​ការ​ពិត​​! សង់​អគារ​ខ្ពស់ៗ​ផ្ដល់​ប្រយោជន៍​ចឹងសោះ​​ដល់​សេដ្ឋកិច្ច និង​ប្រទេស​ជាតិ


រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​មកនេះ ប្រទេស​កម្ពុជា​បាន​ខិតខំ​ទាក់​ទាញ​បណ្ដា​វិនិយោគិន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក ដើម្បី​វិនិយោគ​លើ​សំណង់​អគារ​ទាប​ខ្ពស់​ទាំងអស់ ។ ជាក់ស្តែង ក្នុង​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឲ្យ​មានការ​សាងសង់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្រប​នឹង​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​​រង្វង់​៧%​ក្នុង​១​ឆ្នាំ​។ តើ​ការ​សាងសង់​អគារ​ខ្ពស់​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​សេដ្ឋ​កិច្ច និង​ប្រទេស​ជាតិ​ទាំងមូល ?

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​វេទិកា​អគារ​ខ្ពស់ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ថា ការ​អភិវឌ្ឍ​អគារ​ខ្ពស់ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។ វា​ផ្តល់​ប្រយោជន៍​​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​មាន​ដូច​ជា ៖ ១-​ទទួល​បាន​ផលប្រយោជន៍​ក្នុង​ការ​ប្រើប្រាស់​ដី​ខ្ពស់ ២-​ទទួល​បាន​គុណប្រយោជន៍​ជា​ច្រើន​សម្រាប់​សេដ្ឋកិច្ច ៣-​អាច​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​ជា​ច្រើន​ដូច​ជា ដោះស្រាយ​វិបត្តិ​លំនៅ​ឋាន ដោយសារ​តែ​ការ​ខ្វះខាត​ដី និង​ទីតាំងសម្រាប់​ស្នាក់​នៅ​ក្នុង​ទីក្រុង ព្រមទាំង​អាច​ផ្ដល់​ប្រយោជន៍​ដល់​បណ្ដា​ការិយាល័យ​ក្រុមហ៊ុន​នានា​ប្រមូលផ្ដុំ​នៅ​តែ​មួយ​កន្លែង​ផង​ដែរ ។

លោក​បន្ត​ថា ការ​សាងសង់​អគារ​ខ្ពស់ ក៏​អាច​ជួយ​ការពារ​បរិស្ថាន​ប្រទេស​ជាតិ​បាន​មួយ​កម្រិត​ផង​ដែរ ។ ជាក់ស្ដែង ការ​សាងសង់​អគារ​ខ្ពស់​មិន​ត្រូវ​បាន​ចំណាយ​ដី​ធំ​ៗ​សម្រាប់​សាងសង់​នោះ​ទេ ពោល​គឺ​ប្រើប្រាស់​អស់​ដី​តិច​សម្រាប់​សាងសង់ ហើយ​ដីធ្លី​ដែល​នៅ​សេសសល់​អាច​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត ។ បើសិនជា​យើង​មិន​សាងសង់​អគារ​ខ្ពស់​ៗ ហើយ​យើង​សាងសង់​តែ​អគារ​ទាប គឺ​យើង​ត្រូវការ​សាងសង់​ច្រើន​កន្លែង ដែល​ត្រូវ​ចំណាយ​​ដី​កាន់តែ​ច្រើន និង​ធ្វើ​ឲ្យ​ដី​កាន់តែ​ចង្អៀត​។ ចំណែក​ផលប្រយោជន៍​ដ៏​សំខាន់​មួយទៀត​ដែល​ទទួល​បាន​នោះ គឺ​រាជរដ្ឋាភិបាល​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​រចនាសម្ព័ន្ធ​នានា ។

លោក​បន្ថែម​ថា ៖« នៅ​រាជធានី​ភ្នំពេញ ការ​សាងសង់​អគារ​ខ្ពស់ ក៏​មាន​តំបន់​អនុញ្ញាត​ឲ្យ​សាងសង់ និង​តំបន់ហាមឃាត់​ការ​សាងសង់​អគារ​ខ្ពស់​ៗ​ដែរ ។ ជាក់ស្ដែង នៅ​តំបន់​នៅ​ជុំវិញ​វត្ត​ភ្នំ​, ជុំវិញ​ព្រះ​បរមរាជវាំង និង​ជុំវិញ​វិមាន​ឯករាជ្យ ជាដើម » ។

លោក ឡៅ ទិព្វ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​អគារ​ខ្ពស់​ៗ គិត​ចាប់ពី​៥​ជាន់ឡើង​ទៅ​ចំនួន​១.០៤៩​អគារ ហើយ​សម្រាប់​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៨​នេះ មានការ​ស្នើ​សុំ​សាងសង់​អគារ​ខ្ពស់​ៗ​ចំនួន​៥៣​អគារ​ផង​ដែរ ។ លោក​ថា ៖« សម្រាប់​តំបន់​ដែល​កំពុង​មាន​សក្ដានុពល ឬ​ហៅ​ថា​ពោល​សំខាន់​ក្នុង​ការ​សង់​អគារ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ » ។

លោក​បន្ត​ថា ៖« ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្លាំង​មួយ​ក្នុង​ការ​សាង​សង់​អគារ​ខ្ពស់ ហើយ​បច្ចុប្បន្ន​នេះ វិនិយោគិន​ជា​ច្រើន​បាន​ងាក​ទៅ​រក​ការ​សាងសង់​អគារ​ខ្ពស់​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត »។

លោក​បញ្ជាក់​ថា ក្រៅពី​អគារ​ខ្ពស់​ៗ កម្ពុជា​ក៏​មាន​សំណង់​បុរី​លំនៅ​ឋាន​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​វិស័យ​សំណង់ ។ ជាក់ស្ដែង សព្វ​ថ្ងៃនេះ បុរី​លំនៅ​ឋាន​មាន​ចំនួន​២១៣​ទីតាំង ហើយ​​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ក៏​មានការ​ស្នើ​សុំ​សាងសង់​បុរី​ចំនួន​២៦​ទីតាំង​ដែរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ