ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​នឹង​ប្រឹង​អស់​ពី​លទ្ធ​ភាព ដើម្បី​លោក​ឪពុក​បាន​ក្រោក​ឈរ​ឡើងវិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​កញ្ញា ​សំ ថា​រ័​ត្ន កីឡាការិនី​ល្បុក្កតោ ដែល​ជា​កូនស្រី​តន្ត្រីករ​ឆ្នើម​លោក​អ៊ុំ ដ​រ៉ា បាន​ពោល​ពាក្យ​យ៉ាង​កម្សត់​លាយឡំ​ដោយ​ទឹកភ្នែក ពី​ជំងឺ​ឪពុក​ដែល​មិន​បាន​ធូរ​ស្បើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។…

រាជធានី​ភ្នំពេញ ​៖​កញ្ញា ​សំ ថា​រ័​ត្ន កីឡាការិនី​ល្បុក្កតោ ដែល​ជា​កូនស្រី​តន្ត្រីករ​ឆ្នើម​លោក​អ៊ុំ ដ​រ៉ា បាន​ពោល​ពាក្យ​យ៉ាង​កម្សត់​លាយឡំ​ដោយ​ទឹកភ្នែក ពី​ជំងឺ​ឪពុក​ដែល​មិន​បាន​ធូរ​ស្បើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ទោះជា​យ៉ាងណា​ក្តី​កញ្ញា​ថា​រ័​ត្ន នៅ​តែ​បន្ត​ព្យាបាល​ព្រោះ​តែ​​សង្ឃឹមថា​ឪពុក​នឹង​អាច​ងើបឈរ​ឡើង​វិញ​បាន ។

ស្តេច​វី​យូ​ឡុ​ង​លោក​អ៊ុំ ដ​រ៉ា ល្បីឈ្មោះ​ខ្លាំង​អំឡុង​ទស​វត្ស​៦០ ។ ក្នុងអំឡុងពេល​នោះ​លោក​​បាន​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​បទ ហើយ​បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ដូច​ជា បទ​ចម្រៀង​របស់​លោក​ស៊ី​ន ស៊ី​សា​មុត «​រូប​អូន​ហ្នឹងហើយ​» បទ​«​ថ្ងៃ​ណា​មាន​សង្ឃឹម​» បទ​ច្រៀង​ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា «​ឈប់​ស្រលាញ់​អូន​ទៅ​» បទ​«​នេះ ឬ​ផល​បុណ្យ​» បទ​«​ស្រលាញ់​អូន​ដល់​ណា​» «​ចាស់​ជូរឯម​» ជាដើម ។

បច្ចុប្បន្ន​លោក​អ៊ុំ ដ​រ៉ា មាន​វ័យ​៧៩​ឆ្នាំ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផ្នែក​ឆ្អឹងត្រគាក​ខាងឆ្វេង​ដើរ​មិន​រួច​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ទោះបីជា​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​ក្តី កូនស្រី​កវី​ឆ្នើម​រូប​នេះ​មិន​អស់សង្ឃឹម​ទេ នាង និង​ក្រុម​គ្រួ​សារបាន​សម្រេចចិត្ត​សា​ជា​ថ្មី ដោយ​នាំ​គាត់​ទៅ​ឲ្យ​គ្រូខ្មែរ​បុរាណ​ព្យាបាល ព្រោះ​ពេទ្យវិទ្យា​សាស្ត្រ លែង​ទទួល​ព្យាបាល​ទៅ​ហើយ ។

សំ ថា​រ័​ត្ន និយាយ​ថា «​ពេទ្យ​លែង​ព្យាបាល​ដោយសារ​ពុក​ចាស់​ជ្រុល ហើយ​ខ្សោយ​មិន​អាច​ទប់ទល់​បាន​នូវ​ការ​អនុវត្ត​ព្យាបាល​របស់​ពេទ្យ​ទេ ។ ដូច្នេះ​មាន​តែ​វិធី​អាគម​ផ្សំ​អាយុ ដែល​ប្រហែល​នឹង​អាច​ជួយ​ឪពុក​នាង​ខ្ញុំ​បាន ។ ថ្លៃ​ព្យាបាល​ក៏​អស់​មិន​តិច​ដែរ​អាច​ដល់​ទៅ​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។

ទោះបីជា​មិន​មាន​លទ្ធភាព ប៉ុន្តែ​នាង​ខ្ញុំ​ចង់​តស៊ូ​នឹង​ការងារ​ជា​ច្រើន​តាមតែ​អាច​ធ្វើ​បាន​ព្រោះតែ កូន​ៗ​ចង់​ឃើញ​ឪពុក​ឈរ​បាន មាន​តែ​ត្រូវ​ប្រឹងរក​លុយ ។ ទោះបីជា​ស្ថានភាព​ជំងឺ​ឪពុក​មិន​ដូច​ដើម​១០០​ភាគរយ ក៏​យ៉ាង​ហោច​ណាស់ ក៏​អាច​ធ្វើ​ឲ្យ​ឪពុក​នាង​ខ្ញុំ​បាន​ថយ​ការ​ឈឺចាប់ និង​ក្រោកឈរ​បាន​វិញ និង​ចង់​ឲ្យ​ពុក អង្គុយ​ឲ្យ​បាន​យូរ និង​កូត​វីយូឡុង​​ឲ្យ​ពួក​ខ្ញុំ​ស្ដាប់​ទៀត​» ។

បើ​ឪពុក​ឈរ​បាន​វិញ​មែន សំ ថា​រ័​ត្ន ថា​នាង​នឹង​សុំ​គេ​ឲ្យ​គាត់ និង​នាង​ឡើង​ឆាក​តន្ត្រី​ណាមួ​យ​ជាមួយ​គ្នា ដោយ​ឪពុក​នាង​លេង​វី​យូ​ឡុ​ង ឯ​នាង​ជា​អ្នក​ច្រៀង ។ ថា​រ័​ត្ន ពោល​ទាំង​​ទឹកភ្នែក​ថា​«​អរគុណ​ឪពុក ដែល​បាន​សហការ​ជាមួយ​កូន​អំឡុង​ពេល​កូន​នៅ​មើល​ថែ ពេល​ដែល​ពុក​ស្ថិត​ក្នុង​ដង្ហើម​ផិតផើយ ប្រឹង​រស់​បន្ត ជីវិត​ដើម្បី​ជា​ជន​គំរូ​សម្រាប់​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ និង​ឲ្យ កូន​ៗ​បាន​មើល និង​រៀនសូត្រ​តាម​។

ទោះបី​ពុក​មិន​បាន​សម្ដី វោហារ​ស្ដីប្រដៅ​ដូច​ពុក​គេ​ដទៃ តែ​ទ​ង្វើ​ដែល​ពុក​បាន​បង្ហាញ គឺ​មាន​ន័យ​ណាស់​ទៅ​ហើយ ។ស្ថានភាព​គ្រួសារ​យើង​ពី​មុន​វេទនា ឥឡូវនេះ​ពួក​យើង​បាន​អង្គុយ គ្រាន់​សង្ឃឹមថា​ថ្ងៃ​ខាង​មុខ​ពួក​យើង​នឹង​បាន​ឈរ​យ៉ាង​ស្រស់ស្រាយ​ក្ដី​សុខ​បំផុត។

ស្ដាយ​ពុក​ប្រញាប់​ធ្លាក់ខ្លួន​ឈឺ ពុក​អត់​ទាន់​បាន​ដេញ​ធាក់ កូន​ៗ​ឲ្យ​រៀន​ភ្លេង រៀន​និពន្ធ​អី​ផង ។ ក៏​មិន​ដែល​លឺ​ពុក​អួត​ប្រាប់​កូន​មួយ​ម៉ាត់​ថា «​ឪ​ពី​មុន​ល្បី​ដែរ​ណា ! អួត​មួយ​ម៉ាត់​ពីរ​អី អត់​អា​លីង ។

លោក​ឪលោក​ម៉ែ កូនសុំ​ទោស ដែល​មិន​បាន​ដើរ​តាម​ផ្លូវ​ឪ ឪ​បាន​ចំណូល​មិន​ឈឺ​សាច់​ដូច​កូន​មែន តែ​ឪ​ចុក​រួយ​ចង្កេះ ឈឺក្បាល ស្ត្រេ​ស ព្រោះ​ឪ​ប្រើ​ខួរក្បាល​គិត​ច្រើន ។ រឿង​ធ្វើការ​បម្រើ​ជាតិ គឺ​កូន​គិត​ថា​កូន​ដើរ​ផ្លូវ​ជាមួយ​ឪ អ៊ីចឹង សូម​ឪ និង​ម៉ែ កុំ​ខកចិត្ត​អី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ