ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ខួប​១០​ឆ្នាំ​ប្រាសាទព្រះវិហារ និង​ខួប​១​ឆ្នាំ​ប្រាសាទសំបូរព្រៃគុក(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន​នាំ​គ្នា​ធ្វើ​ពិធី​វាយ​ស្គរ វាយ​ជួង គ្រវីទង់ជាតិ និង​ច្រៀង​បទ​ពង្សាវតា​ខ្មែរ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ប្រាសាទព្រះវិហារ និង​ខួប​១​ឆ្នាំ​នៃ​ប្រាសាទសំបូរព្រៃគុក​ត្រូវ​បាន​គណៈ​កម្ម​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន​នាំ​គ្នា​ធ្វើ​ពិធី​វាយ​ស្គរ វាយ​ជួង គ្រវីទង់ជាតិ និង​ច្រៀង​បទ​ពង្សាវតា​ខ្មែរ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ប្រាសាទព្រះវិហារ និង​ខួប​១​ឆ្នាំ​នៃ​ប្រាសាទសំបូរព្រៃគុក​ត្រូវ​បាន​គណៈ​កម្ម​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ ដើម្បី​វប្បធម៌​វិ​ទ្សា​សាស្ត្រ និង​អប់រំ​របស់​អង្គការសហប្រជាជាតិ​យូ​នី​ស្កូ បាន​សម្រេច​ចុះ​តំបន់​ប្រសាទ​សំបូរ​ព្រៃ​គុក ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ របស់​ខ្លួន​នៅ​ប្រទេស​ប៉ូ​ឡូញ តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​ក​ម្ព​ជា សម្រាប់​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​១៥ ខែកក្កដា ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៀត​ផង ។

ក្រៅពី​ព្រឹត្តិការណ៍​ប្រារព្ធ​ពិធី​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នោះ​សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត ដែល​ដឹកនាំ​ដោយ​លោក ម៉ប់ សា​រិ ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​ធ្វើ​ពិធី​វាយ​ស្គរ វាយ​ជួង គ្រវីទង់ជាតិ និង​ច្រៀង​បទ​ពង្សាវតា​ខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​១០​ឆ្នាំ​នៃ​ប្រាសាទព្រះវិហារ និង​ខួប​១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ផង​ដែរ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួម​អបអរសាទរ​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រី​រាជ ការ​កងកម្លាំង និង​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅ​រាជធានី​ភ្នំពេញ សូម​អបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ តាម​រយៈ​ស្នូរ​ទូងស្គរ​ជា​សញ្ញា ។ លោកបាន​បញ្ជាក់​ថា ការ​សម្រេច​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​តែងតែ​យកចិត្តទុកដាក់​លើក​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ ក៏​ដូច​ជា ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​ប្រកបដោយ​ចីរភាព​តែ​ម្តង ។ ការ​ដាក់​បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​នឹង​រឹតតែ​ជំរុញ​ការ​យកចិត្តទុកដាក់​អំពី​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ទាំងនោះ និង​បន្ត​ថែរក្សា​តំបន់​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។

ក្នុង​សន្និសីទ​ការ​សែត​កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​យក​ថ្ងៃ​ទី​១៥ ខែកក្កដា ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ធ្វើ​ពិធី​រំលឹក និង​អបអរ​នៃ​ការ​ដាក់​ប​ញ្ជូ​ល​ប្រាសាទ​ទាំង​ពីរ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​បង្ហាញ​អំពី​ភាព​ថ្កុំថ្កើង​រុងរឿង និង​ភាព​សុខដុមរមនា​របស់​អាណាចក្រ​ខ្មែរ​នា​សម័យ​មហានគរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ក្រើនរំលឹក និង​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ផង​ដែរ ។ ទាក់ទិន្ន​ទៅ​នឹង​ព្រឹត្តិការណ៍​ខាងលើ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​នេះ​ឱ្យ​បាន​អ​ធិ​អធម​ដែល​បាន​បង្ហាញ​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​ពីរ​នេះ​ព្រមទាំង​បាន​ណែនាំ​ឱ្យ​នៅ​តាម​ក្រសួង ស្ថាប័ន រោងចក្រ​សហគ្រាស និង​គ្រប់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ត្រូវ​លើក​ទង់ជាតិ ទង់ជ្វាលា​បដា ពាក្យស្លោក បិទ​គំនូរ​ផ្សាយ​តាម​ដងផ្លូវ​សាធារណៈ ទីលាន​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​១៤-១៥ ខែកក្កដា​នេះ​ផង​ដែរ ។
យោង​តាម​របាយការណ៍​ពី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បានឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ប្រាសាទព្រះវិហារ​ទទួល​បាន​ទេសចរណ៍​សរុប​ជាង​១៥​ម៉ឺន​នាក់ ក្នុង​នោះ​ទេសចរណ៍​អន្តរជាតិ​ជាង​២​ម៉ឺន​នាក់ ។

ចំណែក​អាជ្ញាធរ​ជាតិ សម្បូរ​ព្រៃ​គុក បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ប្រាសាទសម្បូរព្រៃគុក​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​កំណើន​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ទ្វេ​ដង ក្នុង​នោះ​ទេសចរ​អន្តរជាតិ កើនឡើង​ដល់​៧៥​ភាគរយ បើ​គិត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ។

គួរ​រំលឹក​ថា ប្រាសាទព្រះវិហារ ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ។ ចំណែក​ប្រាសាទសំបូរព្រៃគុក គឺជា​បេ​តិក​ភ័​ណ្ឌ​ខ្មែរ​ទី​៣ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ និង​តំបន់​ប្រសាទ​អង្គរ ត្រូវ​បាន​បញ្ចូល​ក្នុង​បេ​តិក​ភ័​ណ្ឌ​ពី​ភព លោក​កាលពី​ឆ្នាំ​១៩៩២ បន្ទាប់​ពី​វិនិច្ឆ័យ​ទៅ​លើ​លក្ខណៈសម្បត្តិ​ដូ​ជា ភាពល្អ​ឯកនៃ​តួ​ប្រាសាទ អាយុកាល​នៃ​ប្រាសាទ រចនាបថ​តួ​ប្រាសាទ និង​គុណ​តម្លៃ​នៃ​ភាព​លេចធ្លោ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ