រាជធានីភ្នំពេញ ៖ ក្នុងពេលដែលការសម្តែងកំប្លែងស្ទើរតែបាត់ទាំងស្រុងពីឆាកប្រគំតន្ត្រីនានានោះ ផលិតករទូរទស្សន៍ពីរនាក់បានបង្ហាញឆន្ទៈថ្មីមួយដើម្បីបង្កើតកម្មវិធីថ្មីៗ ផ្តល់ឱកាសឲ្យតារាកំប្លែងនានាអាចមានដង្ហើមរស់បានតទៅមុខទៀត ។
ផលិតករទាំងពីរនាក់គឺលោកសុវណ្ណ រិទ្ធី ហៅតាវិចទ័រ និងលោកគង់ វិសាល បានបង្ហាញជំហរថ្មីមួយ ដោយនៅក្នុងនោះអ្នកទាំងពីរបានត្រៀមរួចជាស្រេចហើយ ដើម្បីហៅតារាកំប្លែងចូលរួមសម្តែងក្នុងកម្មវិធីរបស់ទូរទស្សន៍ជាថ្មីឡើងវិញ ។
ផលិតករប្រចាំស្ថានីយទូរទស្សន៍ CTN លោកសុវណ្ណ រិទ្ធី ហៅតាវិចទ័រ បានឲ្យដឹងថា សម្រាប់ស្ថានីយទូរទស្សន៍របស់លោក គឺកំពុងតែរៀបចំកម្មវិធីមួយសម្រាប់តារាកំប្លែងគឺនាយកុយ បន្ទាប់ពីក្រុមរបស់លោកលែងបានបង្ហាញខ្លួនក្នុងកម្មវិធីមន្តស្នេហ៍សំនៀងដែលត្រូវបានបិទបញ្ចប់។
លោកបញ្ជាក់ថា «យើងមិនអាចអវត្តមានរបស់ពួកគាត់បានឡើយ ពីព្រោះយើងកំពុងតែធ្វើការងារលើវិស័យសិល្បៈ ហេតុនេះតួអង្គ សំខាន់ៗក្នុងវិស័យនេះយើងមិនអាចខ្វះបានឡើយ»។
បើតាមលោកតាវិចទ័រ អាជីពសម្រាប់តារាកំប្លែងនោះគឺលោកជឿថា «នឹងមិនមានការបាត់បង់ឡើយ ដោយសារតែកំប្លែងជាទេពកោសល្យពិសេសមួយ ខុសពីវិស័យចម្រៀង។ បទចម្រៀងតែបទអីគឺបទហ្នឹងហើយ តែបើកំប្លែងវិញគឺប្លែក និងធ្វើឲ្យយើងផ្ទុះសំណើចរហូត អ៊ីចឹងហើយកំប្លែងមិនអាចបាត់អាជីពរបស់ខ្លួនឡើយ ផ្ទុយទៅវិញវាអាចកាន់តែមានភាពរីកចម្រើន »។
ទោះជាយ៉ាងណាក្តីលោកសុវណ្ណ រិទ្ធី មិនបានបញ្ជាក់ឲ្យបានដឹងទេថា កម្មវិធីថ្មីដែលរៀបចំសម្រាប់តារាកំប្លែងជើងចាស់នាយកុយ នោះជាកម្មវិធីអ្វីឡើយ ក្នុងពេលដែលលោកកំពុងតែដំណើរថតកម្មវិធីកំប្លែងខ្លីសម្រាប់ក្រុមនាយពែកមី ដែលមានចាក់ផ្សាយជាបន្តបន្ទាប់។
ដោយឡែកផលិតករប្រចាំស្ថានីយទូរទស្សន៍បាយ័នលោកគង់ វិសាល បានអះអាងថា បច្ចុប្បន្នលោកកំពុងតែធ្វើកម្មវិធីកំប្លែងមួយទៀត បន្ទាប់ពីកម្មវិធីផ្ទះសំណើចដែលលោកកំពុងតែដឹកនាំទទួលបានការគាំទ្រពីទស្សនិកជន។ កម្មកំប្លែងថ្មីនេះលោកកំពុងតែរកអ្នកកំប្លែងថែមទៀត ដើម្បីលេងចូលគ្នាជាមួយនឹងតារាសម្តែង ដូចទៅនឹងកម្មវិធីផ្ទះសំណើចដែលកំពុងតែដំណើរការសព្វថ្ងៃនេះ ។
តារាកំប្លែងលោកជួង ជី ហៅកុយ ធ្លាប់បានអះអាងថា ស្ថានីយទូរទស្សន៍មិនគួរបំបាត់កម្មវិធីកំប្លែងចោលឡើយ ក្នុងពេលដែលកម្មវិធីនេះនៅតែពេញនិយមនៅឡើយសម្រាប់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ។ លោកបញ្ជាក់ថា បើទោះបីជាកំប្លែងត្រូវសម្តែងជាក្រុម ប៉ុន្តែបើគិតពីតម្លៃសម្រាប់ការបែងចែកនោះគឺមិនច្រើន ដូចជាតារាចម្រៀងកិត្តិយសម្នាក់ឡើយ ។ បើយើងបោះបង់ការសម្តែងកំប្លែងនោះវានឹងមានបញ្ហាប្រឈមសម្រាប់អ្នកអាជីពកំប្លែង ដោយពួកគាត់នឹងបាត់មុខ និងលែងមានឱកាសបញ្ចេញនូវទេពកោសល្យដែលគាត់មានសម្រាប់បម្រើអារម្មណ៍ទស្សនិកជនបន្តទៀត ។
ក្នុងនាមជាអ្នកកំប្លែងជើងចាស់មួយរូបនាយកុយ បានសំណូមពរដល់បណ្តាស្ថានីយទូរទស្សន៍ទាំងអស់គួរមានរៀបចំកម្មវិធីកំប្លែងក្នុងកម្មវិធីណាមួយដោយចំណាយពេលត្រឹម២០ឬ៣០នាទីប៉ុណ្ណោះ ហើយចំណាយប្រាក់តែ៣០០ដុល្លារសម្រាប់ពួកគាត់ចែកគ្នា វាមិនជាច្រើនពេកទេ ។
ជាការកត់សម្គាល់បច្ចុប្បន្នវត្តមានសម្តែងកំប្លែងក្នុងការប្រគំតន្ត្រីគេឃើញមាននៅសល់តែបន្តិចបន្តួចប៉ុណ្ណោះតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍នានា ក្នុងនោះគេឃើញមាននៅលើកញ្ចក់ទូរទស្សន៍បាយ័នក្នុងកម្មវិធី តន្ត្រីស្រុកស្រែដែលសម្តែងឆ្លាស់គ្នារវាងក្រុមកំប្លែងនាយក្រឹម និងនាយកុយ និងសំណើចចុងសប្តាហ៍ ។ ចំណែកស្ថានីយទូរទស្សន៍CTN គេសង្កេតឃើញនៅក្នុងកម្មវិធីមន្តរាត្រីកម្សាន្ត និងឈុតកំប្លែងខ្លីៗពីក្រុមកំប្លែងនាយពែកមី ខណៈពេលនៅស្ថានីយទូរទស្សន៍ជាតិគេមានឃើញមានឈុតកំប្លែងខ្លីសម្តែងដោយក្រុមនាយខ្ជឹប ក្នុងកម្មវិធីខ្ញុំនិងអ្នក ។
ដោយឡែកសម្រាប់ស្ថានីយទូរទស្សន៍ផ្សេងទៀតនោះគឺមានកម្មវិធីកំប្លែងដែរ តែកម្មវិធីខ្លះគឺបានបញ្ចូលតារាកំប្លែង លាយជាមួយតារាសម្តែង ហើយកំប្លែងកំប្លែងខ្លីខ្លះគឺមានការសម្តែងដោយអ្នកកំប្លែងចាប់ដៃគូតែពីរនាក់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ