន្ត សហការី និងគ្រូបង្ហាត់បង្រៀនរបស់ពួកគេនៅសាលាភាពយន្តកូរ៉េតែម្តង ។ អំពើទាំងនេះតែងកើតឡើងញឹកញាប់នៅក្នុងការជួបជុំបន្ទាប់ពីការងារចប់ (៤៤,៣%) បន្ទាប់មកការប្រជុំ ឬទាក់ទងនឹងការងារផ្សេងទៀត (១៩,៣%), អំឡុងថតភាពយន្ត (១៦,៨%) និងនៅក្នុងបន្ទប់សន្និសីទព័តឥមាន (១៥,៤%)។
មួយភាគបីនៃស្ត្រី ឬ៣១%នៃពួកគេបាននិយាយថាពួកគេបានរងការរំលោភបំពានបែបនេះច្រើនលើកច្រើនដងបំផុតនៅពេលចាប់អាជីពសម្តែង ។
តារាសម្តែងស្រីគឺជាគោលដៅរងការវាយប្រហារនៅពេលថតរឿង ហើយអ្វីដែលតែងតែកើតមានគឺចាងហ្វាងផលិតកម្មឱ្យតួស្រីបង្ហាញភាពសិចស៊ីឱ្យលេចធ្លោក្នុងន័យទាក់ទាញប្រជាប្រិយភាពដែលការទាមទារនេះមិនមានក្នុងអត្ថបទសាច់រឿងឡើយ ។
៤៦,៣% នៃតារាអស់ទាំងនោះខាំមាត់សង្កត់ចិត្តទ្រាំមិនទម្លាយរឿងរំលោភបំពាននេះឡើយខណៈ ១២,៩% ហ៊ានទម្លាយ ហើយមានតែ០,៧%ប៉ុណ្ណោះបានលើកឡើង ភ្លាមៗនៅទីតាំងសម្តែង ។
ដោយឡែក៥៣,៥% ប្រាប់ត្រឹមតែមិត្តភត្តិប៉ុណ្ណោះមិនហ៊ានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយ០,៣% ហ៊ានប្រាប់ប៉ូលិសឱ្យជួយ ។
តាមរយៈតួលេខនេះបង្ហាញថាតារាស្រីកូរ៉េបច្ចុប្បន្នកំពុងជួបបញ្ហាយាយីផ្លូវភេទពីផលិតករ។ រឿងនេះសហគមន៍អន្តរជាតិប្រឆាំងដាច់ខាតព្រោះវាគឺជាការរំលោភបំពានសិទ្ធិស្ត្រី ។ លោក Shim Jae-myung ចាងហ្វាងផលិតកម្ម Myung Films និងនាយកគ្រប់គ្រងការផលិតលោក Lim Soon-rye ដែលជាអ្នកដឹកនាំយុទ្ធនាការប្រឆាំងនឹងការបំពានផ្លូវភេទតារាស្រីក្នុងវិស័យភាពយន្តកូរ៉េនិយាយថា ពួកលោកនឹងបង្កើនសកម្មភាពដើម្បីទប់ស្កាត់ករណីទាំងនេះ ៕
ចែករំលែកព័តមាននេះ