ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់ថ្ងៃនេះមានរយៈពេលជិត២ខែហើយ នៃការបាញ់សម្លាប់បុរសម្នាក់ជាថៅកែទឹកសុទ្ធនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ហើយសមត្ថកិច្ចនៅមិនទាន់វែកមុខចាប់ឃាតករជាជនដៃដល់បាននៅឡើយទេ ។ បញ្ហានេះធ្វើឲ្យប្រពន្ធ កូន និងក្រុមគ្រួសារមានការបារម្ភពីសុវត្ថិភាពក្រៃលែង ព្រោះខ្លាចឃាតករនោះវិលត្រឡប់មក លបបាញ់ប្រហារជាថ្មីទៀត។
បើតាមបុរសឈ្មោះ ម៉ុយ ប៊ុនធៀន អាយុ៣០ឆ្នាំ និងប្អូនស្រី កាលពីរសៀលថ្ងៃទី៤ កក្កដានេះ បានរៀបរាប់ថា ក្រោយពីការបាញ់ប្រហារសម្លាប់ឪពុករបស់ខ្លួនរួចមក គ្រួសារគាត់រស់ដោយការភ័យខ្លាចជាខ្លាំង រហូតមិនហ៊ានដេកផ្ទះទេ គឺមកមើលផ្ទះតែពេលថ្ងៃប៉ុណ្ណោះ ពេលយប់គឺទៅដេកកន្លែងផ្សេង មិនហ៊ានចូលមកសម្រាកនៅក្នុងផ្ទះនោះឡើយ ទាំងម្ដាយ និងបងប្អូន២-៣នាក់ទៀត ។
ជាមួយគ្នានេះដែរ មុខរបរអាជីវកម្មផលិតទឹកសុទ្ធ ក៏ត្រូវផ្អាកដំណើរការ គឺដោយសារតែមិនហ៊ានដឹកយកទឹកសុទ្ធទៅលក់នៅកន្លែងផ្សេង។ សព្វថ្ងៃនេះរស់ដោយការភ័យខ្លាចតក់ស្លុត ចំពោះព្រិត្តិការកើតឡើងកាលពីយប់នោះ គឺហាក់នៅតាមលងពួកគាត់ជារៀងរហូត បើគិតមកដល់ពេលនេះរយៈពេលជិត២ខែហើយ ។
បុរសខាងលើបន្តទៀតថា ដរាបណា នៅចាប់ឃាតករជាជនដៃដល់មិនទាន់បាននោះ គ្រួសារគាត់រស់នៅដោយភ័យខ្លាចមិនស្ងប់ឡើយ ។ ហេតុនេះហើយពួកគាត់សូមអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចនគរបាលស្រុក នគរបាលខេត្ត ក៏ដូចជាលោកអភិបាលខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន សូមមេត្តាជួយជំរុញនិងពន្លឿនក្នុងការស្វែងរកចាប់ខ្លួនឃាតករ ដែលបាញ់សម្លាប់ឪពុកគាត់យកមកផ្តន្ទាទោសតាមច្បាប់ផង ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី១៦ ឧសភា ២០១៨ នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស មានករណីជនពុំស្គាល់មុខបានបិទមុខជិត ស្លៀកពាក់ខោអាវប៉ារ៉ា ប្រើកាំភ្លើង អាការ 47 ចូលបាញ់ប្រហារទៅលើបុរស ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធ៣គ្រាប់ បណ្តាលឱ្យស្លាប់ចូលក្រោមរថយន្តដឹកទឹកសុទ្ធរបស់ខ្លួននៅចំពីមុខផ្ទះតែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចចុះស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿង និង គ្រាប់កាំភ្លើងអាការ៤គ្រាប់នៅក្នុងការ៉ុងដែលមិនឆ្ងាយពីម៉ូតូផ្លុងចោល កណ្តាលវាលស្រែពីកន្លែងកើតហេតុជាង១គីឡូម៉ែត្រ ដែលសមត្ថកិច្ចកំណត់ថា ជាម៉ូតូរបស់ជនដៃដល់ ។
យ៉ាងនេះក្តីបើតាមការបង្ហើបពីសមត្ថកិច្ចមូលដ្ឋានបានឱ្យថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងសុំលាក់សិន ព្រោះកំពុងតែមមាញឹកបំបែកសំណុំរឿងមួយនេះ៕
ចែករំលែកព័តមាននេះ