គួ​ច សុ​កុុ​ម្ភៈ ព្យាករ​ក្រុម​២​នេះ​បើ​មិន​បាន​លើក​ពាន​ក៏​ឈ្នះ​ពាន​១​នៅ World Cup


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកួត​កាន់តែ​ឈាន​ដល់​វគ្គ​សំខាន់​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup អ្នកគាំទ្រ​ព្រឹត្តិការណ៍​មួយ​នេះ ខ្លះ​ក៏​មាន​អារម្មណ៍​ខកចិត្ត​ព្រោះតែ​ក្រុម​ដែល​ខ្លួន​គាំទ្រ​ត្រូវ​ធ្លាក់​ហាលអាវ និង​ខ្លះ​ទៀត​ក៏​មាន​មោទនភាព​ព្រោះតែ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់ បាន​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ត ។​

​យ៉ាងណាមិញ នៅ​ក្នុង​កាលៈទេសៈ​ដែល​ការ​ប្រកួត​ទាំងមូល​ឈាន​ដល់​វគ្គ​កាន់តែ​តានតឹង​ខ្លាំង ខ្សែបម្រើ​លេង​នៅ​ក្លិប​ណា​ហ្គា​វើ​ល​បច្ចុប្បន្នកីឡាករ គួ​ច សុ​កុុ​ម្ភៈ ក៏​បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ផង​ដែរ​ថា ក្រុម​មាន់គក​បារាំង និង​តោ​កំណាច​អង់គ្លេស នឹង​ក្លាយជា​ក្រុម​ក្ដោប​ក្ដាប់​តំណែង​លេចធ្លោ​នៅ​វគ្គ​ចុង​ក្រោយ បើ​ទោះជា​ក្រុម​ដែល​លោក​មាន​ជំនឿ​ថា​បាន​កាន់​ពាន គឺ​អេ​ស្ប៉ា​ញ បាន​ធ្លាក់​ទៅ​ហើយ​ក្ដី​។​

​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​បាន​អះអាង​ថា មក​ទល់​ពេល​នេះ ការ​ប្រកួត​ស្ថិត​ក្នុង​លទ្ធផល​ពិបាក​ប៉ាន់ស្មាន​នៅឡើយ​ទេ ដរាបណា​៤​ក្រុម​ចុង​ក្រោយ​នៅ​មិន​ទាន់​ជ្រើស​បាន​ដោយសារ​តែ​ក្រុម​ដែល​បាន​ឈាន​ឡើង​ក្នុង​វគ្គ​៨​ក្រុម ក៏​សុទ្ធតែ​ខ្លាំង​ដូច​គ្នា​មិន​អាច​មើល​ស្រាល បាន ។ លោក​ថា ក្រុម​ដែល​លោក​ស្រឡាញ់ និង​ជឿជាក់​គឺ​អេ​ស្ប៉ា​ញ​បាន​ធ្លាក់​បាត់​ហើយ ទើប​លោក​យល់​ថា ការ​ទស្សន៍​ទាយ​ពី​រឿង​ក្រុម​ប្រទេស​ណាមួយ​បរាជ័យ និង​ឡើង​កាន់​ពាន​គឺជា​រឿង​មួយ​លែង​មាន​ទំនុកចិត្ត ។ យ៉ាងណា​ក៏​ដោយ លោក​មើលឃើញ​ថា ក្រុម​ប្រទេស​ចំនួន​២​នឹង​ក្លាយជា​ក្រុម​លេចធ្លោ​នៅ​វគ្គ​ចុង​ក្រោយ​នោះ​គឺ ក្រុម​បារាំង និង​អង់គ្លេស ។​

​លោ​កថា​សម្រាប់​ការ​កាន់​ពាន​លោក​មិន​ទាន់​ហ៊ាន​ថា​ក្រុម​ណា​ទទួល​ជោគជ័យ​ទេ ដោយសារ​តែ​ក្រុម​ដែល​បាន​ឈាន​ឡើង​សុទ្ធតែ​មាន​សមត្ថភាព ហើយ​បើ​និយាយ​ពី​កីឡាករ​ក៏​មាន​ថ្វី​ជើងល្អ​ៗ​ដែល​មិន​ងាយ​ថា​ក្រុម​ណា​លោត​ជាង​ក្រុម​ណា ។ លោក​ហ៊ាន​ទស្សន៍​ទាយ​ត្រឹមតែ​ក្រុម​ដែល​បាន​កាន់​ពាន​ស្បែកជើង​មាស និង​ពាន​ស្រោមដៃ​មាស​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​តាមដាន​កីឡាករ​គ្រប់​ក្រុម ហើយ​ឃើញ​ថា ក្រុម​ទាំង​ពីរ​មាន​ចំណុចខ្លាំង​រៀងខ្លួន​ដែល​លោក​យល់​ថា ទោះ​ក្រុម​ទាំង​២​មិន​អាច​កាន់​ពាន ក៏​ទំនងជា​បាន​ពាន​ទាំង​២​នោះ​ដែរ​។​

​ម្ចាស់​ស្បែកជើង​មាស​៣​សម័យកាល​លោក​ គួ​ច សុ​កុម្ភៈ បន្ត​ថា ក្រុម​បារាំង ទំ​នង​នឹង​ក្លាយជា​ក្រុម​ដែល​ក្ដោប​ក្ដាប់​ពាន​ស្រោមដៃ​មាស​នៅ​វគ្គ​ចុង​ក្រោយ ដោយសារ​តែ​អ្នកចាំទី​របស់​ក្រុម​នេះ មាន​សមត្ថភាព​ចាប់​បាល់​គួរ​ឱ្យ​សរសើរ ។ លោក​យល់​ថា បើ​ក្រុម​បារាំង​នៅ​តែ​រក្សា​សមត្ថភាព​ចាប់​បាល់​បាន​ខ្លាំង​ដូច​ប៉ុន្មាន​ប្រកួត​កន្លង​មក គឺ​ក្រុម​នេះ​នឹង​មិន​មាន​ក្រុម​ណា​ស៊ុត​ចូល​ងាយ​ៗ ហើយ​ស្របគ្នា​ដែល​ប្រព័ន្ធ​លេង​របស់​បារាំង​រឹង​មាំ​ផង គឺ​បារាំង​ពិតជា​លើក​ពាន​នៅ​វគ្គ​ចុង​ក្រោយ ។ លោក​ថា បើ​ទោះជា​មិន​បាន​កាន់​ពាន​ជើងឯក ក៏​តំណែង​ស្រោមដៃ​មាស អាច​នឹង​ធ្លាក់​លើ​បារាំង​ក្នុង​ភាគរយ​ច្រើន​ដែរ ។​

​សម្រាប់​ម្ចាស់​ពាន​ស្បែកជើង​មាស​កីឡាករ គួ​ច សុ​កុម្ភៈ បាន​ប៉ាន់​ស្មានថា នឹង​បាន​ទៅ​លើ​
​ក្រុម​អង់គ្លេស​ក្នុង​ភាគរយ​ច្រើន​បន្ទាប់​ពី​មាន​កីឡាករ​ម្នាក់​ក្នុង​ក្រុម​តោ​កំណាច​មួយ​នេះ​រកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ ។ បើ​ទោះជា​មិន​បាន​លើក​ពាន ឱ្យ​តែ​អង់គ្លេស​ឡើង​ដល់​វគ្គ​១​ភាគ​៤ ហើយ​ក្រុម​ផ្សេង​មិន​អាច​ស៊ុត​ចូល​ក្រុម​ផ្សេង​បាន​ច្រើន​គ្រាប់ គឺ​ក្រុម​អង់គ្លេស​ពិតជា​លើក​ពាន​មួយ​នេះ​មិន​ខាន ។​

​លោក​ថា រវាង​ក្រុម​បារាំង និង​អង់គ្លេស អាច​នឹង​មាន​ក្រុម​មួយ​ក្លាយជា​ម្ចាស់​ពាន​ជើងឯក តែបើ​មិន​អាច​កាន់​ពាន​ធំតា​មការ​គ្រោងទុក ក៏​ក្រុម​ទាំង​២​នឹង​អាច​កាន់​ពាន​ស្រោមដៃ​មាស និង​ពាន​ស្បែកជើង​មាស នៅ​វគ្គ​ចុង​ក្រោយ បើ​ទោះជា​ត្រូវ​ធ្លាក់​ចេញ​នៅ​វគ្គ​១​ភាគ​៤​នេះ​ក្ដី ។ លោក​ថា អ្នកចាំទី​បារាំង​បាន​ជួយ​សង្គ្រោះ​បាល់​ច្រើន​គ្រាប់​ណាស់ ដូច្នេះ​ក្រុម​មាន់គក​នេះ​ពិតជា​មាន​ស្នាដៃ​មួយ​នៅ​វគ្គ​ចុង​ក្រោយ​ដែល​លោក​យល់​ថា យ៉ាង​ហោច​ណាស់ ក៏​ដណ្ដើម​បាន​ពាន​ស្រោមដៃ​មាស​នោះ​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ